ក្រុមហ៊ុនលក់រាយ DFI Retail Group បានប្រកាសថា ខ្លួននឹងទិញយកអាជីវកម្មហាងកាហ្វេ Starbucks ដែលមានអាជ្ញាបណ្ណរបស់ក្រុមហ៊ុន Maxim’s នៅក្នុងទីផ្សារចំនួន៧ នៅអាស៊ី រួមមាន
កម្ពុជា ថៃ ហុងកុង សិង្ហបុរី វៀតណាម ម៉ាកាវ និងឡាវ ខណៈដែលហាងកាហ្វេ Starbucks មានដល់ទៅជាង១,១០០សាខានៅទីផ្សារទាំង៧នេះ។ សម្រាប់កម្ពុជា កិច្ចព្រមព្រៀងនេះពិតជាគួរឱ្យចាប់អារម្មណ៍ ដោយសារតែក្រុមហ៊ុន DFI Retail Group មានអាជីវកម្មលក់រាយស្រាប់នៅក្នុងប្រទេសកម្ពុជា តាមរយៈ DFI Lucky ដែលនៅពីក្រោយផ្សារទំនើប Lucky និងហាង Lucky ផ្សេងៗទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន DFI Retail Group កាន់កាប់ភាគហ៊ុន៧០% នៅក្នុងក្រុមហ៊ុនបុត្រ
សម្ព័ន្ធ DFI Lucky។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Maxim’s ដែលជាក្រុមហ៊ុនមេរបស់ Starbucks នឹងទូទាត់ប្រាក់ ៣៤០លានដុល្លារអាម៉េរិកជាសាច់ប្រាក់ទៅក្រុមហ៊ុន DFI Retail Group ហើយនឹងទិញចូលវិញនូវភាគហ៊ុន៥០% ដែល DFI កាន់កាប់នៅក្នុងក្រុមហ៊ុន Maxim’s។ ក្រុមហ៊ុន DFI Retail Group រំពឹងថា អាជីវកម្មហាងកាហ្វេ Starbucks នៅក្នុងទីផ្សារទាំង៧នេះនឹងបង្កើតប្រាក់ចំណូលប្រមាណ៦០០ទៅ៦៥០លានដុល្លារ ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២៧ និងប្រមាណ៩០០លានដុល្លារ សម្រាប់ពេញមួយឆ្នាំនៅឆ្នាំ២០២៨។
ក្រុមហ៊ុន DFI Retail Group បានលើកឡើងថា ការទិញយកហាងកាហ្វេ Starbuck នេះ កើតឡើង ខណៈតម្រូវការកាហ្វេ និងតែកំពុងកើនឡើងនៅអាស៊ី ដោយសារប្រាក់ចំណូលកើនឡើង និងវណ្ណៈកណ្តាលរីកកាន់តែធំ។ ហើយកិច្ចព្រមព្រៀងនេះ ក៏ស្ថិតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធអាជីវកម្មសកលរបស់ Starbucks ឡើងវិញផងដែរ៕
ដោយ: តែម សុខុម