នៅថ្ងៃទី១៧ ខែមិថុនា ទីភ្នាក់ងារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg បានបើកកកាយនូវខ្លឹមសារស្នូលទាំង១៤ចំណុច នៃសេចក្តីព្រាង នៃកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដែលមានខ្លឹមសារដូចខាងក្រោម
ទី១. ការបញ្ចប់សង្គ្រាមជាបន្ទាន់ និងជាអចិន្ត្រៃយ៍៖ ភាគីទាំងពីររួមទាំងសម្ព័ន្ធមិត្តក្នុងសង្គ្រាមបច្ចុប្បន្ន ត្រូវបញ្ឈប់ការប្រយុទ្ធគ្នាលើគ្រប់សមរភូមិជាបន្ទាន់រួមទាំងនៅក្នុងប្រទេសលីបង់ និងប្តេជ្ញាមិនបង្កអរិភាព ឬប្រើប្រាស់កម្លាំងយោធាគំរាមកំហែងគ្នាទៅវិញទៅមកជាដាច់ខាត។ ទី២, ការគោរពអធិបតេយ្យភាព៖ អាម៉េរិក និងអ៊ីរ៉ង់ប្ដេជ្ញាគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងចៀសវាងការលូកដៃជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ ទី៣, ក្របខណ្ឌពេលវេលាចរចា៖ ភាគីទាំងពីរបានឯកភាពបង្កើតឱសានវាទរយៈពេលយ៉ាងយូរ៦០ថ្ងៃ ដើម្បីចរចាឈានទៅសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ ដោយអាចពន្យារពេលបាន លុះត្រាតែមានការយល់ព្រមពីភាគីទាំងសងខាង។
ទី៤, ការដកការឡោមព័ទ្ធផ្លូវទឹក និងដកទ័ព៖ អាម៉េរិកត្រូវដកការឡោមព័ទ្ធបិទផ្លូវទឹក បញ្ឈប់ការរារាំងផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ និងត្រូវស្តារចរាចរណ៍ផ្លូវទឹកឡើងវិញក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ ក្រោយការចុះហត្ថលេខា។ ទី៥, អ៊ីរ៉ង់ត្រូវធានាសុវត្ថិភាពនាវាពាណិជ្ជកម្ម៖ ភាគីអ៊ីរ៉ង់ត្រូវចាត់វិធានការភ្លាមៗ ដើម្បីធានាថា ការធ្វើចរាចរណ៍របស់នាវាពាណិជ្ជកម្មចេញ-ចូលក្នុងឈូងសមុទ្រពែក្ស ត្រូវបើកចំហឡើងវិញប្រកបដោយសុវត្ថិភាពក្នុងរយៈពេល៣០ថ្ងៃដូចកាលមុនផ្ទុះសង្គ្រាម។ ទី៦, មូលនិធិស្ដារសេដ្ឋកិច្ច៣០០ពាន់លានដុល្លារ៖ សហរដ្ឋអាម៉េរិក និងដៃគូក្នុងតំបន់ នៃឈូងសមុទ្រពែក្ស ប្ដេជ្ញាបង្កើតផែនការដ៏ទូលំទូលាយមួយ ដើម្បីជួយស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឡើងវិញក្នុងកញ្ចប់ថវិការហូតដល់ទៅ៣០០ពាន់លានដុល្លារ។
ទី៧. ការលុបចោលទណ្ឌកម្មសេដ្ឋកិច្ច៖ អាម៉េរិកប្តេជ្ញាបញ្ចប់រាល់ទណ្ឌកម្មគ្រប់ប្រភេទ ដែលកំពុងអនុវត្តលើអ៊ីរ៉ង់ រួមទាំងការជួយជំរុញសេចក្តីសម្រេចគាំទ្រពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ផងដែរ។ ទី៨, បញ្ហានុយក្លេអ៊ែ៖ អ៊ីរ៉ង់ត្រូវបញ្ជាក់ជំហរជាថ្មីថា នឹងមិនផលិតអាវុធនុយក្លេអ៊ែជាដាច់ខាត ចំណែកឯបញ្ហាសម្ភារៈចម្រាញ់ និងបច្ចេកទេសនុយក្លេអ៊ែផ្សេងទៀត នឹងត្រូវលើកយកទៅជជែកដោះស្រាយឱ្យចប់សព្វគ្រប់ក្នុងកិច្ចព្រមព្រៀងចុងក្រោយ។ ទី៩, ការរក្សាស្ថានភាពចាស់បណ្ដោះអាសន្ន៖ ក្នុងដំណាក់កាលរង់ចាំកិច្ចព្រមព្រៀងចុងក្រោយ អ៊ីរ៉ង់ត្រូវបង្កកស្ថានភាពកម្មវិធីនុយក្លេអ៊ែត្រឹមកម្រិតបច្ចុប្បន្ន ឯអាម៉េរិក ក៏ត្រូវប្ដេជ្ញាមិនដាក់ទណ្ឌកម្មថ្មី ឬបង្កើនកម្លាំងទ័ពរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា។
ទី១០, ការដកទណ្ឌកម្មនាំចេញប្រេង៖ ភ្លាមៗក្រោយចុះហត្ថលេខា ក្រសួងហិរញ្ញវត្ថុអាម៉េរិក នឹងចេញលិខិតលើកលែងទណ្ឌកម្មសម្រាប់ការនាំចេញប្រេងឆៅ ផលិតផលគីមីឥន្ធនៈ រួមទាំងសេវាកម្មពាក់ព័ន្ធដូចជា ធនាគារ ធានារ៉ាប់រង និងការដឹកជញ្ជូនរបស់អ៊ីរ៉ង់។ ទី១១, ការដោះលែងទ្រព្យសម្បត្តិដែលបានបង្កក៖ ផ្អែកលើវឌ្ឍនភាពនៃការចរចារាល់មូលនិធិ និងទ្រព្យសម្បត្តិទាំងឡាយរបស់អ៊ីរ៉ង់ ដែលធ្លាប់ត្រូវអាម៉េរិកបង្កក ឬដាក់កម្រិតកន្លងមក នឹងត្រូវដោះលែងឱ្យមានសិទ្ធិប្រើប្រាស់ពេញលេញឡើងវិញ។
ទី១២, យន្តការត្រួតពិនិត្យការអនុវត្ត៖ ភាគីទាំងពីរព្រមព្រៀងបង្កើតគណៈកម្មការយន្តការរួមមួយ ដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជៀសវាងការក្រឡាស់សម្តី។ ទី១៣, ជំហានឆ្ពោះទៅកាន់ការចរចាកិច្ចព្រមព្រៀងចុងក្រោយ៖ ក្រោយទទួលបានការធានាលើការអនុវត្តជាក់ស្តែងនៃមាត្រាគន្លឹះៗរួចរាល់ ភាគីទាំងពីរនឹងបោះជំហានចូលទៅរកការចរចាសម្រេចកិច្ចព្រមព្រៀងចុងក្រោយ ដោយផ្ដោតតែលើចំណុចសេសសល់តូចៗប៉ុណ្ណោះ និងទី១៤, ការអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ UN៖ រាល់កិច្ចព្រមព្រៀងចុងក្រោយបង្អស់ ត្រូវតែឆ្លងកាត់ការអនុម័ត និងគាំទ្រដោយសេចក្តីសម្រេចផ្លូវការពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឱ្យមានតម្លៃគតិយុត្តិជាអន្តរជាតិ និងមានកាតព្វកិច្ចត្រូវតែអនុវត្តចៀសវាងការកែប្រែ។
ទោះបីជាសេចក្តីព្រាងកិច្ចព្រមព្រៀង១៤ចំណុចនេះ មើលទៅមានភាពលម្អិត និងផ្ដល់ផលចំណេញច្រើនទៅខាងភាគីអ៊ីរ៉ង់ ក៏ដោយ ប៉ុន្តែកាលបរិច្ឆេទ នៃការចុះហត្ថលេខានៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយ ដែលពិភពលោកត្រូវកត់ត្រា ថាតើភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានឆាបឆេះតាំងពីថ្ងៃទី២៨ ខែកុម្ភៈ អាចនឹងរលត់ទៅវិញដោយសារការទូតផ្លូវការ ឬយ៉ាងណា៕
អត្ថបទៈ សួន ឡង់ទី