សារព័ត៌មាន Reuters និង CNBC បានរាយការណ៍នៅថ្ងៃទី៨ ខែកក្កដា ថា អាម៉េរិកបានបើកការវាយប្រហារយ៉ាងចាស់ដៃជាថ្មីលើគោលយុទ្ធសាស្ត្រជាង៨០កន្លែងរបស់អ៊ីរ៉ង់ ក្រោយយោធាអ៊ីរ៉ង់បានបើកការវាយប្រហារលើនាវាដឹកទំនិញចំនួន៣គ្រឿងនៅច្រកសមុទ្រហ័រម៉ូស ដែលធ្វើឱ្យស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាឡើងកម្តៅគួរឱ្យព្រួយបារម្ភជាថ្មី។ ទន្ទឹមនឹងការវាយប្រហារដោយទម្លាក់គ្រាប់បែក ទីក្រុងវ៉ាស៊ីនតោន បានប្រកាសលុបចោលជាបន្ទាន់នូវអាជ្ញាប័ណ្ណពិសេស ដែលធ្លាប់អនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងឡើងវិញ ដើម្បីជាឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីរ៉ង់។
ទីបញ្ជាការកណ្តាលយោធាអាម៉េរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងអាម៉េរិកបានវាយប្រហារចំគោលដៅប្រព័ន្ធការពារដែនអាកាស បណ្តាញបញ្ជាការដ្ឋាន ស្ថានីយរ៉ាដាតាមឆ្នេរសមុទ្រ ព្រមទាំងបានកម្ទេចសមត្ថភាពមីស៊ីលប្រឆាំងនាវា និងនាវាប្រដេញតូចៗជាង៦០គ្រឿងរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅក្នុង និងក្បែរច្រកសមុទ្រហ័រមូស។ ទីបញ្ជាការនេះបានសង្កត់ធ្ងន់ថា ប្រតិបត្តិការដ៏ធំនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយ និងបំបាក់សមត្ថភាពរបស់អ៊ីរ៉ង់ ដើម្បីកុំឱ្យស្ថាប័នយោធាមួយនេះបន្តវាយប្រហារយាយីលើនាវាពាណិជ្ជកម្មអន្តរជាតិ ដែលកំពុងធ្វើចរាចរណ៍តាមច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់មួយនេះតទៅទៀត។
ភ្លាមៗបន្ទាប់ពីការវាយប្រហារនេះ ទីបញ្ជាការយោធារួមរបស់អ៊ីរ៉ង់ បានចេញមុខឆ្លើយតបវិញយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត ដោយបានប្រកាសថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងបើកការវាយបកសងសឹកវិញយ៉ាងធ្ងន់ធ្ងរបំផុត។ ទន្ទឹមនឹងនេះទីក្រុងតេអេរ៉ង់ បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា បានបង្ហាញទង្វើឈ្លានពានយ៉ាងកម្រោល និងខុសច្បាប់ ព្រមទាំងបានព្រមានថា អ៊ីរ៉ង់ ដាច់ខាតនឹងមិនអនុញ្ញាតឱ្យអាម៉េរិកលូកដៃ ឬជ្រៀតជ្រែកចូលក្នុងកិច្ចការគ្រប់គ្រងសន្តិសុខនៃច្រកសមុទ្រហ័រម៉ូសជាដាច់ខាត។
ទន្ទឹមនឹងនេះលោក ម៉ូហាម៉ាត់ បាហ្គ័រ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) ប្រធានសភាអ៊ីរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុស្សរណៈនៃការយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខារួមគ្នា។ លោក បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម X ថា យុគសម័យនៃការគំរាមកំហែង បំផ្លិចបំផ្លាញ និងការជំរិតទារប្រាក់ពីសំណាក់អាម៉េរិកត្រូវបានបញ្ចប់ហើយ។ រាល់ការគាបសង្កត់ទាំងឡាយ គឺគ្មានប្រយោជន៍អ្វីឡើយ ហើយអ៊ីរ៉ង់មិនឱនក្បាលចុះចាញ់ជាដាច់ខាត។
គួរបញ្ជាក់ថា ភ្លើងសង្គ្រាម និងភាពតានតឹងជុំថ្មីនេះបានឡើងកម្ដៅយ៉ាងគំហុក បន្ទាប់ពីមានព្រឹត្តិការណ៍បើកការវាយប្រហារលើនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសកាលពីដើមសប្តាហ៍ ដែលជាហេតុបង្ខំឱ្យសហរដ្ឋអាម៉េរិកសម្រេចលុបចោលការលើកលែងទណ្ឌកម្មប្រេងភ្លាមៗកាលពីព្រឹកថ្ងៃអង្គារ។ ជាផលវិបាកភ្លាមៗ វិបត្តិនយោបាយយោធានេះ បានធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារហក់ឡើងឡើងថ្លៃយ៉ាងគំហុក ដែលកំពុងបង្កើតជាក្តីបារម្ភដល់សេដ្ឋកិច្ចថាមពលសកល។
នៅចំពេលដែលស្ថានភាពកំពុងឡើងកម្ដៅខ្លាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO)។ លោកនឹងជួបពិភាក្សាការងារបន្ទាន់ជាមួយមេដឹកនាំនៃសម្ព័ន្ធភាពអាត្លង់ទិកខាងជើង ដើម្បីជជែកពីវិបត្តិនេះ ខណៈដែលប្រទេសតួកគី គឺជាប្រទេសសមាជិកណាតូតែមួយគត់ដែលមានភូមិសាស្ត្រព្រំដែនជាប់នឹងប្រទេសអ៊ីរ៉ង់៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស