ជុំវិញចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា វានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរចិន ឱ្យមកកម្សាន្តនៅកម្ពុជា ឡើងវិញ។ ប៉ុន្តែអ្នកជំនាញស្នើឱ្យមានការតាមដាន និងរឹតបន្តឹងលើជនជាតិចិនមួយចំនួន ដែលអាចឆ្លៀតឱកាសលួចចូលមកធ្វើការដោយខុសច្បាប់ផងដែរ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ជឿជាក់ថា ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ភ្ញៀវទេសចរចិន នាពេលខាងមុខ វានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញទេសចរចិន ឱ្យចូលមកទស្សនាកម្ពុជា កាន់តែច្រើន។ ទោះជាយ៉ាងណា លោកជំទាវ ហាក់បារម្ភពីការលេចធ្លាយ ឬហូរចូលជនជាតិចិន ដែលមិនមែនជាអ្នកទេសចរពិតប្រាកដ ពោលគឺចូលមកដើម្បីស្វែងរកការងារធ្វើដោយខុសច្បាប់តាមរយៈយន្តការនេះ។ បញ្ហានេះទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច និងផ្នែកជំនាញពាក់ព័ន្ធបង្កើនការតាមដាន និងរឹតបន្តឹងយន្តការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់។
ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនទេសចរណ៍របស់កម្ពុជា និងដៃគូនៅក្នុងប្រទេសចិន បានផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍នានា ដើម្បីទាក់ទាញទេសចរចិន ឱ្យមកកម្សាន្តនៅកម្ពុជា នៅក្នុងឱកាសនៃការលើកលែងទិដ្ឋាការសាកល្បង។ អ្នកជំនាញរូបនេះជឿជាក់ថា រដ្ឋាភិបាលនឹងមានវិធានការនានា ដើម្បីទប់ស្កាត់បញ្ហាដែលអាចកើតមានឡើងក្នុងអំឡុងពេល នៃការលើកលែងទិដ្ឋាការសាកល្បងនាពេលខាងមុខ ពិសេសការហូរចូលជនជាតិចិន ដែលមិនមែនទេសចរមកធ្វើសកម្មភាពប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ រយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានការដាក់ពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។ ក្នុងអំឡុងពេលនៃការអនុវត្តការលើកលែងទិដ្ឋាការនេះ ភ្ញៀវទេសចរចិនអាចមកកម្ពុជាប៉ុន្មានលើកក៏បាន៕
អត្ថបទ៖ បូ ដូឡា