សហរដ្ឋអាម៉េរិក បានបង្កើនការរឹតបន្តឹង និងតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពផ្តល់ប្រាក់កម្ចីក្រៅប្រទេសរបស់ចិន ដោយបានព្រមានថា កង្វះខាតតម្លាភាពនៃការផ្តល់ប្រាក់កម្ចីរបស់ចិន កំពុងបង្កើតជាបំណុលវ័ណ្ឌក ដែលអាចវាយប្រហារសេដ្ឋកិច្ច នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យដួលរលំដោយមិនដឹងខ្លួន។ អាម៉េរិកបានបញ្ជាក់នៅក្នុងរបាយការណ៍តម្លាភាពសារពើពន្ធឆ្នាំ២០២៦ ថា ប្រទេសចិនបានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបំពេញតាមស្តង់ដាតម្លាភាពអន្តរជាតិហើយ។
អាម៉េរិកបានចេញមកសង្កត់ធ្ងន់ថា ការលាក់បាំងព័ត៌មាន លក្ខខណ្ឌកិច្ចសន្យា និងទំហំកម្ចីពិតប្រាកដរបស់ចិន កំពុងធ្វើឱ្យទំហំបំណុលសាធារណៈរបស់ប្រទេសជាច្រើនស្ថិតក្នុងភាពស្រពេចស្រពិល។ សម្រាប់អាម៉េរិកកង្វះខាតទិន្នន័យច្បាស់លាស់នេះមិនត្រឹមតែបិទបាំងហានិភ័យប៉ុណ្ណោះទេ ថែមទាំងរុញច្រានប្រទេសទន់ខ្សោយឱ្យប្រឈមនឹងការខកខាន និងខ្វះលទ្ធភាពសងបំណុល ដែលអាចបង្កើតជារលកវិបត្តិនានានៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍។
ជាការឆ្លើយតប ទីក្រុងប៉េកាំងបានច្រានចោលការរិះគន់នេះទាំងស្រុង ដោយអះអាងថា ឥណទានរបស់ខ្លួនមិនមែនជាការកេងប្រវ័ញ្ច ឬបង្កើតអន្ទាក់បំណុលដើម្បីគ្រប់គ្រងអធិបតេយ្យភាពប្រទេសដទៃនោះទេ។ ចិនបានអះអាងថា ហិរញ្ញប្បទានទាំងនោះបានប្រែក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តពិតប្រាកដដូចជាផ្លូវថ្នល់ ស្ពាន និងកំពង់ផែ ដែលបម្រើឱ្យការលូតលាស់ និងភាពរីកចម្រើនរបស់សេដ្ឋកិច្ច ហើយកិច្ចព្រមព្រៀងទាំងអស់ត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងទាំងសងខាងមិនមានការបង្ខិតបង្ខំនោះឡើយ។
ទោះជាយ៉ាងណា ផ្អែកតាមទិន្នន័យនៃការអង្កេតលើ១៣៩ប្រទេស និងដែនដីដោយក្រសួងការបរទេសអាម៉េរិកបានរកឃើញថា មានប្រទេសចំនួន ៧៣ ដែលបានបំពេញតាមស្តង់ដា ខណៈ ៦៧ប្រទេសផ្សេងទៀត មិនទាន់គ្រប់ស្តង់ដា និង ១៤ប្រទេសត្រូវបានចាត់ថ្នាក់ថា ខ្វះតម្លាភាពទាំងស្រុង។ តួលេខនេះបានស្តែងឱ្យឃើញថា សង្រ្គាមពាក្យសម្តីរវាងមហាអំណាចទាំងពីរ មិនត្រឹមតែជារឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការប៉ះទង្គិចគ្នារវាងស្តង់ដារហិរញ្ញវត្ថុលោកខាងលិច និង ចិន ដែលកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើស្ថិរភាពហិរញ្ញវត្ថុពិភពលោក៕