សេដ្ឋកិច្ចពិភពលោក

ធនាគារពិភពលោក ព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះដល់កម្រិតទាបបំផុត បើការផ្គត់ផ្គង់ប្រេងរងការរំខានអាក្រក់ជាជាងបច្ចុប្បន្ន


សង្គ្រាមមិនត្រឹមតែបំផ្លាញអាយុជីវិតមនុស្សនៅលើសមរភូមិនោះទេ ប៉ុន្តែវាកំពុងតែរាលដាលមកដុតកម្ទេចឆ្នាំងបាយរបស់មនុស្សរាប់ពាន់លាននាក់នៅទូទាំងភពផែនដី។ នៅក្នុងរបាយការណ៍ ស្ដីពី ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយបង្អស់ ដែលទើបតែចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ធនាគារពិភពលោក បានសម្រេចទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៦ ពី២,៩% មកនៅត្រឹម២,៥% ភ្លាមៗ។
សេដ្ឋកិច្ចពិភពលោក
ដោយ

ស្ថាប័នហិរញ្ញវត្ថុយក្សមួយនេះបានលើកឡើងពីការហក់ឡើងខ្ពស់នៃតម្លៃថាមពល វិបត្តិអតិផរណា និងការកើនឡើង នៃអត្រាការប្រាក់ ដែលបង្កឡើងដោយផ្ទាល់ពីសង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។

ធនាគារពិភពលោក បានបង្ហាញពីស្រមោលអន្ធកាល នៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ខណៈដែលបទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ត្រូវបានហែកចោលដោយភាគីទាំងសងខាង។ ក្រុមអ្នកវិភាគបានព្រមានថា ទស្សនវិស័យសេដ្ឋកិច្ចសកលអាចនឹងធ្លាក់ចុះកាន់តែដុនដាបខ្លាំងជាងនេះទៅទៀត ប្រសិនបើខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលត្រូវបានរំខានកាន់តែធ្ងន់ធ្ងរ។ ជាក់ស្តែងការដែលអ៊ីរ៉ង់ ប្រើយោធា ដើម្បីបិទច្រកសមុទ្រហ័រម៉ូស ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នលើពិភពលោក ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល បាននិងកំពុងបង្កើតសម្ពាធយ៉ាងធ្ងន់ធ្ងរលើទីផ្សារថាមពលសកល។

ធនាគារពិភពលោកបានប៉ាន់ប្រមាណថា នៅឆ្នាំនេះតម្លៃប្រេងឆៅប្រភេទ Brent នឹងហក់ឡើងជាមធ្យមរហូតដល់៩៤ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើងដល់ទៅ៣៦% បើធៀបនឹងឆ្នាំមុន។ មិនត្រឹមតែតម្លៃប្រេងនោះទេ សូម្បីតែតម្លៃជីកសិកម្មក៏ត្រូវបានព្យាករណ៍ថា នឹងហក់ឡើងខ្ពស់ផងដែរ ដែលវានឹងជះឥទ្ធិពលអាក្រក់ជាខ្សែច្រវាក់ទៅលើតម្លៃស្បៀងអាហារ និងការហូបចុករបស់ប្រជាពលរដ្ឋ។ ជារួមការបិទផ្លូវទឹកយុទ្ធសាស្ត្រនេះ នឹងរុញច្រានអតិផរណាសកលលោកឱ្យហក់ឡើងដល់៤ភាគរយភ្លាមៗពីកម្រិត៣,៣ភាគរយកាលពីឆ្នាំមុន។

អ្វីដែលគួរឱ្យបារម្ភបំផុតនោះ ធនាគារពិភពលោកបានផ្ដល់សញ្ញាព្រមានជាមុនថា បើសិនជាការផ្គត់ផ្គង់ថាមពលនៅតែបន្តរំខានអាក្រក់ជាងនេះ កំណើនសេដ្ឋកិច្ចសកលអាចនឹងដួលរលំធ្លាក់ចុះយ៉ាងគំហុករហូតដល់ត្រឹម១,៣ភាគរយប៉ុណ្ណោះ ហើយអតិផរណានឹងហក់ឡើងដល់៤,៤ភាគរយ ដែលនេះជាកម្រិតដុនដាបបំផុតមិនធ្លាប់មាន ចាប់តាំងពីវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ គឺជាអ្នកដែលត្រូវរងគ្រោះមុនគេ និងរងសម្ពាធខ្លាំងជាងគេបំផុត។

លោក អាចាយ បាងហ្គា (Ajay Banga) ប្រធានធនាគារពិភពលោក បានដាស់តឿនថា ប្រទេស​កំពុងអភិវឌ្ឍន៍បានប្រឈមនឹងបញ្ហាធំៗជាច្រើនរួចទៅហើយក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។ ទោះជាផលប៉ះពាល់អាចខុសគ្នាទៅតាមប្រទេសនីមួយៗ ប៉ុន្តែការប្រឈមជាមូលដ្ឋាន គឺដូចគ្នា ដូច្នេះរដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវតែការពារប្រជាជន និងរក្សាស្ថិរភាពនៅថ្ងៃនេះឱ្យបាន ដោយមិនត្រូវបោះបង់ចោលកំណើនសេដ្ឋកិច្ច និងឱកាសការងារនៅថ្ងៃស្អែកឡើយ។

ដើម្បីទប់ទល់នឹងសេណារីយ៉ូដ៏អាក្រក់នេះ ធនាគារពិភពលោកបានប្ដេជ្ញាចិត្តថា នឹងជួយជ្រោមជ្រែងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ដែលសេដ្ឋកិច្ចកំពុងរងគ្រោះបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា ដោយក្នុងនោះស្ថាប័នយក្សនេះបានត្រៀមបម្រុងកញ្ចប់ថវិកាសង្គ្រោះបន្ទាន់រហូតដល់៦០ពាន់លានដុល្លារ ហើយត្រៀមនឹងបង្កើនរហូតដល់១០០ពាន់លានដុល្លារអាម៉េរិក បើសិនជាសង្គ្រាមនៅតែបន្តអូសបន្លាយមិនព្រមបញ្ឈប់៕​

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ឥទ្ធិពលកម្ដៅ និងគ្រោះរាំងស្ងួតដ៏ខ្លាំងក្លានៃបាតុភូត អែលនីណូ ចាប់ផ្ដើមហើយ! កម្ពុជា ក៏អាចរងគ្រោះដែរ

បញ្ហាប្រែប្រួលអាកាសធាតុកំពុងរុញច្រានភពផែនដីឱ្យខិតទៅរកភាពវឹកវរ និងគ្រោះមហន្តរាយកាន់តែខ្លាំងឡើងៗ។ ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក ទើបតែបានរក…

អតីតប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយ៉ុល ត្រូវតុលាការកាត់ទោសឱ្យជាប់គុក៣០ឆ្នាំពីបទប្រឌិតជម្លោះ

ពិភពនយោបាយអន្តរជាតិ និងដែនដីអាស៊ីខាងកើត កំពុងតែរញ្ជួយញាប់ញ័រយ៉ាងខ្លាំង បន្ទាប់ពីតុលាការកូរ៉េខាងត្បូង បានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ