បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New Times មកទល់ពេលនេះបេក្ខភាពលេចធ្លោមកពី ៤ប្រទេស រួមមាន រវ៉ាន់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ម៉ូរីតានី និងរ៉ូម៉ានី បានដាក់ពាក្យប្រកួតប្រជែង ដើម្បដណ្តើមតំណែងដ៏សំខាន់នៅក្នុងស្ថាប័នអន្តរជាតិ ដ៏មានឥទ្ធិពលមួយនេះ។ តើឥស្សរជនរូបណាខ្លះនឹងត្រូវប្រជែងគ្នានៅលើទឹកដីកម្ពុជា?
ខណៈដែលកម្ពុជា កំពុងត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ជាប្រវត្តិសាស្ត្រ អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ដែលជាក្បាលម៉ាស៊ីនសម្របសម្រួល នៃក្រុមប្រទេសនិយាយភាសាបារាំងប្រមាណ៩០ប្រទេស នឹងរៀបចំការបោះឆ្នោត ដើម្បជ្រើសរើសអគ្គលេខាធិការថ្មីនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។ ផ្អែកតាមបញ្ជីបេក្ខភាពផ្លូវការ ក្នុងចំណោមរដ្ឋសមាជិកពេញសិទ្ធិដែលមានសិទ្ធិឈរឈ្មោះចំនួន៥៣ ប្រទេសមានបេក្ខជនមកពី៤ប្រទេសបានដាក់ពាក្យចូលរួមប្រកួតប្រជែងរួមមានលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការបច្ចុប្បន្នមកពីប្រទេសរវ៉ាន់ដា, លោកស្រី ជូលីអាណា អាម៉ាតូ លូមំបា (Juliana Amato Lumumba) មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, លោកស្រី គូបបា បា (Coumba Bâ) មកពីប្រទេសម៉ូរីតានី និងលោក ដាសៀង ស៊ីយូឡូស (Dacian Cioloș) មកពីប្រទេសរ៉ូម៉ានី។
អង្គការ ហ្វ្រង់កូហ្វូនី បានបញ្ជាក់ថា ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ហើយឥស្សរជនដែលទទួលបានជ័យជម្នះ នឹងកាន់តំណែងជាអគ្គលេខាធិការដឹកនាំអង្គការនេះក្នុងអាណត្តិ៤ឆ្នាំចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣០។
សូមបញ្ជាក់ថា បច្ចុប្បន្នអង្គការ ហ្វ្រង់កូហ្វូនី មានសមាជិកសរុបប្រមាណ៩០ប្រទេសក្នុងនោះសមាជិកពេញសិទ្ធិ៥៣ប្រទេសរួមទាំងកម្ពុជា សមាជិកសង្កេតការណ៍៣២ប្រទេស និងសមាជិកមិនពេញសិទ្ធិចំនួន៥ប្រទេស។
តំណែងអគ្គលេខាធិការ គឺជាតំណែងប្រតិបត្តិកំពូល និងជាតំណាងស្របច្បាប់តែមួយគត់របស់អង្គការ ហ្វ្រង់កូហ្វូនី លើឆាកអន្តរជាតិ។ ប្រធានស្ថាប័ននេះ មានភារកិច្ចស្នូលក្នុងការដឹកនាំកិច្ចការនយោបាយ សម្របសម្រួលកិច្ចសហប្រតិបត្តិការពហុភាគី និងរៀបចំតាមដានកម្មវិធីយុទ្ធសាស្ត្រនានា ដែលគ្របដណ្តប់លើវិស័យអប់រំ ភាពចម្រុះនៃវប្បធម៌ សន្តិភាព លទ្ធិប្រជាធិបតេយ្យ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅទូទាំងពិភពលោក៕
ដោយៈ សរ សុជាតិ