ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី២១ ខែឧសភា ថា លោក ផាម ញ៉ាត់ វួង ដែលបានចាប់ផ្តើមអាជីវកម្មដំបូងពីការលក់មីកញ្ចប់នៅប្រទេសអ៊ុយក្រែន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានកសាងសម្ព័ន្ធក្រុមហ៊ុន Vingroup រហូតក្លាយជាក្រុមហ៊ុនធំបំផុត និងមានប្រតិបត្តិការអាជីវកម្មស្មុគស្មាញបំផុតមួយនៅវៀតណាម។ តាមរយៈសម្ព័ន្ធក្រុមហ៊ុននេះ លោកជាម្ចាស់សណ្ឋាគារ សួនកម្សាន្ត និងក្រុមហ៊ុនរថយន្ត VinFast ដែលបានចុះបញ្ជីនៅលើផ្សារភាគហ៊ុន Nasdaq របស់សហរដ្ឋអាម៉េរិក។
ក្រោមកិច្ចព្រមព្រៀងពហុភាគី ដែលបានប្រកាសកាលពីសប្តាហ៍មុន VinFast នឹងលក់អាជីវកម្មផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ឱ្យទៅក្រុមវិនិយោគិនក្នុងតម្លៃ៥០៦លានដុល្លារ ដែលការធ្វើបែបនេះ នឹងជួយកាត់បន្ថយបន្ទុកបំណុលរបស់ក្រុមហ៊ុនបានប្រមាណ៦,៩ពាន់លានដុល្លារ។ នៅក្នុងឯកសារច្បាប់ VinFast បានបញ្ជាក់ថា យុទ្ធសាស្ត្រនេះនឹងជួយឱ្យក្រុមហ៊ុនងាកមកប្រើប្រាស់គំរូអាជីវកម្មទ្រព្យសកម្មស្រាល ដោយផ្តោតសំខាន់លើការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផលជាជាងការចំណាយលើខ្សែច្រវាក់ផលិតកម្ម។
ការដកអង្គភាពផលិតកម្មនេះចេញពីបញ្ជីហិរញ្ញវត្ថុ នឹងជួយឱ្យ Vingroup ស្ទើរតែលែងមានបំណុលទាល់តែសោះ។ គួររំលឹកថា ថ្លៃដើមផលិតកម្មខ្ពស់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យក្រុមហ៊ុនផលិតរថយន្ត EV មួយនេះ ខាតបង់ប្រាក់រហូតដល់ជិត៤ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយ VinFast ក៏មិនទាន់ដែលរកប្រាក់ចំណេញបានសោះឡើយចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៧ មក។
លោក មេឌី ចាអ៊ូឌី (Mehdi Jaouadi) អ្នកវិភាគឧស្សាហកម្មរថយន្តមកពីក្រុមហ៊ុនប្រឹក្សាយោបល់ YCP ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានលើកឡើងថា បើពិនិត្យលើទិដ្ឋភាពយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ការលក់រោងចក្រផលិតរថយន្តនេះ គឺជារឿងសមហេតុផល និងជាគ្រឹះដ៏រឹងមាំសម្រាប់ជំហានបន្ទាប់របស់ VinFast។ ប៉ុន្តែបើផ្ដោតលើទិដ្ឋភាពអភិបាលកិច្ចវិញ ការសម្រេចចិត្តនេះបានបង្កើតជាមន្ទិលសង្ស័យ និងចំណុចគួរឱ្យព្រួយបារម្ភមួយចំនួន។
ចំណុចគួរឱ្យកត់សម្គាល់មួយ គឺការចូលខ្លួនមកពាក់ព័ន្ធរបស់លោក ងៀន ហៅ ណាម (Nguyen Hoai Nam) ដែលជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ ដោយលោកបានចូលគ្រប់គ្រងភាគហ៊ុនរហូតដល់ទៅជាង៩៥% នៃក្រុមហ៊ុនដែលត្រៀមនឹងបញ្ជាទិញរោងចក្រផលិតកម្មនេះ។ លោក Nam ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Vincom Retail ដែលអតីតជាបុត្រសម្ព័ន្ធផ្នែកផ្សារទំនើបរបស់ Vingroup៕
អត្ថបទៈ សួន ឡង់ទី