វិបត្តិអចលនទ្រព្យនៅប្រទេសចិន កំពុងឈានចូលដល់ដំណាក់កាលកាន់តែស្រពេចស្រពិល និងបង្កសម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងប៉េកាំង។ គម្រោងអចលនទ្រព្យធំៗមិនត្រឹមតែជួបវិបត្តិកកស្ទះការលក់ និងកង្វះខាតសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងប្រឈមនឹងបញ្ហាអាយុកាល នៃប្រើប្រាស់ទៀតផង។ យោងតាមទិន្នន័យស្រាវជ្រាវ គម្រោងអគារការិយាល័យ ផ្សារទំនើប និងឃ្លាំងស្តុកទំនិញធំៗជាច្រើន ដែលមានតម្លៃសរុបប្រមាណ១៤៨ពាន់លានដុល្លារត្រូវបានសាងសង់លើដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលមានកំណត់។
នៅប្រទេសចិន ច្បាប់ចាត់ចែងដីធ្លីបានកំណត់ថា រដ្ឋអនុញ្ញាតឱ្យជួលដីរយៈពេល៤០ឆ្នាំសម្រាប់អាជីវកម្ម ផ្សារទំនើប, ៥០ឆ្នាំសម្រាប់តំបន់ឧស្សាហកម្ម និងការិយាល័យ និង៧០ឆ្នាំសម្រាប់អគារស្នាក់នៅ។ ប៉ុន្តែអ្វីដែលជាគ្រោះថ្នាក់នោះ គឺអគារពាណិជ្ជកម្មលំដាប់កំពូលៗជាច្រើននៅពេលនេះកំពុងជិតផុតកិច្ចសន្យា ដោយនៅសល់ពេលកាន់កាប់ត្រឹមតែប្រមាណ២០ឆ្នាំ ឬតិចជាងនេះប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកវិភាគព្រមានថា វាគឺជាគ្រាប់បែកពេលវេលាកំពុងរង់ចាំតែថ្ងៃផ្ទុះប៉ុណ្ណោះ។
បញ្ហានេះកំពុងបង្កើតជាសញ្ញាសួរដល់ក្រុមអ្នកវិនិយោគ។ អ្នកជំនាញបានចាត់ទុកបញ្ហានេះ ជាឧបសគ្គ និងជាក្តីកង្វល់សម្រាប់អ្នកវិនិយោគ ព្រោះគ្មាននរណាម្នាក់ចង់បោះទុនលើអគារ ដែលជិតបាត់បង់សិទ្ធិកាន់កាប់នោះទេ។ ពួកគេបានសង្កត់ធ្ងន់ថា ភាពមិនច្បាស់លាស់ នៃគោលនយោបាយរបស់រដ្ឋាភិបាលជុំវិញលក្ខខណ្ឌ និងតម្លៃសេវាក្នុងការបន្តកិច្ចសន្យាជួលដី គឺជាកត្តារាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់ការងើបឡើងវិញ នៃវិស័យអចលនទ្រព្យទាំងមូល។ ប្រសិនបើរដ្ឋាភិបាលចិនមិនទាន់មានដំណោះស្រាយច្បាស់លាស់លើការបន្តកិច្ចសន្យាដីធ្លីនេះទេ នោះទំនុកចិត្តរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិនឹងកាន់តែដុនដាប៕
ដោយៈ សរ សុជាតិ