វិស័យការបរទេស

តើលោក ត្រាំ បានរិះគន់ និងគំរាមអ្វីខ្លះទៅលើប្រទេសចំនួន៥ និងស្ថាប័នអន្តរជាតិ ចំនួន២ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ?


នៅក្នុងជំនួបមហាសន្និបាតអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២២​ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់ពេលវេលាប្រមាណជិត៤០នាទីថ្លែងសារនយោបាយយ៉ាងក្ដៅគគុក ដោយបានរិះគន់ និងព្រមានចំៗទៅលើប្រទេសចំនួន៥ ព្រមទាំងស្ថាប័នអន្តរជាតិ កំពូល​ៗចំនួន ២។ តើប្រទេស និងស្ថាប័នអន្តរជាតិណាខ្លះ ដែលត្រូវរងការគំរាមពីលោក ត្រាំ? ហើយតើលោកបានលើកឡើងអ្វីខ្លះពាក់ព័ន្ធនឹងកម្ពុជា?
វិស័យការបរទេស
ដោយ

នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅចំពោះមុខប្រមុខរដ្ឋ និងគណៈប្រតិភូអន្តរជាតិ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមាន និងរិះគន់ប្រទេសចំនួន៥ រួមមានអ៊ីរ៉ង់ អ៊ុយក្រែន វេណេស៊ុយអេឡា គុយបា និងម៉ិកស៊ិក និងស្ថាប័នអន្តរជាតិ ចំនួន២ រួមមានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងអង្គការសហប្រជាជាតិ (UN) ផ្ទាល់តែម្តង។
លោក ត្រាំ បានព្រមានដោយឥតសំចៃមាត់ថា លោកអាចកម្ទេចអ៊ីរ៉ង់ចោល ប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយកើតឡើងទេនោះ ដោយលោកបានព្យាករថា កិច្ចព្រមព្រៀងថ្មីនឹងអាចសម្រេចបាន បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាម៉េរិក នៅថ្ងៃទី៣ ខែវិច្ឆិកា។ ពាក់ព័ន្ធនឹងសង្គ្រាមដ៏អូសបន្លាយនៅអ៊ុយក្រែន លោក ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ហើយអាម៉េរិកនឹងដោះស្រាយវិបត្តិមួយនេះឱ្យបានចប់សព្វគ្រប់។
ពាក់ព័ន្ធនឹងប្រទេសវេណេស៊ុយអេឡា និងគុយបា ឯណោះវិញលោក ត្រាំ បានលើកឡើងថា ប្រតិបត្តិការរបស់អាម៉េរិក ក្នុងប្រទេសវេណេស៊ុយអេឡា គឺជាសាក្សីបញ្ជាក់យ៉ាងច្បាស់ថា អាម៉េរិកនឹងមិនអត់ឱនឱ្យការគំរាមកំហែងណាមួយមកលើខ្លួនកើតមាន និងចាក់ឫសក្នុងអឌ្ឍគោលខាងលិចឡើយ ហើយបើចាំបាច់ អាម៉េរិកនឹងប្រើប្រាស់កម្លាំងយោធាដ៏គ្មានគូប្រៀប ដើម្បីការពារផលប្រយោជន៍ជាតិ។ ជាមួយគ្នានេះ លោក បានហៅគុយបាថា ជារដ្ឋបរាជ័យ ហើយបានអះអាងថា សេរីភាពពិតប្រាកដនឹងកើតមានសម្រាប់ប្រទេសនេះក្នុងពេលឆាប់ៗខាងមុខនេះ។ ចំណែកសម្រាប់ប្រទេសម៉ិកស៊ិកវិញលោក ត្រាំ បានចាត់ទុកប្រទេសនេះថា ជាបេះដូងនៃអំពើហិង្សា ដែលបង្កឡើងដោយបណ្តាញបក្សពួកជួញដូរគ្រឿងញៀនក្នុងតំបន់។
ដោយឡែកចំពោះស្ថាប័នអន្តរជាតិវិញ លោក ត្រាំ បានជំរុញឱ្យបណ្តារដ្ឋជាសមាជិក នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប្រញាប់ដកខ្លួនចេញ ដោយលោកបានថ្កោលទោសស្ថាប័ននេះថា ជាក្រុមមនុស្សអាក្រក់ ដែលគ្មានការគ្រប់គ្រងច្បាស់លាស់ ព្រមទាំងប្រកាសដាច់ខាតថា អាម៉េរិកនឹងមិនអនុញ្ញាតឱ្យកងទ័ពរបស់ខ្លួនត្រូវទទួលរងការកាត់ក្តីបែបឆាកល្ខោនឡើយ។
ជាមួយគ្នានេះ លោក ត្រាំ បានការពារការសម្រេចចិត្តរបស់លោកក្នុងការកាត់បន្ថយថវិកា និងបុគ្គលិកអាម៉េរិកនៅ UN ដោយចាត់ទុកថា ជាកំណែទម្រង់ដ៏ទូលំទូលាយ។ លោកបានសង្កត់ធ្ងន់ថា UN ត្រូវតែបញ្ឈប់ការជំរុញរបៀបវារៈឆ្វេងនិយមជ្រុល ដែលរៀបចំឡើងដោយក្រុមមន្ត្រីការិយាធិបតេយ្យគាំទ្រសកលភាវូបនីយកម្ម ដែលមិនត្រូវបានជ្រើសរើសដោយឆន្ទៈប្រជាពលរដ្ឋ។
យ៉ាងណាមិញនៅក្នុងឱកាសដ៏សំខាន់នោះ មេដឹកនាំប្រទេសមហាអំណាចផុតលេខរូបនេះ ក៏បានរំឭកឡើងវិញដោយមោទនភាពនូវសារថ្លែងអំណរគុណពីថ្នាក់ដឹកនាំកម្ពុជា ចំពោះតួនាទីការទូតរបស់លោកក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ភ្លាមៗ និងដោយឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ។ លោកបានគូសបញ្ជាក់ថា មេដឹកនាំកម្ពុជា បានកោតសរសើរ និងប្រសិទ្ធនាមលោកថា ជារដ្ឋបុរស ឬ Statesmanship ដែលស្តែងចេញនូវភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យនយោបាយវែងឆ្ងាយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ រៀបចំពិធីទទួល លោក ស៊ី ជីនពីង យ៉ាងអធិកអធម ខណៈរំពឹងថា នឹងអាចបន្តការផ្អាក​សង្គ្រាមពាណិជ្ជកម្ម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង យ៉ាងអធិកអធម នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ