ក្រសួងហិរញ្ញវត្ថុអាម៉េរិក កំពុងប្រមូលទិញមូលបត្របំណុលរដ្ឋរយៈពេលវែងដែលបានបោះលក់កាលពីមុនក្នុងទំហំប្រមាណ៤ពាន់លានដុល្លារត្រលប់មកវិញ បន្ទាប់ពីការលក់ចេញយ៉ាងច្រើនបានជំរុញឱ្យផលបត្ររតនាគារកើនឡើងខ្ពស់។ គោលដៅ គឺជួយគាំទ្រតម្លៃមូលបត្របំណុល និងបន្ធូរសម្ពាធលើថ្លៃដើមខ្ចីប្រាក់រយៈពេលវែង។ ចំណាត់ការនេះកើតឡើងស្របពេលបំណុលសាធារណៈរបស់សហរដ្ឋអាម៉េរិក បានកើនឡើងលើស៤០ទ្រីលានដុល្លារ ខណៈផលបត្ររតនាគាររយៈពេល៣០ ឆ្នាំបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៧ មក។
ប៉ុន្តែវិនិយោគិនមួយចំនួនព្រួយបារម្ភថា ការទិញមូលបត្របំណុលត្រលប់មកវិញនេះអាចបង្កសម្ពាធលើប្រាក់ដុល្លារ។ ប្រសិនបើក្រុងវ៉ាស៊ីនតោន ព្យាយាមរក្សាថ្លៃដើមខ្ចីប្រាក់ឱ្យនៅទាប វិនិយោគិនអាចស្វែងរកទ្រព្យសកម្មផ្សេង ដែលផ្តល់ផលចំណេញខ្ពស់ជាង ហើយអាចកាត់បន្ថយការកាន់កាប់ទ្រព្យសកម្មជាប្រាក់ដុល្លារ។
ក្រោយការប្រកាសនេះឆាងឆេងមាសបានឡើងជាង៣% ខណៈ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬ គ្រីបតូធំបំផុតរបស់ពិភពលោកបានហក់ឡើងថ្លៃប្រមាណ១៣% ក្នុងរយៈពេលពីរថ្ងៃ ដែលនេះបង្ហាញថា វិនិយោគិនមួយចំនួនកំពុងស្វែងរកជម្រើសផ្សេងពីទ្រព្យសកម្មជាប្រាក់ដុល្លារ។ ចំណាត់ការនេះ ក៏អាចជួយបន្ធូរប្រាក់កម្ចី និងអត្រាកម្ចីរយៈពេលវែង មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក។ ប៉ុន្តែប្រសិនបើជំរុញខ្លាំងពេក វាអាចធ្វើឱ្យអតិផរណាហក់ឡើង និងបង្ខំឱ្យធនាគារកណ្តាលអាម៉េរិករក្សាអត្រាការប្រាក់ខ្ពស់៕
ដោយ: តែម សុខុម