អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺប្រព័ន្ធផ្សព្វផ្សាយធំៗបានរាយការណ៍ថា ទាំងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលទើបបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង សុទ្ធតែបានសម្រេចចិត្តចូលរួមក្នុងជំនួបនេះ បើទោះបីជាភាគីទាំងពីរកំពុងមានភាពតានតឹង និងការមិនពេញចិត្តគ្នាផ្នែកការទូតនៅមួយរយៈពេលចុងក្រោយនេះក៏ដោយ។
យោងតាមការចុះផ្សាយរបស់កាសែត The Philippine Daily Inquirer ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃពុធ ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ។ ក្នុងនាមជាប្រធានប្តូរវេន ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស នឹងដឹកនាំកិច្ចប្រជុំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ ហ្វីលីពីន ដោយមានការចូលរួមពីប្រមុខរដ្ឋាភិបាលមកពីប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ ទីម័រខាងកើត វៀតណាម និងតំណាងប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបពិភាក្សាជាមួយបណ្តាប្រទេសដៃគូសន្ទនាសំខាន់ៗទាំងអស់។
ដោយឡែកងាកមកមើលភាគីចិនវិញ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន China Daily នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ក៏នឹងបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ផងដែរ។ វត្តមានរបស់លោក លី ឈាង គឺជារឿងដែលហួសពីការរំពឹងទុករបស់អ្នកតាមដានស្ថានការណ៍ភូមិសាស្ត្រនយោបាយ ដោយសារវិបត្តិការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង កំពុងឡើងកម្តៅខ្លាំង។
ការសម្រេចចិត្តចូលរួមរបស់មេដឹកនាំចិន រូបនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីការទូតប្រចាំតំបន់ចំនួន៣រូបបានបង្ហើបកាលពីពេលថ្មីៗថា ចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដែនទឹក សម្រេចបាននូវវឌ្ឍនភាពខ្លះៗលើសេចក្តីព្រាងកិច្ចព្រមព្រៀងសមុទ្រចិនខាងត្បូង បើទោះបីជាមិនទាន់ឈានដល់ការឯកភាពគ្នាស៊ីជម្រៅទាំងស្រុងក៏ដោយ។
គួររំលឹកថា ចិន និងអាស៊ាន បានចាប់ផ្តើមដំណើរការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) តាំងពីអំឡុងឆ្នាំ២០០៥ មកម្ល៉េះ ក្នុងគោលបំណងទប់ស្កាត់ការប៉ះទង្គិចគ្នាដោយចៃដន្យ កុំឱ្យរីករាលដាលទៅជាជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំ ដែលអាចគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។ ប្រភពដដែលបានសង្កត់ធ្ងន់ថា ទោះបីជាកិច្ចពិភាក្សាមានសញ្ញាវិជ្ជមានក្តី ប៉ុន្តែបញ្ហាប្រឈមធំបំផុតនៅតែជាការជំរុញឱ្យមានការអត់ធ្មត់ និងការទប់ស្កាត់រាល់សកម្មភាពបង្កហេតុ ឬការឈ្លានពាននានានៅក្នុងដែនទឹក ដែលជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោកមួយនេះ៕
ដោយៈ សរ សុជាតិ