លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានគូសបញ្ជាក់ថា ទីផ្សារជួលខុនដូ និងអាផាតមិននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ បានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងគំហុក ពិសេសក្រោយការចាកចេញរបស់ជនបរទេស ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពស្កេមអនឡាញ និងការដាក់ចេញនូវគោលការណ៍រឹតត្បិតការជួលសម្រាប់ជនបរទេសនៅទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល។ បើតាមអ្នកជំនាញរូបនេះ ទីផ្សារខុនដូនៅកម្ពុជា កន្លងមក ត្រូវបានពឹងផ្អែកខ្លាំងទៅលើអតិថិជនជាជនជាតិបរទេស ខណៈការផ្គត់ផ្កង់ ក៏មានច្រើនលើសពីតម្រូវការផងដែរ តួយ៉ាងគម្រោងខុនដូរដែលនៅទំនេរក្នុងទីផ្សារបច្ចុប្បន្នមានចន្លោះពី៣០% ទៅ៥០% ឯណោះ។ កំណើននៃអត្រាទំនេរទាំងនេះបានជំរុញឱ្យតម្លៃជួលខុនដូរលើទីផ្សារបច្ចុប្បន្នបានធ្លាក់ចុះចន្លោះពី២០% ទៅ៣០% បើធៀបនឹងតម្លៃឆ្នាំមុន។
ជាមួយគ្នានេះ លោកស្រី អាន សុធីតា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia បានគូសបញ្ជាក់ថា ទីផ្សារខុនដូនៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលដោយអ្នកជួល និងអ្នកទិញបានផ្តោតកាន់តែខ្លាំងទៅលើគុណភាពជាជាងបរិមាណ។ បើតាមអ្នកជំនាញរូបនេះ ផលប៉ះពាល់របស់វិស័យខុនដូនៅកម្ពុជា ក្រោយការថមថយចុះនៃអ្នកជួលបរទេស បានផ្តល់សម្ពាធខ្លាំងទៅដល់គម្រោងដែលពឹងលើអ្នកជួលមួយក្រុម ជាងគម្រោងដែលមានអតិថិជនចម្រុះ។ តែទោះជាយ៉ាងណា គម្រោងខុនដូដែលមានទីតាំងល្អ គុណភាពសមនឹងតម្លៃ និងមានការគ្រប់គ្រងល្អនៅតែមានមូលដ្ឋានប្រកួតប្រជែងខ្ពស់។ បើតាមអ្នកជំនាញរូបនេះ ដើម្បីជំរុញការប្រើប្រាស់ និងស្រោចស្រង់វិស័យនេះឡើងវិញ ដើម្បីបម្រើដល់ចរន្តសេដ្ឋកិច្ច រដ្ឋ និងវិស័យឯកជនគួរចូលរួមសហការគ្នាបន្ថែមក្នុងនោះភាគីរដ្ឋត្រូវជួយពង្រឹងតម្លាភាពព័ត៌មានទីផ្សារ ភាពច្បាស់លាស់នៃនីតិវិធីកម្មសិទ្ធិ ការការពារអ្នកទិញ និងការទាក់ទាញអាជីវកម្ម វិនិយោគ និងទេសចរស្របច្បាប់ ដែលបង្កើតតម្រូវការស្នាក់នៅប្រកបដោយចីរភាព។
សម្រាប់លោកស្រី អាន សុធីតា ទំនុកចិត្ត គឺជាមូលដ្ឋានសំខាន់បំផុតនៅក្នុងវិស័យអចលនទ្រព្យ ដូច្នេះ អ្នកអភិវឌ្ឍន៍ត្រួវផ្តល់ទំនុកចិត្តដល់អតិថិជន ដោយធានាថាពួកគេទទួលបាននូវគុណភាពតាមការសន្យា មានកម្មសិទ្ធិច្បាស់លាស់ និងការគ្រប់គ្រងដែលមានទំនួលខុសត្រូវ ដើម្បីជួយឱ្យទីផ្សាររីកចម្រើនបានរឹងមាំ និងយូរអង្វែង៕