នៅផ្សារលក់បោះដុំមួយក្នុងទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ផ្លែទុរេនម៉ាន់ថងដ៏ល្បីល្បាញរបស់ថៃ ឥឡូវនេះកំពុងលក់ក្នុងតម្លៃចាប់ពីជាង៤ដុល្លារក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ខណៈកាលពីមុនអាចលក់បានរហូតដល់ជាង២០ដុល្លារក្នុង១គីឡូក្រាមឯណោះ។ ការដាំក្បាលចុះ នៃតម្លៃផ្លែឈើ ដែលគេប្រសិទ្ធនាមថា ជាស្តេចផ្លែឈើនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមចិន កាលពីចុងខែមុន ខណៈដែលលំហូរទុរេនយ៉ាងសន្ធឹកសន្ធាប់តាមផ្លូវគោក និងផ្លូវទឹកបានធ្វើឱ្យអ្នកប្រើប្រាស់ជនជាតិចិន មានឱកាសទិញទទួលទានយ៉ាងទូលំទូលាយក្នុងតម្លៃសមរម្យ។
កត្តាដែលជំរុញឱ្យតម្លៃទុរេនមានការធ្លាក់ចុះខ្លាំងនេះ គឺដោយសារសេវាកម្មដឹកជញ្ជូនតាមរថភ្លើងបំពាក់ប្រព័ន្ធត្រជាក់ ដែលតភ្ជាប់ប្រទេសថៃ ឡាវ និងចិន។ ប្រព័ន្ធដឹកជញ្ជូននេះអាចរក្សាសីតុណ្ហភាពថេរក្នុងរង្វង់១៣អង្សាសេ ដោយចេញដំណើរពីកំពង់ផែ លែមឆាបាំង (Laem Chabang) របស់ថៃ ឆ្ពោះទៅកាន់ទីក្រុងគុនមីង ដោយប្រើពេលត្រឹមតែ២៦ម៉ោងប៉ុណ្ណោះ។ សេវាកម្មនេះអាចចែកចាយទុរេនទៅកាន់ទីក្រុងជាង៣០ផ្សេងទៀតក្នុងប្រទេសចិន ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ ដែលជួយកាត់បន្ថយអត្រាស្អុយរលួយពី១០% មកនៅត្រឹមតែ៣%ប៉ុណ្ណោះ។
ក្រុមហ៊ុន China Railway Kunming Group បានព្យាករថា សេវាកម្មដឹកជញ្ជូនតាមរថភ្លើងនេះនឹងនាំផ្លែឈើត្រូពិចចូលទៅកាន់ទីផ្សារចិនលើសពី២០ម៉ឺនតោននៅក្នុងឆ្នាំនេះ។ ក្រៅពីផ្លូវដែក សេវាកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រ ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ។ កំពង់ផែ ណានសា (Nansha) ក្នុងខេត្តក្វាងទុង ដែលជាច្រកនាំចូលទុរេនធំជាងគេរបស់ចិន ឥឡូវនេះមានខ្សែទឹកត្រង់ចំនួន១០ជើងក្នុងមួយសប្តាហ៍ពីប្រទេសថៃ ដោយចំណាយពេលធ្វើដំណើរត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ដែលធ្វើឱ្យទីផ្សារចិន បន្តចាល់ដោយផ្លែទុរេនស្រស់ៗ និងមានតម្លៃសមរម្យ៕
អត្ថបទៈ សួន ឡង់ទី