សេដ្ឋកិច្ចអ៊ីរ៉ង់

ហេតុអ្វីសេដ្ឋកិច្ចអ៊ីរ៉ង់ នៅតែមិនដួលរលំ ទោះបីរងទណ្ឌកម្មជុំទិស និងរងការវាយប្រហារពីអាម៉េរិក?


ទោះបីជាប្រឈមមុខនឹងទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីសហរដ្ឋអាម៉េរិក សម្ពាធយោធា និងស្ថិតក្រោមភ្លើង​សង្គ្រាមអស់រយៈពេលជាច្រើនខែ​យ៉ាងណាក្ដី ក៏សេដ្ឋកិច្ចអ៊ីរ៉ង់ នៅតែអាចឈរជើងបានមិនដួលរលំដូចការរំពឹងទុករបស់អ្នកវិភាគមួយចំនួននោះឡើយ។ ប៉ុន្តែការរស់រាននេះមិនមែន​មានន័យថា អ៊ីរ៉ង់ ដែលមានប្រជាជនជាង៩០លាននាក់ គ្មានវិបត្តិនោះទេ។ នៅពីក្រោយភាពធន់នេះ គឺជាការឈឺចាប់របស់ប្រជាជនជាច្រើនលាននាក់ ដែលកំពុងប្រឈមវិបត្តិទំនិញឡើងថ្លៃ រូបិយប័ណ្ណចុះថោក និងជីវភាពកាន់តែពិបាក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
សេដ្ឋកិច្ចអ៊ីរ៉ង់
ដោយ

សេដ្ឋកិច្ចអ៊ីរ៉ង់ កំពុងប្រឈមនឹងសមរភូមិដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី រងទណ្ឌកម្មអន្តរជាតិ ជាច្រើនឆ្នាំ និងការប្រឈមមុខផ្នែកយោធាជាមួយសហរដ្ឋអាម៉េរិក ដែលជាបងធំទី១ របស់ពិភពលោក។ ស្បៀងអាហារ និងទំនិញចាំបាច់ជាមូលដ្ឋានបានហក់ឡើងថ្លៃខ្លាំង ខណៈរូបិយប័ណ្ណជាតិ បន្តចុះថោកធ្វើឱ្យគ្រួសារជាច្រើនត្រូវរស់ទាំងត្រដាបត្រដួស។ ប៉ុន្តែសំណួរសួរថា ហេតុអ្វីអ៊ីរ៉ង់ នៅតែមិនដួលរលំ?
ឆ្លើយតបនឹងសំណួរនេះ ក្រុមអ្នកជំនាញបានលើកឡើងថា មូលហេតុដ៏សំខាន់ គឺដោយសារអ៊ីរ៉ង់ បានកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើខ្លួនឯងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្នុងនាមជាប្រទេសផលិតប្រេងដ៏ធំមួយ អ៊ីរ៉ង់ បានពង្រឹងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសខាងក្រៅ។ លើសពីនេះ អ៊ីរ៉ង់ ក៏បានប្រើប្រាស់បណ្តាញពាណិជ្ជកម្មក្រៅផ្លូវការ ការនាំចេញប្រេងតាមបណ្តាញដែលគេចពីទណ្ឌកម្ម និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន និងប្រទេសជិតខាង ដើម្បីរក្សាចំណូលឱ្យបន្តហូរចូលចរន្តសេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងណាអ្នកដែលរងគ្រោះខ្លាំងបំផុតពីសម្ពាធនេះ គឺប្រជាជនសាមញ្ញ។ អតិផរណាខ្ពស់បានធ្វើឱ្យតម្លៃស្បៀងអាហារ ថ្លៃជួលផ្ទះ និងទំនិញនាំចូលហក់ឡើងយ៉ាងខ្លាំង ខណៈប្រាក់ឈ្នួលឡើងតាមមិនទាន់ថ្លៃជីវភាពរស់នៅ ដែលកើនឡើងឥតឈប់ឈរ។ ជាលទ្ធផលចំនួនប្រជាជនវណ្ណៈកណ្តាលកាន់តែរួមតូច ហើយចំនួនប្រជាជនដែលធ្លាក់ចូលក្នុងភាពក្រីក្រកំពុងកើនឡើង។
រដ្ឋាភិបាលអ៊ីរ៉ង់ បានព្យាយាមទប់ស្កាត់វិបត្តិតាមរយៈផ្តល់ឧបត្ថម្ភធន កម្មវិធីជំនួយ និងការគាំទ្រផ្សេងៗ ដើម្បីរក្សាស្ថិរភាពសង្គម។ ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា នេះគ្រាន់តែជាវិធីទប់ទល់បណ្តោះអាសន្នប៉ុណ្ណោះ ខណៈបន្ទុកសេដ្ឋកិច្ចនៅតែធ្លាក់លើប្រជាជន។ ជាមួយគ្នានេះ អ៊ីរ៉ង់ ក៏កំពុងប្រឈមនឹងបញ្ហាផ្ទៃក្នុងដូចជាអំពើពុករលួយ ការវិនិយោគដាំក្បាលចុះ និងការគ្រប់គ្រងសេដ្ឋកិច្ចគ្មានប្រសិទ្ធភាព។
ក្រុមអ្នកជំនាញព្រមានថា ទោះបីប្រព័ន្ធនយោបាយអាចឈរជើងបានយ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ចអ៊ីរ៉ង់អាចបន្តស្ថិតក្នុងស្ថានភាពទន់ខ្សោយ ប្រសិនបើគ្មានកំណែទម្រង់ស៊ីជម្រៅ និងការបន្ធូរភាពតានតឹងជាមួយពិភពលោក។ សម្រាប់ពេលនេះ អ៊ីរ៉ង់អាចបន្តរស់រានក្រោមសម្ពាធបាន ប៉ុន្តែសំណួរដ៏ចាក់ដោតមួយបានចោទសួរថា តើសេដ្ឋកិច្ចដែលរស់រានដោយការតស៊ូដ៏លំបាកលំបិន និងការលះបង់របស់ប្រជាជនអាចទ្រាំទ្របានយូរប៉ុនណា ខណៈវិបត្តិនៅតែបន្តកើនឡើងនោះ?យើងរង់ចាំតាមដានមើលបន្តទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក អានុទីន និងមន្ត្រីជាន់ខ្ពស់៩រូប រងការចោទប្រកាន់ជាប់ពាក់ព័ន្ធរឿងអាស្រូវក្នុងការបោះឆ្នោតព្រឹទ្ធសភា

មិនទាន់ដោះស្រាយរឿងមួយចប់ផងស្រាប់តែជួបបញ្ហាមួយទៀត ដោយនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល និងមន្ត្រីជាន់ខ្ពស់ចំនួន៩រូបមកពីគណបក្សកាន់អ…

វិស័យសំណង់កម្ពុជា បន្តរក្សាកំណើនទាប តែការផលិតសម្ភារ និងបរិក្ខារសំណង់ក្នុងស្រុកហក់ឡើងខ្ពស់

វិស័យសំណង់ ដែលជាសសរស្ដម្ភសេដ្ឋកិច្ចមួយ និងធ្លាប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ចសកលចាប់តាំងពីការរីករាលដាល នៃជំងឺកូវីដ-១៩ មក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ