តើកិច្ចព្រមព្រៀង ដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ ជាសន្តិភាពពិតប្រាកដ ឬគ្រាន់តែជាល្បិចកលពន្យារពេលយកប្រៀបរៀងៗខ្លួន?
ជាការពិតណាស់ ទោះបីជាមិនទាន់មានការចុះហត្ថលេខាជាផ្លូវការ ប៉ុន្តែសញ្ញាវិជ្ជមានបានលេចឡើង តាមរយៈការដកកម្លាំងយោធាចេញពីសមរភូមិជាបណ្តោះអាសន្ន។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្គារីបាបាឌី (Kazem Gharibabadi) បានអះអាងដូចគ្នាថា ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀម ភាគីទាំងពីរបានឯកភាពបើកច្រកសមុទ្រហ័រម៉ូសឡើងវិញក៏ដូចជាការដកការបិទខ្ទប់ផ្លូវសមុទ្រពីសំណាក់កងទ័ពជើងទឹកអាម៉េរិក។
ប៉ុន្តែសំណួរបានចោទសួរថា តើអ្វីទៅជាភាពមិនច្បាស់លាស់ ដែលកំពុងលាក់ខ្លួននៅពីក្រោយក្រដាសកិច្ចព្រមព្រៀងនេះ? ចំណុចរសើបដែលនូវតែស្ថិតក្នុងភាពមិនច្បាស់លាស់រួមមាន ទី១, អធិបតេយ្យភាពលើច្រកសមុទ្រហ័រម៉ូស
ទោះបីលោក ដូណាល់ ត្រាំ បានអួតអាងក្តែងៗនៅលើបណ្តាញសង្គម Truth Social ថា ច្រកសមុទ្រយុទ្ធសាស្ត្រនេះនឹងបើកឡើងវិញដោយសេរី និងគ្មានការទារថ្លៃសេវាឆ្លងកាត់ក៏ដោយ តែទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ Mehr បែរជានិយាយផ្ទុយមកវិញថា រាល់ការបើកដំណើរការឡើងវិញត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការរៀបចំរបស់អ៊ីរ៉ង់តែម្នាក់ឯង។ នេះជាសញ្ញាព្រមានដំបូងបង្អស់ថា ភាគីទាំងពីរមានការបកស្រាយខ្លឹមសារកិច្ចព្រមព្រៀងខុសគ្នា ដែលអាចបង្កជាជម្លោះជាថ្មីបានគ្រប់ពេល។
ទី២, ភាពធូរលុង និងផុយស្រួយ នៃបទឈប់បាញ់៦០ថ្ងៃ
កិច្ចព្រមព្រៀងបឋមនេះមានសុពលភាពត្រឹមតែ៦០ថ្ងៃប៉ុណ្ណោះ ដើម្បីផ្អាកការវាយប្រហារ និងបង្កើតក្របខណ្ឌសម្រាប់ការចរចាលើបញ្ហាធំៗរួមមានកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់, ការដកទណ្ឌកម្មសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ អ្នកវិភាគជាន់ខ្ពស់ប្រចាំតំបន់មជ្ឈិមបូព៌ាលោក ថបចន សូលវីដ (Torbjorn Soltvedt) បានមើលឃើញថា នេះគ្រាន់តែជាការសម្រាលស្ថានការណ៍តែប៉ុណ្ណោះ ព្រោះការរុញបញ្ហាដែលពិបាកដោះស្រាយបំផុតទៅកាន់តុចរចានៅពេលក្រោយ មិនមែនជាការដោះស្រាយសង្គ្រាមទេ ប៉ុន្តែវាជាការរក្សាទុកដុំភ្លើង ដែលអាចផ្ទុះឡើងវិញនាពេលខាងមុខ។
ទី៣, ការបែកបាក់ផ្ទៃក្នុង និងសមាសភាពគណៈប្រតិភូ
រហូតមកដល់ពេលនេះទីក្រុងតេអេរ៉ង់ នៅតែលាក់បាំងបញ្ជីឈ្មោះអ្នកចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងហ្សឺណែវ។ ភាពមិនច្បាស់លាស់នេះ បានឆ្លុះបញ្ចាំងពីការមិនចុះសម្រុងគ្នាយ៉ាងខ្លាំងនៅក្នុងរង្វង់អំណាចជាន់ខ្ពស់របស់អ៊ីរ៉ង់។ ក្រុមអ្នកវិភាគកំពុងតាមដានមើលថា បើសិនជាមានវត្តមានរដ្ឋមន្ត្រីការបរទេស អាបាស អារ៉ាជី (Abbas Araghchi) រួមជាមួយប្រធានសភាលោក ម៉ូហាម៉ាត់ បាហ្គឺ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) និងប្រធានសន្តិសុខជាន់ខ្ពស់ លោក ម៉ូហាម៉ាត់ បាហ្គឺ ហ្សូហ្គាត (Mohammad Bagher Zolghadr) ចូលរួមទើបអាចបញ្ជាក់បានថា កិច្ចព្រមព្រៀងនេះមានការឯកភាពពីគ្រប់បក្សពួកចាប់តាំងពីក្រុមអ្នកអភិរក្សនិយមរហូតដល់មេដឹកនាំកំពូល អាលី ខាមេណី (Ali Khamenei)។ បើមិនដូច្នោះទេ កិច្ចព្រមព្រៀងនេះនឹងក្លាយជាក្រដាសឥតន័យ បើផ្ទៃក្នុងអ៊ីរ៉ង់មិនព្រមទទួលស្គាល់។
ចំណែកឯខាងភាគីអាម៉េរិកវិញ ទោះបីជាមានការលេចឮថា អនុប្រធានាធិបតី JD Vance និងបេសកជនពិសេស លោក Steve Witkoff នឹងទៅចូលរួម ហើយលោក Trump អាចនឹងហោះទៅផ្ទាល់ក្រោយចប់កិច្ចប្រជុំ G7 ក៏ដោយ ក៏គណៈប្រតិភូផ្លូវការនៅតែមិនទាន់ត្រូវបានប្រកាសច្បាស់លាស់នៅឡើយ ដែលបង្ហាញពីការរៀបចំទាំងប្រញាប់ប្រញាល់។
ទី៤, អវត្តមានរបស់អ៊ីស្រាអែល
ទោះបីជាមានការគាំទ្រពីបណ្ដាប្រទេសអារ៉ាប់ដូចជាអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដោយត្រៀមបញ្ជូនតំណាងទៅចូលរួមក៏ដោយ ប៉ុន្តែអ៊ីស្រាអែលដែលជាតួអង្គគន្លឹះ និងជាសត្រូវស៊ីសាច់ហុតឈាមរបស់អ៊ីរ៉ង់ បែរជាមិនចូលរួមក្នុងពិធីនេះទៅវិញ។ អវត្តមានរបស់អ៊ីស្រាអែល គឺជាចន្លោះប្រហោងភូមិសាស្ត្រនយោបាយដ៏ធំបំផុត ព្រោះទោះបីជាអាម៉េរិកដកថយ ក៏មិនមែនមានន័យថា អ៊ីស្រាអែលនឹងបញ្ឈប់ការវាយប្រហារសម្ងាត់ ឬការទម្លាក់គ្រាប់បែកលើក្រុមសកម្មប្រយុទ្ធរបស់អ៊ីរ៉ង់នោះដែរ។
ជារួមអ្នកជំនាញមើលឃើញថា កិច្ចព្រមព្រៀងឈប់បាញ់អាម៉េរិក-អ៊ីរ៉ង់នាពេលនេះមើលទៅដូចជាការផ្អាកប្រកួត ដើម្បីដកដង្ហើម ជាជាងការបញ្ចប់សង្គ្រាមពិតប្រាកដ។ ដរាបណាបញ្ហាស្នូលដូចជាកម្មវិធីនុយក្លេអ៊ែ និងឥទ្ធិពលយោធាក្នុងតំបន់មិនទាន់ត្រូវបានដោះស្រាយ នោះភាពមិនច្បាស់លាស់ នឹងនៅតែបន្តលងបន្លាចសន្តិសុខពិភពលោកជានិច្ច៕
អត្ថបទៈ សួន ឡង់ទី