វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ បៀល ប្រាយ ចំនួន ៧៨នាក់ ដែលបានទទួលចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីបង្កើនចំណេះដឹងបន្ថែមក្រៅពីការសិក្សាក្នុងថ្នាក់រៀន។ ក្នុងអំឡុងពេលបណ្តុះបណ្តាល និស្សិតបានទទួលចំណេះដឹងជាក់ស្តែងអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន ការយល់ដឹងពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុនៅក្នុងយុគសម័យឌីជីថល ការគ្រប់គ្រងចំណូល និងចំណាយផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ការបង្កើតទម្លាប់សន្សំប្រាក់ឱ្យបានល្អ ការស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការវិនិយោគ ព្រមទាំងការយល់ដឹង និងវិធីការពារខ្លួនពីការបោកប្រាស់ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ។
ជាផ្នែកមួយនៃកម្មវិធីនេះ អិលអូអិលស៊ី ក៏បានណែនាំអំពីឱកាសការងារជាច្រើននៅក្នុងស្ថាប័ន ដោយចែករំលែកព័ត៌មានអំពីវប្បធម៌ការងារ កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈ ឱកាសកម្មសិក្សា និងផ្លូវឆ្ពោះទៅរកអាជីពការងារក្នុងវិស័យហិរញ្ញវត្ថុ។ កម្មវិធីនេះបានលើកទឹកចិត្តដល់និស្សិតឱ្យត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត តាមរយៈការអភិវឌ្ឍជំនាញ ចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈដែលចាំបាច់។
តាមរយៈសកម្មភាពនេះ អិលអូអិលស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់យុវជន និងគាំទ្រការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ។ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានអប់រំនានា អិលអូអិលស៊ី បន្តរួមចំណែកក្នុងការកសាងយុវជនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានជំនាញ និងមានសមត្ថភាព ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយចីរភាព។