វិស័យសេដ្ឋកិច្ច

ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជា ត្រូវពង្រឹងផលិតភាព ជំនាញកម្លាំងពលកម្ម និងប្រសិទ្ធភាពសារពើពន្ធ ដើម្បីធានាចីរភាពកំណើនសេដ្ឋកិច្ច


ក្នុងបរិបទដែលពិភពលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រឈមមុខនឹងសម្ពាធជាច្រើន កម្ពុជាចាំបាច់ណាស់ត្រូវពង្រឹងផលិតភាពសេដ្ឋកិច្ច អភិវឌ្ឍជំនាញកម្លាំងពលកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ដើម្បីឆ្លើយតបនឹងការប្រែប្រួល នៃសេដ្ឋកិច្ចពិភពលោក និងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។
ការធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច_ជាកត្តាសំខាន់សម្រាប់អនាគ
ដោយ

កម្ពុជាមិនអាចបន្តពឹងផ្អែកតែលើអត្ថប្រយោជន៍ពាណិជ្ជកម្ម និងថ្លៃពលកម្មទាបដូចមុនទៀតឡើយ ប៉ុន្តែត្រូវផ្លាស់ប្តូរទៅរកការប្រកួតប្រជែងដែលផ្អែកលើផលិតភាព ជំនាញ បច្ចេកវិទ្យា និងប្រសិទ្ធភាពស្ថាប័ន។ នេះជាសារដ៏មានសារៈសំខាន់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានលើកឡើងនៅក្នុងកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពី«ពាណិជ្ជកម្ម ជំនាញ និងគោលនយោបាយសារពើពន្ធក្នុងបរិបទពិភពលោកកំពុងមានការបែកបាក់៖ ផលវិបាកសម្រាប់កម្ពុជា» ដែលផ្តោតលើបញ្ហាប្រឈម និងទិសដៅគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជាក្នុងបរិបទថ្មី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ កម្ពុជា ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីប្រព័ន្ធពាណិជ្ជកម្មបើកចំហ ការចូលទីផ្សារអន្តរជាតិ ការវិនិយោគពីបរទេស និងកម្លាំងពលកម្មសម្បូរបែប ដែលបានរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មនាំចេញ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។

ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា មូលដ្ឋាននៃការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ និន្នាការគាំពារនិយម ការព្រួយបារម្ភអំពីសន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងការរីកចម្រើន នៃស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត (AI)។ ស្តង់ដាទីផ្សារ និងបរិស្ថាន ក៏កាន់តែតឹងរ៉ឹង ដែលទាមទារឱ្យប្រទេសនីមួយៗពង្រឹងសមត្ថភាពផលិតកម្ម និងគុណភាពផលិតផល។

ស្ថិតក្នុងស្ថានភាពនេះ ឯកឧត្តម ជំរុញឲ្យកម្ពុជាត្រូវបន្តរក្សាគោលនយោបាយបើកចំហ ប៉ុន្តែត្រូវផ្លាស់ប្តូរមូលដ្ឋាន នៃការប្រកួតប្រជែង ដោយផ្តោតលើផលិតភាព ជំនាញ ភាពជឿទុកចិត្ត និងស្ថាប័នរឹងមាំ។ តាមការវាយតម្លៃរបស់ធនាគារពិភពលោកក្នុងខែតុលា ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថា មានក្នុងរង្វង់៥,៣% ក្នុងឆ្នាំ២០២៥ និងព្យាករថា នឹងថយចុះមកនៅត្រឹម៣,៥% ក្នុងឆ្នាំ២០២៦ ខណៈការព្យាករណ៍របស់ររាជរដ្ឋាភិបាលកម្ពុជាមានកំណើន៤%។

ឯកឧត្តម បានបន្តទៀតថា ទោះបីការនាំចេញផលិតផលឧស្សាហកម្មនៅតែមានភាពធន់ក៏ដោយ កម្ពុជានៅតែប្រឈមនឹងតម្រូវការប្រើប្រាស់ក្នុងស្រុកដែលខ្សោយ លក្ខខណ្ឌឥណទានតឹងរ៉ឹង ភាពលំបាកក្នុងវិស័យទេសចរណ៍ និងការថយចុះ នៃប្រាក់ផ្ញើពីក្រៅប្រទេស ដោយសារពលករកម្ពុជាមួយចំនួនវិលត្រឡប់មកប្រទេសវិញ។ បន្ថែមលើនេះ ការកើនឡើងនៃថ្លៃទំនិញសំខាន់ៗ និងភាពមិនប្រាកដប្រជា នៃពាណិជ្ជកម្មអន្តរជាតិ ក៏បង្កើនសម្ពាធលើសកម្មភាពសេដ្ឋកិច្ចផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ការវាស់វែងភាពជោគជ័យ នៃការនាំចេញមិនគួរផ្អែកតែលើទំហំនាំចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវពិនិត្យថា តើការនាំចេញបានបង្កើតតម្លៃបន្ថែមក្នុងស្រុក បង្កើនការចូលរួមរបស់សហគ្រាសខ្មែរ បង្កើតការងារដែលមានគុណភាព និងផ្តល់ផលប្រយោជន៍ដល់កម្មករ និងគ្រួសារក្នុងប្រទេសកម្រិតណា។

ចំពោះការចាកចេញពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍន៍តិចតូចនៅខែធ្នូ ឆ្នាំ២០២៩ ឯកឧត្តម វង្សី វិស្សុត បានចាត់ទុកថា ជាសមិទ្ធផលដ៏មានតម្លៃ ប៉ុន្តែក៏ជាការសាកល្បងថ្មីចំពោះសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាផងដែរ។ ដូច្នេះកម្ពុជាត្រូវរៀបចំខ្លួនជាមុន ដោយធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ព្រមទាំងកែលម្អបរិយាកាសធុរកិច្ច។

ជាពិសេសត្រូវដោះស្រាយបញ្ហាថ្លៃដឹកជញ្ជូន និងថាមពលខ្ពស់ នីតិវិធីគយយឺតយ៉ាវ ការអនុវត្តលក្ខខណ្ឌមិនស្របគ្នា និងការលំបាកក្នុងការទទួលបានធាតុចូលសម្រាប់ផលិតកម្ម។ ទន្ទឹមនឹងនេះ ត្រូវជំរុញឱ្យការវិនិយោគ និងការនាំចេញបង្កើតតម្លៃបន្ថែមក្នុងស្រុកកាន់តែច្រើន តាមរយៈការអភិវឌ្ឍឧស្សាហកម្មផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ការកែច្នៃកសិផល និងការពង្រឹងសមត្ថភាពសហគ្រាសខ្មែរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

ក្រៅពីពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងជំនាញកម្លាំងពលកម្ម ក៏ជាកត្តាស្នូលសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគតផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាត្រូវពង្រឹងគុណភាពអប់រំមូលដ្ឋាន ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងអភិវឌ្ឍជំនាញកម្រិតខ្ពស់ឱ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារ។ ក្នុងនោះ វិស័យឯកជនត្រូវមានតួនាទីសកម្មក្នុងការកំណត់តម្រូវការជំនាញ និងចូលរួមរៀបចំកម្មវិធីបណ្តុះបណ្តាល ដើម្បីធានាថា កម្លាំងពលកម្មមានសមត្ថភាពឆ្លើយតបនឹងការងារជាក់ស្តែង។ ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការអភិវឌ្ឍជំនាញមិនគួរវាស់តាមចំនួនសញ្ញាបត្រ ឬវិញ្ញាបនបត្រនោះទេ ប៉ុន្តែត្រូវផ្អែកលើសមត្ថភាពប្រើប្រាស់ជំនាញក្នុងការងារ ការបង្កើតការងារដែលមានផលិតភាព កម្រិតប្រាក់ចំណូល និងប្រសិទ្ធភាពរបស់សហគ្រាស។

ពាក់ព័ន្ធនឹងគោលនយោបាយសារពើពន្ធ ឯកឧត្តម បានបញ្ជាក់ថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយការប្រុងប្រយ័ត្ន បានរួមចំណែកដល់ការរក្សាស្ថិរភាពសេដ្ឋកិច្ច និងកម្រិតបំណុលសាធារណៈដែលទាបគួរសម។ វិន័យហិរញ្ញវត្ថុនេះត្រូវបន្តរក្សាឱ្យបានរឹងមាំ ទន្ទឹមនឹងការបង្កើនការវិនិយោគលើវិស័យអប់រំ សុខាភិបាល ជំនាញ ហេដ្ឋារចនាសម្ព័ន្ធ កិច្ចគាំពារសង្គម និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ដើម្បីសម្រេចគោលដៅនេះ កម្ពុជាត្រូវបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាសាធារណៈ ពង្រីកមូលដ្ឋានប្រមូលចំណូលឱ្យកាន់តែទូលំទូលាយ និងមានសមធម៌ ព្រមទាំងរក្សាវិន័យសារពើពន្ធក្នុងរយៈពេលមធ្យម។ ការចំណាយរដ្ឋត្រូវផ្តល់លទ្ធផលជាក់ស្តែង ដូចជាការលើកកម្ពស់គុណភាពអប់រំ សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធដែលជួយបង្កើនផលិតភាព ព្រមទាំងគាំទ្រគ្រួសារងាយរងគ្រោះ។

ជារួមឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ពាណិជ្ជកម្ម ការអភិវឌ្ឍជំនាញ និងគោលនយោបាយសារពើពន្ធ ត្រូវដើរទន្ទឹមគ្នា និងមានការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការបើកទីផ្សារមិនអាចផ្តល់ផលប្រយោជន៍ពេញលេញបានទេ ប្រសិនបើសហគ្រាសមិនអាចបំពេញតាមស្តង់ដារអន្តរជាតិ។ ការបណ្តុះបណ្តាលជំនាញ ក៏មិនអាចទទួលបានលទ្ធផលល្អដែរ ប្រសិនបើគ្មានការងារសមស្រប ហើយការចំណាយថវិការដ្ឋ ក៏មិនអាចបង្កើតផលប្រយោជន៍បានពេញលេញ ប្រសិនបើខ្វះការសម្របសម្រួល និងការទទួលខុសត្រូវច្បាស់លាស់។ ដូច្នេះការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍន៍តិចតួច មិនមែនគ្រាន់តែជាការទទួលបានឋានៈថ្មីលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការសាកល្បងសមត្ថភាពរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ ផលិតភាពខ្ពស់ និងអាចប្រកួតប្រជែងបានដោយខ្លួនឯងក្នុងរយៈពេលវែង៕




អត្ថបទបន្ទាប់


ទីស្តីការគណៈរដ្ឋមន្រ្តី និងធនាគារពិភពលោក បើកកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីពាណិជ្ជកម្ម ជំនាញ និងគោលនយោបាយសារពើពន្ធ ក្នុងបរិបទពិភពលោកកំពុងបែកបាក់

ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរ…

ឥណទាន​មិនដំណើរការរបស់អាជីវកម្មខ្នាតតូចកើនឡើងដល់ជាង១១% តើជាកម្រិតគួរឱ្យព្រួយបារម្ភ ឬយ៉ាងណា?

យោងតាមរបាយការណ៍របស់ការិយាល័យធានាឥណទានកម្ពុជា (CBC) បានបង្ហាញថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ឥណទានលក្ខណៈបុគ្គលសម្រាប់អាជីវកម្មខ្នាតតូច​ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ