សហជីពឧស្សាហកម្មលោហធាតុឈានមុខគេនៅសហភាពអឺរ៉ុប បានព្រមានថា រលកនៃការបាត់បង់ការងារធ្វើក្នុងវិស័យឧស្សាហកម្មផលិតកម្មរបស់អឺរ៉ុបនឹងកើនឡើងក្នុងល្បឿនយ៉ាងលឿន ប្រសិនបើទីក្រុងព្រុចសែល មិនអាចទប់ស្កាត់ភាពជាអាណានិគមឧស្សាហកម្មពីសំណាក់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងទំនិញរបស់ចិនបានទេនោះ។
សហជីពនេះបានព្យាករថា អឺរ៉ុបអាចនឹងបាត់បង់ការងារក្នុងវិស័យផលិតកម្មប្រមាណ៣០ម៉ឺនកន្លែងក្នុងអំឡុងពេលដែលនៅសល់នៃឆ្នាំ២០២៦ នេះ។ ដើមហេតុចម្បង គឺបណ្តាលមកពីការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ពីប្រទេសចិន ដែលបច្ចុប្បន្នកំពុងក្តោបក្តាប់អតិរេកពាណិជ្ជកម្មជាមធ្យមប្រមាណ១ពាន់លានដុល្លារក្នុងមួយថ្ងៃៗជាមួយសហភាពអឺរ៉ុប។
លោក អាឡេចហ្សានឌ័រ ជូលៀស (Alexander Julius) ប្រធានសហជីពឧស្សាហកម្មលោហធាតុនៅសហភាពអឺរ៉ុប បានថ្លែងប្រាប់ The Guardian ថា ចិន មិនបានលាក់បាំងយុទ្ធសាស្ត្ររបស់ខ្លួននោះឡើយ ហើយអ្វីៗដែលចិនកំពុងសម្រេចបាននៅពេលនេះ គឺស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំយ៉ាងច្បាស់លាស់របស់ខ្លួន។ លោកបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នចិន បានក្តោបក្តាប់ និងដឹកនាំខ្សែច្រវាក់ផលិតកម្មសំខាន់ៗជាច្រើន ដូច្នេះលោកចង់ឱ្យគណៈកម្មការអឺរ៉ុប យល់ដឹងឱ្យបានស៊ីជម្រៅអំពីផលប៉ះពាល់ពីការបុកនាំចេញទំនិញរបស់ចិន។
យោងតាមទិន្នន័យពីស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប អតុល្យភាពពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប បានរីកប៉ោងរហូតដល់ប្រមាណ៤០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕
ដោយៈ សរ សុជាតិ