អ្វីដែលជាមោទនភាពនោះ គឺគិតមកទល់ពេលនេះ មានចម្ការទុរេនចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០ទីតាំងហើយ ដែលត្រូវបានចុះបញ្ជីទទួលស្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញផ្លែទុរេនស្រស់ដោយត្រង់ពីកម្ពុជា ទៅកាន់ទីផ្សារចិន។
លោក រឿន រតនា លេខាប្រតិបត្តិ នៃសមាគមទុរេនកម្ពុជា បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះផ្លែទុរេនស្រស់របស់កម្ពុជា ត្រូវបានដឹកជញ្ជូនចេញទៅកាន់ទីផ្សារចិន បានចំនួន ៦០ទូកុងតឺន័រហើយ ឬស្មើនឹងប្រមាណ១,១០០តោន។ ជាមួយគ្នានេះលោកបានបង្ហើបប្រាប់ពីតម្លៃទីផ្សារថា ទុរេនដែលនាំចេញទៅចិន អាចលក់បានក្នុងតម្លៃជាមធ្យមប្រមាណ១២,០០០រៀលក្នុងមួយគីឡូក្រាម ដូច្នេះកម្ពុជា ទទួលបានចំណូលប្រមាណ៣,៣លានដុល្លារពីការចេញនេះ។ លោកបានអះអាងថា បច្ចុប្បន្នការបញ្ជាទិញទុរេនកំពុងមានសម្ទុះខ្លាំង ដោយមានក្រុមហ៊ុននាំចេញជាច្រើនទៀតកំពុងសម្រុកប្រមូលទិញ និងស្តុកទុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ខ្ពស់របស់អតិថិជនចិន។
ដោយឡែក លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា មកដល់ពេលនេះសកម្មភាពប្រមូលផលផ្លែទុរេននៅក្នុងសហគមន៍បែកអន្លូងសម្រេចបានស្ទើរតែទាំងស្រុងហើយ ពោលគឺនៅសល់ត្រឹមតែប្រមាណ១០ភាគរយទៀតប៉ុណ្ណោះ។ ប្រធានសហគមន៍កសិកម្មរូបនេះបានគូសបញ្ជាក់បន្ថែមថា ផ្លែទុរេនមួយផ្នែកធំនៅក្នុងសហគមន៍ត្រូវបានបែងចែកលក់ទៅឱ្យក្រុមហ៊ុនដៃគូ ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ លោកបានអះអាងថា ទីផ្សារចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យ នៃការធ្លាក់ថ្លៃទីផ្សារទុរេនក្នុងអំឡុងពេលប្រមូលផលជាន់គ្នាខ្លាំង។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា មកទល់ពេលនេះមានចម្ការទុរេនចំនួន១១២ និងរោងចក្រវេចខ្ចប់ចំនួន៣០ត្រូវបានចុះបញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ បើតាមអ្នកនាំពាក្យរូបនេះ អគ្គនាយកដ្ឋានក្សេត្រសាស្ដ្រនៃក្រសួងកសិកម្ម នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអគ្គរដ្ឋបាលគយចិន ដើម្បីពិនិត្យសំណើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែទុរេនស្រស់សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន បន្ថែមទៀត៕
អត្ថបទ៖ បូ ដូឡា