ចិន កំពុងកសាងឧបករណ៍ និងយន្តការផ្លូវច្បាប់បន្ថែមទៀត ដើម្បីដោះស្រាយជម្លោះអន្តរជាតិ និងការពារផលប្រយោជន៍របស់ខ្លួន ព្រមទាំងប្រជាពលរដ្ឋចិន នៅបរទេស។ ផ្អែកតាមខ្លឹមសារ នៃសេចក្តីព្រាងច្បាប់ ដែលបានលេចធ្លាយកាលពីខែមិថុនា ចិននឹងអនុញ្ញាតឱ្យព្រះរាជអាជ្ញាសាធារណៈរបស់ខ្លួន មានសិទ្ធិប្តឹងអង្គការ និងបុគ្គលបរទេសទាំងឡាយណា ដែលបានបង្កការខូចខាតដល់ផលប្រយោជន៍ជាតិ ឬផលប្រយោជន៍សាធារណៈរបស់ចិន។ បទប្បញ្ញត្តិថ្មីនេះនឹងក្លាយជាឧបករណ៍ផ្លូវច្បាប់ចុងក្រោយបង្អស់ ក្នុងចំណោមច្បាប់ពាក់ព័ន្ធជាច្រើនទៀត ដែលមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ មួយនេះ បានរៀបចំឡើងជាបន្តបន្ទាប់។
ក្រុមអ្នកជំនាញច្បាប់មើលឃើញថា កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយនេះឆ្លុះបញ្ចាំងពីការរុញច្រានរបស់ទីក្រុងប៉េកាំង ក្នុងការប្រែក្លាយប្រព័ន្ធច្បាប់ក្នុងស្រុកឱ្យទៅជាឧបករណ៍ ដែលអាចដោះស្រាយជម្លោះឆ្លងដែនបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ វាក៏ជាការត្រៀមលក្ខណៈប្រឈមមុខនឹងបរិយាកាសសកលលោកដែលកាន់តែមានភាពតានតឹង ហើយចិន ក៏មិនមែនជាប្រទេសតែមួយ ដែលប្រើយន្តការច្បាប់សន្តិសុខជាតិ ដើម្បីដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយនោះដែរ ព្រោះសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ក៏មានឧបករណ៍ច្បាប់ប្រហាក់ប្រហែលគ្នានេះដែរ។ បន្ថែមលើនេះការចាត់វិធានការរបស់ចិន នៅពេលនេះ គឺដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍សាធារណៈរបស់ចិន៕
ដោយៈ សរ សុជាតិ