ប្រទេសចិន កំពុងបោះជំហានយ៉ាងលឿនឆ្ពោះទៅកាន់ការក្លាយជាទីផ្សារទេសចរណ៍ធំជាងគេបំផុតលើពិភពលោក ដោយអាចវ៉ាដាច់សហរដ្ឋអាម៉េរិក នៅប៉ុន្មានឆ្នាំខាងមុខ។ កំណើននេះត្រូវបានជំរុញដោយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រទេសជាច្រើន ការពង្រីកបណ្ដាញរថភ្លើងល្បឿនលឿន និងអាកាសយានដ្ឋាន ព្រមទាំងការកើនឡើង នៃការធ្វើដំណើរកម្សាន្តរបស់ប្រជាជនចិន ផ្ទាល់ផងដែរ។
របាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក ដែលមានការិយាល័យកណ្ដាលនៅប្រទេសអេស្ប៉ាញ បានបង្ហាញថា វិស័យទេសចរណ៍ និងការធ្វើដំណើររបស់ប្រទេសចិន មានទំហំរហូតដល់ទៅប្រមាណ១,៨ទ្រីលានដុល្លារកាលពីឆ្នាំ២០២៥ ហើយអាចកើនដល់៣,៥ទ្រីលានដុល្លារនៅឆ្នាំ២០៣៦។ ដោយឡែកសហរដ្ឋអាម៉េរិក ដែលបច្ចុប្បន្នជាទីផ្សារទេសចរណ៍ធំបំផុតក្នុងពិភពលោកមានទំហំប្រមាណ២,៦ទ្រីលានដុល្លារ។
កាលពីឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេសជាង៦៨លាននាក់ បានធ្វើដំណើរចូលប្រទេសចិន ដោយកើនឡើងជាង១៥% បើធៀបនឹងឆ្នាំ២០២៤។ ចំណែកឯការចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិ ក៏បានកើនឡើងដល់១៣៥ពាន់លានដុល្លារ ដែលជាអត្រាកំណើនខ្ពស់ជាងមធ្យមភាគពិភពលោក។ ក្រុមអ្នកជំនាញលើកឡើងថា គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋជាង៧០ប្រទេស និងតំបន់ គឺជាកត្តាសំខាន់មួយដែលទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកាន់ប្រទេសចិនកាន់តែច្រើន។ ក្រុមអ្នកវិភាគជឿជាក់ថា ប្រសិនបើនិន្នាការកំណើនបច្ចុប្បន្ននៅតែបន្ត ប្រទេសចិននឹងអាចក្លាយជាមហាអំណាចទេសចរណ៍លេខ១របស់ពិភពលោក និងវ៉ាដាច់អាម៉េរិកក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕
ដោយ: តែម សុខុម