ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា ការចាត់វិធានការតាមច្បាប់លើអ្នកពាក់ព័ន្ធ និងការរឹបអូសទ្រព្យសម្បត្តិប្រកបដោយតម្លាភាព ព្រមទាំងការទប់ស្កាត់បទល្មើសមិនឱ្យកើតឡើងវិញ គឺជាកត្តាសំខាន់ក្នុងការស្ដារកេរ្តិ៍ឈ្មោះកម្ពុជា និងបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិ។ តើការបង្វែរទីតាំងទាំងនេះទៅជាអាជីវកម្មស្របច្បាប់អាចជួយស្តារទំនុកចិត្តរបស់វិនិយោគិនបរទេស និងកេរ្តិ៍ឈ្មោះកម្ពុជា លើឆាកអន្តរជាតិបានកម្រិតណា?
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា ការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញរបស់រដ្ឋាភិបាល គឺជាការប្រែក្លាយសេដ្ឋកិច្ចខ្មៅទៅជាសេដ្ឋកិច្ចស្របច្បាប់។ លោកបណ្ឌិតយល់ថា អគារ និងទីតាំងដែលត្រូវបានបង្ក្រាប មិនគួរទុកចោលរហូតក្លាយជាអគារខ្មោចនោះទេ ប៉ុន្តែគួរពិចារណាប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញឌីជីថលដល់យុវជន ឬអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចចម្រុះ ព្រមទាំងជួលបន្តទៅឱ្យក្រុមហ៊ុនស្របច្បាប់ ដើម្បីទាក់ទាញវិនិយោគិនប្រកបដោយគុណភាព។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ដើម្បីស្ដារកេរ្តិ៍ឈ្មោះ និងមុខមាត់កម្ពុជាឡើងវិញលើឆាកអន្តរជាតិ រដ្ឋាភិបាលត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ និងធានាតម្លាភាពក្នុងដំណើរការរឹបអូសទ្រព្យសម្បត្តិ ដើម្បីស្ដារទំនុកចិត្តពីសហគមន៍អន្តរជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម ក៏បានលើកឡើងដែរថា ទីតាំង និងអគារដែលត្រូវបានរឹបអូសពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គួរត្រូវបានប្រើប្រាស់ឡើងវិញស្របតាមច្បាប់កម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និងជំរុញសកម្មភាពសេដ្ឋកិច្ចស្របច្បាប់។ លោកបណ្ឌិត ក៏បានស្នើឱ្យរដ្ឋាភិបាលពិចារណាប្រែក្លាយទីតាំងទាំងនោះទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ឬកន្លែងផ្តល់សេវាសាធារណៈ។ បើតាមអ្នកជំនាញរូបនេះ ការបង្ក្រាប និងទប់ស្កាត់មិនឱ្យមានសកម្មភាពឆបោកតាមអនឡាញកើតឡើងវិញ គឺជាកត្តាសំខាន់មួយដែលអាចជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនបរទេស និងទាក់ទាញឱ្យពួកគេមកបោះទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនឡើង។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបានចុះបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង៦០០ទីតាំងនៅទូទាំងប្រទេស។ ក្នុងនោះកាស៊ីណូប្រព្រឹត្តឆបោកតាមអនឡាញចំនួន១៨កាស៊ីណូ ត្រូវបានដកហូតអាជ្ញាបណ្ណ និង៩កាស៊ីណូផ្សេងទៀតសម្រេចព្យួរ ហើយដាក់ក្នុងនីតិវិធីស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម។ ជាមួយគ្នានេះស្ថាប័នពាក់ព័ន្ធកំពុងស៊ើបអង្កេត ដើម្បីមានចំណាត់ការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
អត្ថបទ៖ ជា ម៉ារ៉ា