បណ្តាក្រុមហ៊ុនឡូជីស្ទិកឯកជនបានទម្លាយឱ្យដឹងថា អាជ្ញាធរគយនៅតាមច្រកទ្វារព្រំដែនវៀតណាម នាពេលថ្មីៗនេះ បានបើកយុទ្ធនាការពិនិត្យ និងរឹតបន្តឹងច្បាប់ទម្លាប់យ៉ាងខ្លាំងក្លា ដែលជាហេតុធ្វើឱ្យទូកុងតឺន័រផ្ទុកទំនិញរាប់រយរាប់ពាន់ ដែលត្រូវតម្រង់ជួរនាំចូលមកកាន់ប្រទេសកម្ពុជា ត្រូវជាប់គាំង និងយឺតយ៉ាវខុសពីធម្មតា។ ទូកុងតឺន័រជាច្រើនត្រូវបានបង្ខំឱ្យចតរង់ចាំការស្គែន និងត្រួតពិនិត្យឯកសារយ៉ាងហ្មត់ចត់ពីមន្ត្រីគយវៀតណាម ជាមុនសិន ទើបទទួលបានភ្លើងបៃតងឱ្យឆ្លងកាត់ ដែលកត្តានេះបានបំផ្លាញកាលវិភាគដឹកជញ្ជូនស្ទើរទាំងស្រុង។
ជុំវិញវិធានការដ៏ក្តៅគគុកនេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេសកត់សម្គាល់ឃើញថា ខ្សែច្រវាក់ដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម នៅមួយរយៈចុងក្រោយនេះហាក់ជួបបញ្ហាកកស្ទះជាញឹកញាប់ ដោយសារតែភាគីវៀតណាម បានរុះរើ និងរឹតបន្តឹងបទបញ្ញត្តិចាស់ៗឱ្យកាន់តែតឹងជាងមុន។ ជាមួយគ្នានេះខាងភាគីកម្ពុជា ក៏មានវិធានការមុតស្រួចក្នុងការរឹតបន្តឹងខ្សែបន្ទាត់ព្រំដែនដូចគ្នា ដែលកត្តារួមផ្សំទាំងសងខាងនេះកំពុងបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ដឹកជញ្ជូនចេញ-ចូលរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា អាជ្ញាធរវៀតណាម ពិតជាបានរឹតបន្តឹងលើការដឹកជញ្ជូនអន្តរជាតិ ប្រាកដមែន។ អ្វីដែលជាចំណុចគួរឱ្យព្រួយបារម្ភបំផុតនោះ គឺចាប់ពីថ្ងៃទី១ ខែមិថុនា តទៅ វៀតណាមនឹងបង្កើនការរឹតបន្តឹងបន្ថែមទៀតលើទំនិញទាំងឡាយណា ដែលដឹកចេញ ចូលពីប្រទេសទី៣ឆ្លងកាត់វៀតណាម ។ បើតាមការបញ្ជាក់របស់ប្រធានសមាគមរូបនេះ ចំណាត់ការនេះនឹងធ្វើឱ្យការដឹកជញ្ជូនទំនិញចូលកម្ពុជា ត្រូវជួបការកកស្ទះដោយអន្លើ ខណៈដែលកម្ពុជា ខ្លួនឯងក៏កំពុងឈរលើជំហររឹងមាំក្នុងការបើកយុទ្ធនាការបង្ក្រាបការរត់ពន្ធទំនិញគេចពន្ធយ៉ាងក្តៅគគុកផងដែរ។ ទោះយ៉ាងណាអ្នកជំនាញរូបនេះនៅតែរក្សាក្តីសង្ឃឹមខ្ពស់ និងជឿជាក់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងរកដំណោះស្រាយតាមផ្លូវការទូត និងបច្ចេកទេស ដើម្បីពន្លឿនលំហូរពាណិជ្ជកម្មទ្វេភាគីឱ្យរលូនឡើងវិញក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម នៅក្នុងរយៈពេល៤ខែឆ្នាំ២០២៦ សម្រេចបានទំហំ៣,៣៦៥លានដុល្លារ មានការកើនឡើងជាង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាម មានទំហំជិត២ពាន់លានដុល្លារ មានការកើនឡើងជាង១១% និងនាំចូលពីវៀតណាមមកវិញ មានទំហំជាង១ពាន់៣រយ លានដុល្លារ មានការកើនឡើង៨៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា