នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ កំពុងពិនិត្យទិន្នន័យរបស់ក្រុមហ៊ុន១២៥,៦២២ក្រុមហ៊ុនដែលកាន់កាប់ដីធ្លីជាង១,២លានប្លង់នៅទូទាំងប្រទេស។ ក្នុងចំណោមនោះមានជាង៣៦,០០០ក្រុមហ៊ុនដែលមានការវិនិយោគពីបរទេស និងកាន់កាប់ដីប្រមាណជាង៣០ម៉ឺន៥ពាន់ប្លង់ស្មើនឹងផ្ទៃដីជាង១លានរ៉ៃ ឬប្រមាណជាង១៦៩,៦០០ហិកតា។ អាជ្ញាធរថៃ បានសង្កត់ធ្ងន់ថា តួលេខទាំងនេះគ្រាន់តែជាទិន្នន័យសម្រាប់ត្រួតពិនិត្យប៉ុណ្ណោះ មិនមែនមានន័យថា ក្រុមហ៊ុនទាំងនោះបានប្រព្រឹត្តបទល្មើសនោះឡើយ។
ការបង្ក្រាបនេះផ្តោតលើករណីដែលជនជាតិថៃ ត្រូវបានប្រើប្រាស់ជាអ្នកកាន់កាប់ភាគហ៊ុន ឬកាន់កាប់ទ្រព្យសម្បត្តិជំនួសឱ្យជនបរទេស។ មន្ត្រីថៃ បានព្រមានថា ការអនុវត្តបែបនេះអាចប៉ះពាល់ដល់សេដ្ឋកិច្ច ធ្វើឱ្យការប្រកួតប្រជែងមិនស្មើភាព និងធ្វើឱ្យអាជីវកម្មថៃរងផលប៉ះពាល់។ រដ្ឋាភិបាលថៃ កំពុងផ្គូផ្គង និងផ្ទៀងផ្ទាត់ទិន្នន័យក្រុមហ៊ុន ភាគហ៊ុនិក ហិរញ្ញវត្ថុ និងកម្មសិទ្ធិដីធ្លី ព្រមទាំងសហការជាមួយប៉ូលិស នាយកដ្ឋានស៊ើបអង្កេតពិសេស និងការិយាល័យប្រឆាំងការលាងលុយកខ្វក់ ដើម្បីស្វែងរកបណ្តាញដែលអាចពាក់ព័ន្ធ។
វិធានការនេះ អាចប៉ះពាល់ខ្លាំង ជាពិសេសនៅតំបន់ទេសចរណ៍ដែលមានការវិនិយោគច្រើនលើអចលនទ្រព្យដូចជា នៅឈុនប៊ូរី ដែលដីជាច្រើនត្រូវបានកាប់កាប់ដោយក្រុមហ៊ុនដែលមានភាគហ៊ុនបរទេសភាគច្រើន ឬជាកម្មសិទ្ធិបរទេសទាំងស្រុង។ ប្រសិនបើការអនុវត្តកាន់តែតឹងរ៉ឹង វាអាចផ្លាស់ប្តូររបៀបដែលជនបរទេសវិនិយោគក្នុងទីផ្សារដីធ្លី អចលនទ្រព្យ និងទេសចរណ៍របស់ថៃ ហើយអាចដាក់សម្ពាធខ្លាំងលើអាជីវកម្មដែលពឹងផ្អែកលើរចនាសម្ព័ន្ធឈរឈ្មោះតំណាង៕
ដោយ: តែម សុខុម