វិស័យកសិកម្ម

វៀតណាម ប្តូរយុទ្ធសាស្ត្រកសិកម្ម ផ្តោតលើតម្លៃបន្ថែមខ្ពស់ ដើម្បីជំរុញការនាំចេញឱ្យដល់ទំហំ ១០០ ពាន់លានដុល្លារ នៅឆ្នាំ២០៣០


វៀតណាម កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រកសិកម្ម ពីការផ្ដោតលើបរិមាណផលិតកម្ម ងាកទៅផ្ដោតលើការបង្កើនតម្លៃ និងប្រាក់ចំណូលពីការប្រើប្រាស់ដីកសិកម្មឱ្យបានកាន់តែខ្ពស់ជាងមុន។ ប្រទេសនេះ កំណត់គោលដៅបង្កើនការនាំចេញផលិតផលកសិកម្មឱ្យឈានដល់កម្រិតកំណត់ត្រា ៧៤ ពាន់លានដុល្លារ នៅឆ្នាំ២០២៦ នេះ និងរហូតដល់ ១០០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ តាមរយៈការផលិតដំណាំដែលមានតម្លៃខ្ពស់ ការធ្វើកសិកម្មបែបទំនើប និងការពង្រីកទីផ្សារនាំចេញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
វិស័យកសិកម្ម
ដោយ

វៀតណាម និយាយថា វិស័យកសិកម្មរបស់ខ្លួនកំពុងផ្លាស់ប្តូរពីការផ្តោតលើបរិមាណផលិតកម្ម ​ងាក​ទៅផ្តោត​លើគុណភាព គុណតម្លៃ និងនិរន្តរភាព ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ និងភាពប្រកួតប្រជែង​នៅលើទីផ្សារពិភពលោក។
បច្ចុប្បន្ន កាហ្វេ គឺជាផលិតផលកសិកម្មដែលរកចំណូលបានខ្ពស់ជាងគេ ដោយអាចរកប្រាក់​ចំណូលប្រមាណ ១៥,៤០០ ដុល្លារ ក្នុងដីមួយហិកតា។ បន្ទាប់មក គឺវារីវប្បកម្មដែលរកចំណូលបានជិត ១២,៩០០ ដុល្លារ ក្នុងមួយហិកតា ខណៈការដាំដំណាំហូប​ផ្លែ និងបន្លែ ជាពិសេស​ធុរេនសម្រាប់នាំចេញទៅប្រទេសចិន អាចរកចំណូលបានប្រមាណ ១១,៤០០ ដុល្លារ ក្នុងមួយហិកតា។
ផ្ទុយទៅវិញ ដំណាំស្រូវអាចរកចំណូលបានត្រឹមប្រមាណ ២,៤០០ ដុល្លារ ប៉ុណ្ណោះក្នុងដីមួយហិកតា។ ដោយសារតែប្រាក់ចំណូលទាប កសិករជាច្រើននៅតំបន់ដីសណ្ដទន្លេមេគង្គ បានងាកទៅចិញ្ចឹមបង្គា​ក្នុងស្រែស្រូវ និងការដាំដំណាំ​ហូប​ផ្លែ ដែលអាចរកចំណូលបានច្រើនជាង។
ដើម្បីសម្រេចគោលដៅនេះ វៀតណាម កំពុងពង្រឹងគុណភាពផលិតផល កែលម្អខ្សែច្រវាក់ផ្គត់ផ្គង់ ពង្រីកទីផ្សារនាំចេញ និងបង្កើនការចេញលេខកូដតំបន់ដាំដុះ និងទីតាំងវេចខ្ចប់ ដែលជាលក្ខខណ្ឌ​តម្រូវដ៏សំខាន់​សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
បន្ថែមពីនេះ រដ្ឋាភិបាលវៀតណាម ក៏កំពុងវិនិយោគលើកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ឃ្លាំងស្តុកទំនិញត្រជាក់ ការកែច្នៃកសិផល បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត AI ដើម្បីបង្កើន​ផលិតភាព និងបំពេញតាមស្តង់ដារអន្តរជាតិ​កាន់តែតឹងរ៉ឹង។
មន្ត្រីវៀតណាម បញ្ជាក់​ថា គោលដៅមិនមែនត្រឹមតែបង្កើនការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បី​លើកកម្ពស់​ប្រាក់ចំណូលរបស់កសិករ និងកសាងវិស័យកសិកម្មដែលមានភាពប្រកួតប្រជែង និងនិរន្តរភាព​ក្នុងរយៈពេលវែងផងដែរ។
ទោះបីសេដ្ឋកិច្ចពិភពលោក​នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្ដី ក៏​ការនាំចេញ​កសិផល​របស់វៀតណាម នៅតែបន្តកើនឡើង។ ក្នុងរយៈពេល ៥ ខែដើម​ឆ្នាំ២០២៦ ការនាំចេញ​កសិកម្ម​សម្រេចបានជិត ៣០ ពាន់លានដុល្លារ កើនឡើងជាង ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទទួលបាន​អតិរេកពាណិជ្ជកម្មចំនួន ៧,៥ ពាន់លានដុល្លារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន-កម្ពុជា ចាប់ដៃគ្នាបង្កើតខែលសន្តិសុខ ធ្វើឱ្យថៃ កំពុងក្តៅក្រហាយ និងព្រួយបារម្ភ

ស្របពេលអ្នកជិតខាងខ្លះកំពុងលបមើលទាំងក្តីបារម្ភ និងអន្ទះសារបារម្ភពីឥទ្ធិពលចិន ប្រធានាធិបតីចិន លោក ស៊ី ជីនភពីង បានថ្លែងយ៉ាងម៉ឺងម៉ាត់នៅថ្ងៃ…

ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់នៅអាស៊ី កំពុងកាក់កបខ្លាំង ខណៈរលកកម្ដៅកំពុងបន្ដវាយប្រហារនៅទូទាំងតំបន់អឺរ៉ុប

ខណៈដែលទ្វីបអឺរ៉ុប កំពុងរងទុក្ខពីការវាយប្រហារដោយសីតុណ្ហភាពដ៏ខ្ពស់បំផុតមិនធ្លាប់មាននៅឆ្នាំនេះ ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់នៅអាស៊ី ដូចជាក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ