សារព័ត៌មាន Bloomberg បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកបានស្ទុះងើបឡើងវិញនៅដើមឆ្នាំ២០២៦ ដោយសារតែក្រុមវិនិយោគិនយក្សៗសម្រុកបង្កើនទុនយ៉ាងសម្បើមទៅលើអាជីវកម្មដែលដើរដោយបញ្ញាសិប្បនិម្មិត (AI)។ ក្រុមអ្នកវិភាគបានលើកឡើងថាកាលពីដើមឆ្នាំ២០២៦ សេដ្ឋកិច្ចអាម៉េរិកហាក់ស្ថិតក្នុងស្ថានភាពអាប់អួរបន្តិច ដោយសាររងផលប៉ះពាល់ពីការបិទរដ្ឋាភិបាលសហព័ន្ធដ៏យូរបំផុតមិនធ្លាប់មាន ដែលបានរាំងស្ទះដល់សន្ទុះកំណើនវិជ្ជមានតាំងពីចុងឆ្នាំ២០២៥។ ទោះជាយ៉ាងណា លំហូរទុនវិនិយោគលើវិស័យ AI បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការកែតម្រូវអត្រាអតិផរណា និងរុញច្រានឱ្យកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី១ ឆ្នាំនេះហក់ឡើងដល់២%តែម្តង។
ក្រៅពីការវិនិយោគ វិស័យ AI ក៏បានជួយជំរុញដល់ការចំណាយរបស់ពលរដ្ឋអាម៉េរិក ដែលជាកម្លាំងជំរុញសេដ្ឋកិច្ចដ៏ធំ ដែលមានប្រមាណ២ភាគ៣ នៃសកម្មភាពសេដ្ឋកិច្ចសរុបឱ្យកើនឡើង១,៦% ខ្ពស់ជាងការរំពឹងទុក។ ទន្ទឹមនឹងនេះ ការចំណាយលើសេវាកម្មសុខាភិបាល និងហិរញ្ញវត្ថុ ក៏បានបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ផងដែរ។
ដោយឡែកការចំណាយលើឧបករណ៍បច្ចេកទេស និងការសាងសង់អគារអាជីវកម្មបានស្ទុះឡើងក្នុងល្បឿនដល់ទៅ១០,៤% ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រោមឥទ្ធិពល នៃការរីកចម្រើនផ្នែក AI។
លោក ជេរ៉ូមី ផូវែល (Jerome Powell) ប្រធានធនាគារកណ្តាលសហរដ្ឋអាម៉េរិកបានពិពណ៌នាថា សេដ្ឋកិច្ចអាម៉េរិកបច្ចុប្បន្នមានភាពធន់ខ្លាំង។នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៩ ខែមេសា លោកបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរួមមាន Alphabet, Amazon, Meta និងMicrosoft បានបង្ហូរប្រាក់រាប់រយពាន់លានដុល្លារទៅក្នុងបច្ចេកវិទ្យា AI នៅឆ្នាំនេះ។
ទោះជាយ៉ាងណា អ្នកវិភាគនៅតែមានក្តីបារម្ភចំពោះត្រីមាសបន្ទាប់ដោយសារតែឥទ្ធិពលនៃសង្គ្រាមនៅអ៊ីរ៉ង់។ ជម្លោះនៅមជ្ឈិមបូព៌ា កំពុងធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលអាចប៉ះពាល់ដល់តម្លៃទំនិញ និងទស្សនវិស័យវិនិយោគរបស់ក្រុមហ៊ុនធំៗ។
ជាក់ស្តែង ក្រុមហ៊ុន General Motors បានឱ្យដឹងថា សង្គ្រាមនៅអ៊ីរ៉ង់កំពុងធ្វើឱ្យចំណាយក្នុងផលិតកម្មកើនឡើងលើសការរំពឹងទុក។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍យក្សដូចជា American Airlines និង United Airlines ក៏បានបង្ហាញពីការទម្លាក់គោលដៅប្រាក់ចំណូលរបស់ខ្លួនផងដែរ ដោយសារតែការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈយន្តហោះ៕
ដោយៈ សរ សុជាតិ