សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា បណ្តាញឧក្រិដ្ឋកម្មទាំងនេះបានបោកប្រាស់ និងលួចប្រាក់ពីជនរងគ្រោះនៅជុំវិញពិភពលោក ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងនោះក៏មានពលរដ្ឋអាមេរិកផងដែរ។
ក្នុងចំណោមអ្នកដែលត្រូវបានកំណត់មុខសញ្ញាដាក់ទណ្ឌកម្ម មានឈ្មោះលោក ចៅ ហ៊ួយ (Zhao Hui) ដែលត្រូវបានចោទប្រកាន់ថា បានដំណើរការមជ្ឈមណ្ឌលឆបោកមួយនៅកម្ពុជា ព្រមទាំងក្រុមហ៊ុនចំនួន២ ដែលមានមូលដ្ឋាននៅកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងរបស់លោក។
យោងតាមក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ចៅ ហ៊ួយ (Zhao Hui) គឺមានសញ្ជាតិខ្មែរ ហើយ បានជួលទីតាំងមជ្ឈមណ្ឌលឆបោកមួយ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Prince Group TCO របស់លោក Chen Zhi ហើយបានបង់ថ្លៃការពារទៅឱ្យមេខ្លោងឆបោករូបនោះ ដើម្បីអាចធ្វើប្រតិបត្តិការឆបោកនៅទីតាំងនោះ។ ក្រុមហ៊ុនចំនួនពីររបស់លោក Zhao Hui រួមមានក្រុមហ៊ុន Bei Fang Bo Lin Construction Decoration Co., Ltd និង ក្រុមហ៊ុន ZHZ Investment Consulting Co., Ltd. ក៏ត្រូវបានកំណត់មុខសញ្ញាដាក់ទណ្ឌកម្មពីអាម៉េរិកផងដែរ។
ជាមួយគ្នានេះ ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានចាត់វិធានការនេះ លើមេដឹកនាំជាន់ខ្ពស់២រូប នៃកងទ័ពប្រជាធិបតេយ្យសប្បុរសធម៌ការ៉ែន (DKBA) គឺឧត្តមសេនីយ៍ Saw Shwe Wah ដែលជាមេបញ្ជាការកំពូល និងវរសេនីយ៍ឯក Saw A One ដែលទទួលខុសត្រូវលើការងារសន្តិសុខ និងត្រូវបានចោទប្រកាន់ថា បានចូលរួមប្រើអំពើហិង្សាលើជនរងគ្រោះដោយការជួញដូរមនុស្ស ដែលត្រូវបានបង្ខាំងទុកនៅក្នុងមជ្ឈមណ្ឌលឆបោកទាំងនោះ។
ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា មជ្ឈមណ្ឌលឆបោកដែលមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើនដំណើរការដោយក្រុមឧក្រិដ្ឋជនចិន បានបោកប្រាស់យកប្រាក់ពីពលរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ប៉ាន់ស្មានប្រមាណជាង ១៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។
អាមេរិកបានលើកឡើងថា មជ្ឈមណ្ឌលឆបោកទាំងនេះមិនត្រឹមតែបង្កការខាតបង់ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានការជួញដូរមនុស្ស ផ្តល់ចំណូលដល់ក្រុមប្រដាប់អាវុធ និងបង្កផលប៉ះពាល់ដល់នីតិរដ្ឋ និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
អាមេរិកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ចាត់វិធានការបង្ក្រាបប្រតិបត្តិការឆបោកទាំងនេះ ចាប់បញ្ជូនមេខ្លោង និងអ្នកផ្តល់ការការពារដល់បណ្តាញឧក្រិដ្ឋកម្មទាំងនេះទៅកាត់ទោសតាមច្បាប់ ព្រមទាំងស្វែងរក និងផ្តល់ជំនួយដល់ជនរងគ្រោះដែលទាក់ទងនឹងបទល្មើសជួញដូរមនុស្សផងដែរ។
សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយដៃគូនៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ដើម្បីរំលាយបណ្តាញឧក្រិដ្ឋកម្មទាំងនេះ និងនាំអ្នកដែលនៅពីក្រោយប្រតិបត្តិការទាំងនេះមកទទួលខុសត្រូវ និងការពារពលរដ្ឋអាមេរិកពីការឆបោក។