មូលនិធិរូបិយវត្ថុអន្តរជាតិ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ៣% ព្រមទាំងបានព្រមានអំពីហានិភ័យចម្បងៗដែលកំពុងបន្តអូសបន្លាយដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ការបែកបាក់នៃខ្សែច្រវាក់ពាណិជ្ជកម្មសកល និងការកែតម្រូវដែលអាចកើតមានឡើងពាក់ព័ន្ធនឹងការរំពឹងទុកខ្ពស់លើទីផ្សារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI។ ប៉ុន្តែប្រសិនបើសង្រ្គាមនៅមជ្ឈិមបូព៌ាអាចស្វែងរកពន្លឺសន្តិភាពឃើញវិញនោះ សេដ្ឋកិច្ចពិភពលោកអាចនឹងគេចផុតពីការធ្លាក់ចុះបន្ថែមទៀត ដោយសារសម្ទុះនៃការកើនឡើងតម្រូវការក្នុងវិស័យបច្ចេកវិទ្យា អាចជួយទូទាត់សងការធ្លាក់ចុះ នៃការផ្គត់ផ្គង់ថាមពល ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។
តាមការរំពឹងទុក IMF កំណើនសេដ្ឋកិច្ចសកលអាចនឹងងើបឡើងវិញដល់ ៣,៤% នៅក្នុងឆ្នាំ២០២៧ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានៅតែមានកម្រិតទាបជាងមធ្យមភាគ ៣,៥% ដែលពិភពលោកធ្លាប់សម្រេចបានកាលពីក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។
IMF បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកទាំងមូលនៅពេលនេះកំពុងជាប់ក្នុងសំណាញ់ នៃវិបត្តិ ដែលផ្ទុះឡើងដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ ដោយសារតែឥទ្ធិពល នៃសង្រ្គាមនេះ កំណើនពាណិជ្ជកម្មពិភពលោកត្រូវបានគេព្យាករថា នឹងថយចុះខ្លាំងមកនៅត្រឹម ៣,៥% ក្នុងឆ្នាំ២០២៦ ខណៈដែលកាលពីឆ្នាំ២០២៥ ពាណិជ្ជកម្មពិភពលោកមានកំណើនរហូតដល់ ៥% ទោះបីជាកាលណោះពិភពលោកត្រូវប្រឈមមុខនឹងបញ្ហាសង្គ្រាមពន្ធគយរបស់សហរដ្ឋអាម៉េរិក ក៏ដោយ។
លោកស្រី ដេនីស អ៊ីហ្គាន (Deniz Igan) អ្នកជំនាញផ្នែកស្រាវជ្រាវសេដ្ឋកិច្ចរបស់ IMF បានលើកឡើងថា រហូតមកដល់ពេលនេះអ្វីៗហាក់ដូចជាកំពុងដំណើរការទៅមុខបានល្អ ប៉ុន្តែវាមិនមែនមានន័យថា វាបានលុបបំបាត់កត្តាហានិភ័យ ដែលមាននោះឡើយ ជាពិសេសគឺបញ្ហាសង្គ្រាម។ លោកស្រីបានបន្តថា ការដួលរលំ នៃកិច្ចព្រមព្រៀងសន្តិភាព និងការផ្ទុះឡើងវិញ នៃជម្លោះប្រដាប់អាវុធអាចបង្កជាហានិភ័យដ៏ធំធេង ព្រោះបច្ចុប្បន្នបណ្តាប្រទេសនានាបានចាប់ផ្តើមបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនមកប្រើប្រាស់អស់ទៅហើយ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានចាប់ផ្តើមអនុវត្តរលកថ្មី នៃការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ កន្លងទៅ និងបានលុបចោលអាជ្ញាបណ្ណដែលអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់ លក់ប្រេងឡើងវិញ បន្ទាប់ពីយោធាអ៊ីរ៉ង់ បានវាយប្រហារនាវាដឹកប្រេងចំនួន៣គ្រឿងនៅច្រកសមុទ្រហ័រម៉ូស។
ស្ថិតក្នុងស្ថានភាពនេះ IMF បានព្យាករណ៍ថា សហរដ្ឋអាម៉េរិកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ២,៣% នៅឆ្នាំ២០២៦ មុនឡើងដល់ ២,៤% នៅឆ្នាំ២០២៧។ ចំណែកប្រទេសជប៉ុនឯណោះវិញ នៅឆ្នាំ២០២៦ អាចសម្រេចបានកំណើនសេដ្ឋកិច្ចត្រឹមតែ០,៦% ប៉ុណ្ណោះ ហើយនៅឆ្នាំ២០២៧ អាចងើបឡើងបន្តិចដល់០,៧%។ ដោយឡែកប្រទេសចិន សម្រាប់ឆ្នាំនេះអាចទទួលបានកំណើនសេដ្ឋកិច្ច៤,៦% ប៉ុន្តែនៅឆ្នាំ២០២៧ នឹងត្រូវថយចុះមកនៅត្រឹម៤,១% វិញ៕
ដោយៈ សរ សុជាតិ