ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) បានព្រមាន ថា ប្រសិនបើល្បឿននៃការវិនិយោគ និងតម្លៃភាគហ៊ុន AI កើនឡើងលឿនហួសពីសមត្ថភាពរកប្រាក់ចំណេញជាក់ស្តែង នោះទីផ្សារហិរញ្ញវត្ថុពិភពលោកអាចប្រឈមនឹងវិបត្តិដួលរលំ ស្របពេលដែលការចំណាយលើបច្ចេកវិទ្យានេះត្រូវបានព្យាករថា នឹងហក់ឡើងដល់ ៨ទ្រីលានដុល្លារក្នុងរយៈពេល៦ឆ្នាំខាងមុខ ។
ធនាគារសម្រាប់ការទូទាត់អន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសស្វីសបានដាស់តឿនឱ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនវិនិយោគទុននានា ប្រុងប្រយ័ត្នខ្ពស់ចំពោះការសម្រុកចាក់ទឹកប្រាក់លើបច្ចេកវិទ្យា AI។ ទោះបីជា AI កំពុងជំរុញឱ្យទីផ្សារភាគហ៊ុនសកលហក់ឡើងដល់កម្រិតកំពូលមិនធ្លាប់មានក៏ដោយ ប៉ុន្តែការចំណាយដ៏មហិមាលើហេដ្ឋារចនាសម្ព័ន្ធនេះកំពុងបង្កប់នូវហានិភ័យផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យ Columbia បានប៉ាន់ប្រមាណថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បច្ចេកវិទ្យា AI អាចនឹងត្រូវចំណាយទុនរហូតដល់ទៅប្រមាណ៨ទ្រីលានដុល្លារអាម៉េរិក នៅក្នុងរយៈពេល៦ឆ្នាំខាងមុខ ដែលជាទំហំវិនិយោគដ៏ប្រថុយប្រថានបំផុត។
នៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនធនាគារ BIS បានព្រមានថា ការចំណាយលើសលប់លើ AI កំពុងបង្កើតភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ដែលនេះជាសញ្ញាអាសន្នបន្ទាន់ ដែលទាមទារឱ្យអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចមានវិធានការទប់ស្កាត់មុនពេលស្ថានការណ៍វិវត្តទៅជាធ្ងន់ធ្ងរ។
គិតចាប់តាំងពីដើមឆ្នាំ២០២៥ រហូតមកទល់នឹងពាក់កណ្តាលឆ្នាំ២០២៦ នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗបានចាក់បញ្ចូលសាច់ប្រាក់លើសពី១ទ្រីលានដុល្លាររួចទៅហើយលើបច្ចេកវិទ្យា AI។ ល្បឿននៃការវិនិយោគដ៏លឿននេះ បានធ្វើឱ្យអ្នកជំនាញបារម្ភថា កំពុងដើរលឿនហួសឆ្ងាយពីកម្រិតលំហូរសាច់ប្រាក់ និងចំណូលជាក់ស្តែង ដែលអាចរុញច្រានក្រុមហ៊ុនមួយចំនួនឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់បំណុល។
ផ្អែកលើទឡ្ហីករណ៍នេះ ធនាគារ BIS បានសន្និដ្ឋានថា ប្រសិនបើបច្ចេកវិទ្យា AI មិនអាចបង្កើតប្រាក់ចំណេញបានលឿនដូចការរំពឹងទុកទេនោះ ក្រុមហ៊ុនទាំងនោះនឹងគ្មានលទ្ធភាពសងបំណុលឡើយ។ ហើយនៅពេលដែលទំនុកចិត្តរង្គោះរង្គើ តម្លៃភាគហ៊ុន AI ដែលធ្លាប់តែហក់ឡើងខ្ពស់ នឹងត្រូវដួលរលំមកវិញយ៉ាងគំហុក ដែលអាចនឹងអូសទាញទីផ្សារភាគហ៊ុនពិភពលោកទាំងមូលឱ្យធ្លាក់ចូលក្នុងវិបត្តិអន្តរាយ៕
ដោយៈ សរ សុជាតិ