នយោបាយថៃ

លោក អានុទីន និងមន្ត្រីជាន់ខ្ពស់៩រូប រងការចោទប្រកាន់ជាប់ពាក់ព័ន្ធរឿងអាស្រូវក្នុងការបោះឆ្នោតព្រឹទ្ធសភា


មិនទាន់ដោះស្រាយរឿងមួយចប់ផងស្រាប់តែជួបបញ្ហាមួយទៀត ដោយនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល និងមន្ត្រីជាន់ខ្ពស់ចំនួន៩រូបមកពីគណបក្សកាន់អំណាចកំពុងរងការចោទប្រកាន់ជុំវិញភាពមិនប្រក្រតីក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ កាសែត Bangkok Post បានរាយការណ៍ថា អង្គការសង្គមស៊ីវិលក្នុងស្រុកមួយឈ្មោះ iLaw បានចោទប្រកាន់លោក អានុទីន និងមន្ត្រីសំខាន់ៗរបស់គណបក្សភូមិចៃថៃថា បានគប់គិតគ្នារៀបចំបំភាន់ដំណើរការបោះឆ្នោតព្រឹទ្ធសភាកាលពីឆ្នាំ២០២៤ កន្លងទៅ។
នយោបាយថៃ
ដោយ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន ដែលមកពីគណបក្សភូមិចៃថៃ ត្រូវបានអង្គការសង្គមស៊ីវិលថៃ iLaw ចោទប្រកាន់ថា បានគប់គិតគ្នារៀបចំ និងបំភាន់ដំណើរការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាកាលពីឆ្នាំ២០២៤។ យ៉ាងណាមិញលោក អានុទីន បានចេញមុខច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ការចោទប្រកាន់របស់អង្គការ iLaw អាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពរបស់រដ្ឋាភិបាលចម្រុះ។
ទោះជាយ៉ាងណាក៏ដោយលោក យីងឈីប អាឆាណុន (Yingcheep Atchanont) នាយកអង្គការ iLaw បានប្តេជ្ញាថា លោកនឹងបន្តបញ្ចេញភស្តុតាងបន្ថែមទៀត ដើម្បីគាំទ្រការចោទប្រកាន់នេះ។ កាលពីពេលថ្មីៗលោក យីងឈីប បានដាក់ញត្តិមួយតាមរយៈគណបក្សប្រឆាំងដើម្បីស្នើសុំឱ្យសភាថៃបើកការស៊ើបអង្កេតលើការជាប់ពាក់ព័ន្ធរបស់ឥស្សរជនជាន់ខ្ពស់រហូតដល់៩រូបមកពីគណបក្សភូមិចៃថៃ។ អង្គការ iLaw បានអះអាងថា លោក អានុទីន បានចូលរួមក្នុងជំនួបមួយនៅសណ្ឋាគារ Pullman Bangkok King Power ខណៈឥស្សរជនជាន់ខ្ពស់ដទៃទៀតក៏បានចូលរួមជាបន្តបន្ទាប់ទៀតផងដែរ។
ក្រោយរងការចោទប្រកាន់លោក អានុទីន បានថ្លែងថា គណបក្ស និងសមាជិករបស់លោកមិនបានពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតព្រឹទ្ធសភានោះឡើយ ហើយក៏មិនចាំបាច់បង្កើតក្រុមការងារពិសេស ដើម្បីឆ្លើយតបនឹងរឿងនេះដែរ។ លោក បានអះអាងថា លោកគ្រាន់តែជាភ្ញៀវ ដែលចេញចូលសណ្ឋាគារនោះញឹកញាប់ប៉ុណ្ណោះ ព្រមទាំងបានច្រានចោលការលើកឡើងដែលថា រឿងអាស្រូវនេះអាចឈានទៅដល់ការរំលាយគណបក្សកាន់អំណាច។
ក្រុមអ្នកវិភាគបានកត់សម្គាល់ថា នេះជាប្រធានបទក្តៅ និងជារឿងអាស្រូវថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលរបស់លោក អានុទីន។ ប្រសិនបើការរកឃើញរបស់អង្គការ iLaw គឺជាការពិតមែននោះ វានឹងក្លាយជាវិបត្តិនយោបាយដ៏ស្រួចស្រាល់ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ទំនុកចិត្តលើរដ្ឋាភិបាល និងអនាគតនយោបាយរបស់គណបក្សកាន់អំណាចថៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន កំពុងពង្រឹងអាវុធផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍ជាតិ និងឆ្លើយតបនឹងទណ្ឌកម្មបរទេស

ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់ ចិន កំពុងពង្រីកតួនាទី នៃច្បាប់ក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម ការគ្រប់គ្រងការនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ