រលកនៃការបោកប្រាស់តាមប្រព័ន្ធ AI កំពុងតែវាយប្រហារវិស័យធនាគារទូទាំងពិភពលោក ជាពិសេស គឺប្រទេសថៃ តែម្តង។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដោយផ្អែកលើការស្ទង់មតិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា BioCatch បានរកឃើញថា ៨៤% នៃនាយកប្រតិបត្តិធនាគារទូទាំងសកលលោកបានចាត់ទុកភ្នាក់ងារ AI ជាចន្លោះប្រហោងដ៏ធំ ដែលក្រុមឧក្រិដ្ឋជននឹងកេងប្រវ័ញ្ចខ្លាំងបំផុតក្នុងឆ្នាំនេះ។ តាមការស្ទង់មតិលើអ្នកជំនាញ និងនាយកប្រតិបត្តិធនាគារជាន់ខ្ពស់ថៃចំនួន ៨០រូប បានបង្ហាញលទ្ធផលដូចៗគ្នា ១០០% ថា ភ្នាក់ងារ AI គឺជាសត្រូវលំដាប់លេខមួយ ដែលវិស័យហិរញ្ញវត្ថុថៃត្រូវតែតាមដានយ៉ាងដិតដល់បំផុត។
លោក ហ្គាឌី ម៉ាហ្ស័រ (Gadi Mazor) នាយកប្រតិបត្តិក្រុមហ៊ុន BioCatch បានលើកឡើងថា ប្រទេសថៃកំពុងប្រឈមនឹងហានិភ័យនេះលឿនរហ័សជាងគេបង្អស់។ ក្នុងនោះ៨៨% នៃធនាគារថៃបានទទួលស្គាល់ថា ការខាតបង់ពីការបោកប្រាស់ដោយ AI នៅឆ្នាំនេះបានកើនឡើងយ៉ាងគំហុកបើធៀបនឹងឆ្នាំមុន ហើយជិតពាក់កណ្តាលនៃធនាគារទាំងនោះ បានរបូតលុយអស់ជាង១០លានដុល្លារក្នុងមួយឆ្នាំៗរួចទៅហើយ។
អ្វីដែលរឹតតែគួរឱ្យកត់់សម្គាល់នោះ គឺធនាគារនៅក្នុងប្រទេសថៃរហូតដល់៩៣% សុទ្ធតែធ្លាប់រងការវាយប្រហារពីភ្នាក់ងារ AI ដែលតួលេខនេះខ្ពស់ជាងមធ្យមភាគសកល ដែលមានត្រឹមតែ៨០% ប៉ុណ្ណោះ។ ចំណែកការបោកប្រាស់ដោយស្វ័យប្រវត្តិក៏បានវាយប្រហារចំធនាគារថៃរហូតដល់៦១%ខ្ពស់ជាងកម្រិតមធ្យមសកលដែលមានត្រឹម៤៨%ដូចគ្នា។
ក្រុមអ្នកជំនាញក្នុងវិស័យធនាគារនៅថៃរហូតដល់៩៤% បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងបានបញ្ជាក់ថា នៅពេលនេះ ការបែងចែកឱ្យដាច់រវាងភ្នាក់ងារ AI ល្អ និងភ្នាក់ងារ AI បោកប្រាស់ គឺជារឿងដែលពិបាកធ្វើបំផុត ព្រោះប្រព័ន្ធបោកប្រាស់ទាំងនោះមានភាពវៃឆ្លាត និងបន្លំខ្លួនបានយ៉ាងស្ទាត់ជំនាញ។ នេះគឺជាសញ្ញាអាសន្នដ៏ធំមួយសម្រាប់វិស័យធនាគារថៃ ដែលត្រូវតែពង្រឹងប្រព័ន្ធការពារខ្លួនជាបន្ទាន់ មុនពេលដែលបច្ចេកវិទ្យា AI របស់ក្រុមឧក្រិដ្ឋជនវាយលុកកាន់តែខ្លាំងជាងនេះ៕
អត្ថបទៈ សួន ឡង់ទី