វិស័យពាណិជ្ជកម្ម

ចិន ដាក់ក្រុមហ៊ុនអាម៉េរិក ចំនួន៥៦ ក្នុងបញ្ជីរឹតត្បិតការធ្វើពាណិជ្ជកម្ម ដើម្បីសងសឹក


សង្រ្គាមបច្ចេកវិទ្យា និងពាណិជ្ជកម្មរវាងមហាអំណាចផុតលេខទាំងពីរនៅលើពិភពលោកបានឈានដល់ចំណុចពុះកញ្ជ្រោលសាជាថ្មី។ ភ្លាមៗបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ចិន ចូលទៅក្នុងបញ្ជីខ្មៅ អាជ្ញាធរក្រុងប៉េកាំង បានបើកការវាយបកវិញយ៉ាងចាស់ដៃដោយគ្មានការរារែក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ក្រុមហ៊ុនអាម៉េរិក រហូតដល់ទៅ៥៦ក្រុមហ៊ុនត្រូវបានដាក់ក្នុងការរឹតត្បិតការធ្វើពាណិជ្ជកម្មដ៏តឹងរ៉ឹងរបស់ចិន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រទេសចិន បានប្រើយុទ្ធសាស្ត្រ«ភ្នែកជំនួសភ្នែក ធ្មេញជំនួសធ្មេញ» ដោយបានដាក់ក្រុមហ៊ុនអាម៉េរិករហូតដល់៥៦ក្រុមហ៊ុនក្នុងបញ្ជីរឹតត្បិតការធ្វើពាណិជ្ជកម្ម ដើម្បីសងសឹកនឹងរដ្ឋបាល​លោក ដូណាល់ ត្រាំ ដែលបានឡោមព័ទ្ធ និងសង្កត់កក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនរួមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD និង Alibaba ចូលទៅក្នុងបញ្ជីខ្មៅ។ ការឆ្លើយតបដ៏ក្តៅគគុកនេះ ក្រសួងពាណិជ្ជកម្មចិន បានដាក់ក្រុមហ៊ុនផ្គត់ផ្គង់ឧស្សាហកម្មអាម៉េរិក ចំនួន១០ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញយ៉ាងម៉ត់ចត់ ខណៈក្រសួងហិរញ្ញវត្ថុចិន បានសម្រេចចិត្តដកក្រុមហ៊ុនអាម៉េរិក ចំនួន៤៦ ចេញពីសិទ្ធិចូលរួមក្នុងគម្រោងលទ្ធកម្ម និងការផ្គត់ផ្គង់នានារបស់ចិនជាស្ថាពរ ដែលនេះជាការបិទផ្លូវរកស៊ីលើដីចិនយ៉ាងល្វីងជូរចត់។

ការដាក់ចេញវិធានការក្តៅរបស់ទីក្រុងប៉េកាំង​ ធ្វើឡើងបន្ទាប់ពីមន្ទីរបញ្ចកោណអាម៉េរិកកាលពីដើមខែមិថុនា បានចោទប្រកាន់ទាំងបំពានថា ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់ចិន មានការពាក់ព័ន្ធ ឬជួយជ្រោមជ្រែងដល់សកម្មភាពយោធារបស់ទីក្រុងប៉េកាំង រួចក៏បានដាក់កំហិតរារាំងរាល់ប្រតិបត្តិការអាជីវកម្ម និងការវិនិយោគផ្សេងៗជាមួយសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុនអាម៉េរិក ដែលរងការសងសឹកពីចិន រួមមាន ក្រុមហ៊ុនរុករករ៉ែកម្រ MP Materials Corp និង USA Rare Earth ដែលអាម៉េរិក កំពុងត្រូវការចាំបាច់, ក្រុមហ៊ុនផលិតដ្រូន Teal Drones និង Jaia Robotics ព្រមទាំងក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកទំនើប Aveox Inc ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា រួមទាំងក្រុមហ៊ុន Ball Aerospace & Technologies Corp និងក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍យោធា Oshkosh Defense ផងដែរ។

យ៉ាងណាមិញអាជ្ញាធរចិន បានប្រកាសក្តែងៗថា ទីក្រុងប៉េកាំងនឹងបន្តចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន រួមទាំងបានវាយបកចំៗថា អាម៉េរិក គឺជាអ្នកបង្កើតការរើសអើងពាណិជ្ជកម្ម និងនិយមជ្រុល ដោយគ្រាន់តែប្រើលេសសន្តិសុខជាតិ ធ្វើជាខែលបិទបាំងមហិច្ឆតានយោបាយរបស់ខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វិនិយោគិនកំពុងបង្វែរការចាប់ពីបញ្ហាសង្គ្រាមទៅផ្តោតខ្លាំងលើបាតុភូត អែលនីណូ ខណៈវិស័យ៤ អាចរងផលប៉ះពាល់ខ្លាំង

បណ្ដាវិនិយោគិននៅលើទីផ្សារភាគហ៊ុនពិភពលោកកំពុងតែបង្វែររ៉ាដាយកចិត្តទុកដាក់ពីហានិភ័យភូមិសាស្ត្រនយោបាយ ឆ្ពោះទៅរកវិបត្តិប្រែប្រួលអាកាសធាតុវិ…

អូស្ត្រាលី និងកាណាដា ចាប់ដៃគ្នាសាងសង់ប្រព័ន្ធរ៉ាដា ដែលអាចឃ្លាំមើលគោលដៅរាប់ពាន់គីឡូម៉ែត្រ

ប្រទេសអូស្ត្រាលី និងកាណាដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ ដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់ប្រព័ន្ធរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ