ច្រកហ័រម៉ូស

អាម៉េរិក ប្រកាសបញ្ចប់ប្រតិបត្តិការសឹកប្រឆាំងអ៊ីរ៉ង់ និងជំរុញឱ្យចិនជួយសម្របសម្រួលបើកច្រកហ័រម៉ូសឡើងវិញ


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសជាផ្លូវការនូវការបញ្ចប់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសម្រេចបាននូវគោលដៅយោធា ដែលបានគ្រោងទុក។ ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានជំរុញឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជជែកជាមួយអ៊ីរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលការព្រមានអំពីការប្រើប្រាស់កម្លាំងយោធាជាថ្មីនៅតែមាន ប្រសិនបើចាំបាច់។
ច្រកហ័រម៉ូស
ដោយ

​សារព័ត៌មាន CNA បានរាយការណ៍នៅថ្ងៃទី៦ ខែឧសភា ថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Marco Rubio បានប្រកាសថា ប្រតិបត្តិការយោធាពិសេស ដែលមានឈ្មោះថា Operation Epic Fury វាយប្រហារប្រទេសអ៊ីរ៉ង់ បានបញ្ចប់ហើយ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថានេះមិនមែនជាការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍នោះទេ ពោលគឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា អាម៉េរិក ចង់បានសន្តិភាព ហើយចង់បានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឱ្យបានឆាប់បំផុត ប៉ុន្តែព្រមានថា ទីក្រុងវ៉ាស៊ីនតោន នៅតែត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លា ដើម្បីកម្ទេចអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់ ហ៊ានវាយប្រហារម្តងទៀត ជាពិសេសនៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកបម្រើឱ្យការដឹកជញ្ជូនរហូតដល់ទៅប្រមាណ២០% នៃការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក។

ទន្ទឹមនឹងនេះលោក Marco Rubio ក៏បានចោទប្រកាន់អ៊ីរ៉ង់ថា បានគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកតាមរយៈការកំណត់គោលដៅវាយប្រហារលើកប៉ាល់នានា និងដាក់មីនសមុទ្រនៅក្នុងតំបន់នោះ។ លោកបន្តថា អាម៉េរិក និងសម្ពន្ធមិត្តកំពុងធ្វើការជាមួយអង្គការសហប្រជាជាតិដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ ឱ្យបញ្ឈប់ការវាយប្រហារ និងបង្ហាញទីតាំងមីន។

ជាការឆ្លើយតប អ៊ីរ៉ង់ បានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកប៉ាល់នានា មិនអនុវត្តតាមច្បាប់របស់ខ្លួននៅច្រកសមុទ្រ Hormuz។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការវាយប្រហារថ្មីៗនេះ រួមទាំងការវាយប្រហារដោយមីស៊ីល ដ្រូន និងការវាយប្រហារលើទូកផងដែរ។

ជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បានផ្ញើសារជំរុញឱ្យអ៊ីរ៉ង់ ឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់បំផុតដើម្បីចៀសវាងជម្លោះកាន់តែរីកធំ ដែលអាចបង្កមហន្តរាយដល់តំបន់ និងពិភពលោកទាំងមូល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លទ្ធផលសិក្សាមួយបង្ហាញថា កសិករថៃ ជាងពាក់កណ្ដាល គ្មានលទ្ធភាពដោះបំណុលរួច ទោះប្រឹងសងដល់ស្លាប់

វិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចថៃ កំពុងធ្លាក់ចូលក្នុងវិបត្តិបំណុលយ៉ាងធ្ងន់ធ្ងរ។ លទ្ធផលសិក្សាចុងក្រោយមួយបានទម្លាយឱ្យដឹងថាកសិករថៃ ជាង…

អតិថិជនប្រើ KB PRASAC Mobile ស្កេនទូទាត់នៅ emart24 បានលុយវិញត្រលប់វិញ 10% ភ្លាមៗ

ពិតជាអស្ចារ្យ! ចាយហើយបានលុយត្រលប់វិញ 10%! អតិថិជនប្រើ KB PRASAC Mobile ស្កេនទូទាត់ជាមួយ KHQR របស់ធនាគារ ខេប៊ីប្រាសាក់ នៅតាមបណ្ដាហាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ