បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កំពុងរងសម្ពាធពីការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI) រវាងមហាអំណាចសហរដ្ឋអាម៉េរិក និងចិន។ ទោះបីជារដ្ឋភាគច្រើនព្យាយាមរក្សាគោលជំហរអព្យាក្រឹត និងស្វែងរកផលប្រយោជន៍ពីភាគីទាំងសងខាងក៏ដោយ ក៏តំបន់នេះមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងៗថា ស្ថានការណ៍នេះនឹងបង្ខំឱ្យពួកគេធ្លាក់ក្នុងអន្ទាក់ត្រូវតែរើសភាគីម្ខាង ដែលអាចនឹងអង្រួនដល់ស្ថិរភាពអាជីវកម្ម និងខ្សែច្រវាក់ពាណិជ្ជកម្មក្នុងតំបន់ទាំងមូល។
សារព័ត៌មាន Nikkei Asia បានរាយការណ៍កាលពីថ្ងៃទី១៧ ខែតុលា ថា ភាពតានតឹងនៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងអាម៉េរិក និងចិនបានឈានដល់របត់ថ្មីមួយ ក្រោយសហរដ្ឋអាម៉េរិកប្រកាសផ្ដួចផ្ដើមបង្កើតសម្ព័ន្ធ ផេក ស៊ីលីកា (Pax Silica) កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយមានគោលដៅរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ដោយសុវត្ថិភាពសម្រាប់បច្ចេកវិទ្យា AI បន្ទះឈីប និងរ៉ែយុទ្ធសាស្ត្រសំខាន់ៗ ដែលបច្ចុប្បន្នមានប្រទេសសេដ្ឋកិច្ចធំៗជាង២០ រួមទាំងជប៉ុន និងចក្រភពអង់គ្លេសចូលរួម។ ជាការឆ្លើយតប ភាគីចិនបានបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោកកាលពីខែកក្កដា ឆ្នាំ២០២៦ ដោយទាក់ទាញបានសមាជិកជាង៣០ប្រទេសចូលរួម។
បើពិនិត្យមើលលើទិដ្ឋភាពប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ តំបន់អាស៊ីអាគ្នេយ៍ត្រូវបានបែងចែកឥទ្ធិពលយ៉ាងច្បាស់ ដោយសម្ព័ន្ធ Pax Silica របស់អាម៉េរិកមានប្រទេសសេដ្ឋកិច្ចធំៗដូចជាសិង្ហបុរី និងហ្វីលីពីនចូលរួម ខណៈអង្គការរបស់ចិនមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា គឺជាសមាជិកស្ថាបនិក ខណៈវៀតណាមបានចូលរួមជាបន្តបន្ទាប់។
សម្ព័ន្ធ Pax Silica របស់អាម៉េរិកផ្ដោតលើការធានាស្ថិរភាពនៃការផ្គត់ផ្គង់រ៉ែ ថាមពល និងគ្រឿងអេឡិចត្រូនិកសម្រាប់ AI ជាមួយបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន ចំណែក WAICO របស់ចិនវិញ ដាក់ទិសដៅលើការគ្រប់គ្រងអភិបាលកិច្ច AI និងការបង្កើតបទដ្ឋានស្ដង់ដាអន្តរជាតិ ដោយទាក់ទាញបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ អាមេរិកឡាទីន និងអាហ្វ្រិក។
ក្ដីកង្វល់ធំបំផុត គឺការដែលបណ្ដារដ្ឋអាស៊ានអាចនឹងត្រូវបានគេជំរុញឱ្យជ្រើសរើសផ្លូវដើរដាច់ខាតណាមួយរវាងអាម៉េរិក និងចិន ខណៈសិង្ហបុរីហាក់កំពុងឈរនៅមាត់ជ្រោះនៃសម្ពាធនេះ។ បន្ទាប់ពីសម្រេចចិត្តចូលរួមក្នុងប្លុកអាម៉េរិក សិង្ហបុរីក៏បានទទួលការអញ្ជើញឱ្យចូលរួមក្នុងប្លុក WAICO របស់ចិនកាលពីថ្ងៃទី៩ ខែកញ្ញា ផងដែរ។
ទាក់ទិននឹងបញ្ហានេះ លោកស្រី ចូសេហ្វ៊ីន ថេអូ (Josephine Teo) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មានរបស់សិង្ហបុរីបានបញ្ជាក់ដោយប្រុងប្រយ័ត្នថា រដ្ឋាភិបាលនឹងសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ជាតិជារួម។
ជាមួយគ្នានេះ លោក លី មីងជាំង (Li Mingjiang) សាស្ត្រាចារ្យរងផ្នែកសិក្សាអន្តរជាតិ នៃសាលាអន្តរជាតិមួយនៅសិង្ហបុរីបានលើកឡើងថា ការបែកបាក់ផ្ទៃក្នុងរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការលម្អៀងទៅរកភាគីណាមួយ នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាព និងឥទ្ធិពលរបស់អាស៊ានក្នុងការបង្កើតស្ដង់ដា AI រួមមួយនៅក្នុងតំបន់របស់ខ្លួន។ ការបែកបាក់នេះអាចនឹងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្លុកអាស៊ាន ខណៈដែលពួកគេកំពុងត្រៀមខ្លួនដាក់ឱ្យដំណើរការកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល ដែលជាមូលដ្ឋានគ្រឹះនៃអនាគតសេដ្ឋកិច្ចឌីជីថលតំបន់៕
អត្ថបទៈ សួន ឡង់ទី