ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន បានឱ្យដឹងនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា ប្រទេសចិន បង្កើតការងារនៅទីក្រុងបានចំនួន ១០,៥២ លានកន្លែង គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ដែលស្មើនឹង ៨៧,៧% នៃគោលដៅការងារប្រចាំឆ្នាំ។
ក្នុងរយៈពេលពីខែមករា ដល់ខែសីហា អត្រាអ្នកគ្មានការងារធ្វើនៅទីក្រុងជាមធ្យមមានចំនួន ៥,២%។ មន្ត្រីចិន បានបញ្ជាក់ថា ស្ថានភាពការងារជារួមនៅតែមានស្ថិរភាព។
លោក លី ចុង (Li Zhong) អនុរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន និយាយថា ក្រសួងនឹងសហការជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយជំរុញការបង្កើតការងារតាមរយៈការអភិវឌ្ឍវិស័យសេវាកម្ម ដូចជាទេសចរណ៍ បដិសណ្ឋារកិច្ច និងសេវាកម្មផ្សេងៗទៀត។
រដ្ឋាភិបាលចិន ក៏មានគោលដៅរក្សាការងារក្នុងឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ព្រមទាំងស្វែងរកឱកាសការងារថ្មីៗនៅក្នុងវិស័យកំពុងរីកចម្រើន និងឧស្សាហកម្មនាពេលអនាគតផងដែរ។
ដោយឡែក គិតត្រឹមដំណាច់ខែកញ្ញា ប្រជាជនចិន ប្រមាណ ១,០៧៩ ពាន់លាននាក់បានចុះឈ្មោះក្នុងប្រព័ន្ធធានារ៉ាប់រងសោធននិវត្តន៍មូលដ្ឋាន។ ការធានារ៉ាប់រងសម្រាប់អ្នកអត់ការងារធ្វើគ្របដណ្តប់លើប្រជាជន ២៥១ លាននាក់ ខណៈការធានារ៉ាប់រងគ្រោះថ្នាក់ការងារគ្របដណ្តប់លើមនុស្ស ៣២៧ លាននាក់។
មូលនិធិធានារ៉ាប់រងសង្គមទាំង ៣ នេះមានសមតុល្យសរុប ១១,២ ទ្រីលានយន់ ឬ ប្រមាណ ១,៦៧
ទ្រីលានដុល្លារអាម៉េរិក។ តួលេខទាំងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរក្សាស្ថិរភាព
ទីផ្សារការងារ និងពង្រីកឱកាសការងារឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕