យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បញ្ហាសំខាន់ដែល IMF ព្រមាន ហើយចង់ឲ្យពិភពលោកពង្រឹងភាពធន់នោះ គឺការថយចុះនៃស្តុកប្រេងបម្រុងយុទ្ធសាស្រ្ត, ការកើនឡើងបំណុលរបស់រដ្ឋាភិបាល និងហានិភ័យភូមិសាស្រ្តនយោបាយ និងទីផ្សារហិរញ្ញវត្ថុ។
យោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា សេដ្ឋកិច្ចសកលអាចនឹងជួបប្រទះការសាកល្បងលើកម្រិត នៃភាពធន់ក្នុងពេលឆាប់ៗខាងមុខ ដោយសារស្តុកថាមពលសម្រាប់គ្រាអាសន្នបានថយចុះដល់កម្រិតទាបបំផុត ខណៈថវិកាបម្រុងរបស់រដ្ឋាភិបាលជុំវិញពិភពលោកកំពុងស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង។
IMF បានសង្កត់ធ្ងន់ថា បើទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកបានបង្ហាញភាពធន់ក្នុងការទប់ទល់នឹងជម្លោះនៅមជ្ឈិមបូព៌ាល្អជាងការព្រួយបារម្ភកាលពី៦ខែមុនក៏ដោយ ប៉ុន្តែវិធានការបង្វែរផ្លូវដឹកជញ្ជូនប្រេងគេចពីច្រកសមុទ្រ ហ័រមូស និងការបញ្ចេញស្តុកថាមពលយុទ្ធសាស្ត្រកន្លងមក គ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្ន ដើម្បីសម្រាលផលប៉ះពាល់លើតម្លៃប្រេង ដែលបង្កឡើងដោយតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់តែប៉ុណ្ណោះ។
សម្រាប់ IMF អាវក្រោះការពារ ឬស្តុកថាមពលបម្រុងសម្រាប់គ្រាអាសន្ន ត្រូវបានប្រើប្រាស់ស្ទើរតែរីងស្ងួតអស់ទៅហើយ។ ទន្ទឹមនឹងនេះ កម្រិតបំណុលសាធារណៈដ៏ខ្ពស់ និងឱនភាពថវិការដ្ឋនៅក្នុងប្រទេសជាច្រើន នឹងទាញទម្លាក់លទ្ធភាពរបស់រដ្ឋាភិបាលក្នុងការជួយកាត់បន្ថយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ប្រសិនបើតម្លៃទំនិញ ឬថាមពលហក់ឡើងខ្លាំងម្តងទៀតនៅពេលអនាគត។
របាយការណ៍ដដែលបានព្រមានផងដែរថា ប្រសិនបើគ្មានការបន្ថែមស្តុកបម្រុង និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញទេនោះ ការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយថ្មីៗ នឹងជះឥទ្ធិពលអាក្រក់យ៉ាងឆាប់រហ័សតាមរយៈការហក់ឡើងនៃតម្លៃទំនិញ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ថ្វីត្បិតតែ IMF បានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំនេះឡើងវិញបន្តិចបន្តួចពី៣%ដល់៣,១% និងរក្សាការព្យាករណ៍សម្រាប់ឆ្នាំក្រោយក្នុងកម្រិត៣,៤% ក៏ដោយ ប៉ុន្តែស្ថាប័ននេះនៅតែបង្ហាញការព្រួយបារម្ភ។
ក្រៅពីវិបត្តិទីផ្សារថាមពល IMF បានចង្អុលបង្ហាញអំពីហានិភ័យធំៗផ្សេងទៀត ដែលបន្តគំរាមកំហែងដល់សេដ្ឋកិច្ចសកលរួមមានលទ្ធភាពនៃការរង្គោះរង្គើទីផ្សារដែលបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, បន្ទុកបំណុលរបស់រដ្ឋ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ដែលអាចរុញច្រានទីផ្សារហិរញ្ញវត្ថុឱ្យធ្លាក់ចូលក្នុងវិបត្តិជាថ្មី៕
ដោយៈ សរ សុជាតិ