ចិន ជាប្រទេសមួយ ដែលបានសាងកំណត់ត្រាប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយបានជួយប្រជាជនជិត ១០០លាននាក់ឱ្យរួចផុតពីភាពក្រីក្រក្នុងរយៈពេលត្រឹមតែ៨ឆ្នាំប៉ុណ្ណោះ ពោលគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។ នេះគឺជាសមិទ្ធផលដ៏ធំធេង និងមានល្បឿនលឿនមិនធ្លាប់មាន ដែលធនាគារពិភពលោកផ្ទាល់ ក៏បានទទួលស្គាល់ថា ជាករណីប្លែកខុសពីប្រវត្តិសាស្ត្រសកលលោក។
មកទល់ពេលនេះ ចិន ត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រជាជាតិដំបូងគេ ដែលសម្រេចបាននូវគោលដៅលុបបំបាត់ភាពក្រីក្រ ដែលជាគោលដៅទី១ នៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយឈានមុខគេដល់ទៅ១០ឆ្នាំឯណោះ។ សមិទ្ធផលនេះ ត្រូវបានចាត់ទុកថា ជារបត់ប្រវត្តិសាស្ត្រដ៏ធំមួយទាំងសម្រាប់ប្រទេសចិន និងសម្រាប់មនុស្សជាតិទាំងមូល។
ភាពជោគជ័យដ៏ត្រចះត្រចង់នេះបានកើតឡើងដោយសារការដឹកនាំដ៏រឹងម៉ាំ និងដាច់ខាតរបស់បក្សកុម្មុយនីស្តចិន ដែលបានដាក់ចេញនូវផែនការបែបវិទ្យាសាស្ត្រ យុទ្ធសាស្ត្រមានទិសដៅច្បាស់លាស់ និងទស្សនវិស័យសេដ្ឋកិច្ច ដែលយកប្រជាជនជាធំ។ កត្តាគន្លឹះទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់ប្រទេសចិន។
មូលហេតុស្នូល នៃជោគជ័យនេះ គឺការរៀបចំផែនការយុទ្ធសាស្ត្រប្រកបដោយភាពស៊ីសង្វាក់គ្នា ចក្ខុវិស័យវែងឆ្ងាយ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព។ ចាប់តាំងពីមហាសន្និបាតជាតិលើកទី១៨ក្នុងឆ្នាំ ២០១២ មក ចិនបានប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ការលុបបំបាត់ភាពក្រីក្រឱ្យក្លាយជាអាទិភាពស្នូល នៃការគ្រប់គ្រងរដ្ឋ។ ការអនុវត្តដ៏ខ្លាំងក្លាត្រូវបានចាប់ផ្តើមពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ហើយសូម្បីតែក្រោយពេលទទួលបានជោគជ័យក៏ដោយ ក៏ចិននៅតែបន្តរក្សាគោលនយោបាយគាំទ្រសំខាន់ៗដដែលក្នុងរយៈពេល៥ឆ្នាំបន្ថែមទៀត ដើម្បីពង្រឹងលទ្ធផលនេះឱ្យកាន់តែគត់មត់ និងស្ថិតស្ថេរ៕
ដោយ: តែម សុខុម