វិស័យ SME

​​​តើអ្វីជាឧបសគ្គរារាំងដល់ការរីកចម្រើន​ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​?


វិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាមានការប្រែប្រួល និងរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ជាពិសេសនៅក្នុងកំឡុងពេល នៃការបិទច្រកព្រំដែនគោកជាមួយប្រទេសថៃ ដែលបានរុញច្រានឱ្យពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន។
វិស័យ SME
ដោយ

ទោះជាយ៉ាងណាក៏ដោយ វិស័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិមួយនេះនៅតែបន្តដេកដួល និងជួបប្រទះបញ្ហាប្រឈមជាច្រើនដោយម្ចាស់អាជីវកម្មជាច្រើនបានត្អូញត្អែរពីផលលំបាកក្នុងការប្រកួតប្រជែង ការពង្រីកទីផ្សារ និងខ្សែច្រវាក់ផលិតកម្ម។

ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានកត់សម្គាល់ឃើញថា ឧបសគ្គចម្បងដែលកំពុងវាយបំបាក់ឧស្សាហកម្មក្នុងស្រុកមិនឱ្យមានសមត្ថភាពប្រកួតប្រជែងជាមួយទំនិញនាំចូលបាន គឺការហូរចូលនៃទំនិញគេចពន្ធ ឬទំនិញអន់គុណភាព ការអនុវត្តពន្ធមិនស្មើភាព បញ្ហាកង្វះកម្លាំងពលកម្មជំនាញ ថ្លៃថាមពលអគ្គិសនីខ្ពស់ ព្រមទាំងនីតិវិធីរដ្ឋបាលស្មុគស្មាញ។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ផលិតកម្មក្នុងស្រុកអាចរីកចម្រើនទៅមុខបានលុះត្រាតែរាជរដ្ឋាភិបាលពង្រឹងយន្តការត្រួតពិនិត្យការនាំចូលឱ្យបានម៉ឺងម៉ាត់ និងអនុវត្តការបង់ពន្ធតាមច្បាប់ជាធរមាន។ បន្ថែមលើនេះ អ្នកជំនួញរូបនេះ ក៏បានស្នើដល់រដ្ឋាភិបាលឱ្យមានការផ្តល់ការលើកទឹកចិត្តជាពិសេសដល់ឧស្សាហកម្មណា ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ព្រោះវានឹងជួយជំរុញខ្សែច្រវាក់កសិកម្ម និងលើកកម្ពស់សេដ្ឋកិច្ចរបស់កសិករខ្មែរដោយផ្ទាល់។

ជាមួយគ្នានេះឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា កត្តារារាំងដ៏ធំដែលធ្វើឱ្យវិស័យ SME នៅកម្ពុជាពិបាកក្នុងការរីកចម្រើន គឺថ្លៃដើមផលិតកម្មខ្ពស់ នីតិវិធីស្មុគស្មាញ និងសម្ពាធនៃការហូរចូលទំនិញពីបរទេស។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា សម្ព័ន្ធសមាគម កំពុងប្រមូលចងក្រងរាល់បញ្ហាប្រឈមជាក់ស្តែងទាំងអស់ ដើម្បីរៀបចំជាផែនការយុទ្ធសាស្ត្រស្នើទៅកាន់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយរួម។ ជាមួយគ្នានេះលោកឧកញ៉ាជឿជាក់ថា វិស័យ SME អាចមានដង្ហើមទៅមុខរួចលុះត្រាតែមានការរួមគិតរួមធ្វើ ពិសេសក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់ភាពអនុគ្រោះ និងបង្កលក្ខណៈងាយស្រួលយូរអង្វែងដល់ឧស្សាហកម្មក្នុងស្រុក។

ដោយឡែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈយន្តការដាក់ចេញវិធានការបន្ទាន់ និងចាំបាច់របស់រាជរដ្ឋាភិបាល វានឹងជួយដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍន៍វិស័យ SME នៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

អ្នកជំនាញរូបនេះ ក៏ជឿជាក់ផងដែរថា ក្រសួងស្ថាប័នពាក់ព័ន្ធនឹងរឹតបន្តឹងលើការនាំចូលទំនិញពីបរទេស និងពង្រឹងការបង់ពន្ធឱ្យស្របតាមច្បាប់កំណត់។ បន្ថែមពីនេះរដ្ឋាភិបាល គួរតែបន្ធូរបន្ថយពន្ធលើការនាំចូលត្ថុធាតុដើម ដែលចាំបាច់។

ឆ្លើយតបនឹងការព្រួយបារម្ភរបស់វិស័យឯកជន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានទទួលយកមតិយោបល់ និងកង្វល់របស់ប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករក្នុងស្មារតី«រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ជាតិ»។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានប្រគល់ភារកិច្ចឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំរៀបចំ និងគិតគូរដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់បន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈម ព្រមទាំងជំរុញការលើកទឹកចិត្តដល់សហគ្រាស SME។

សម្រាប់ប្រមុខរាជរដ្ឋាភិបាល រាល់ធាតុចូល និងការរិះគន់បែបស្ថាបនាទាំងឡាយ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយបញ្ហាឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នៅក្នុងស្រុកស្ទោង

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង…

តើការយកងារបណ្ឌិត និងគ្រូធ្វើជាកម្មវត្ថុនៃការលេងសើចនៅលើបណ្តាញសង្គមអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងណាមកលើវិស័យអប់រំ?

ថ្មីៗនេះមានការវែកញែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមជុំវិញរលក នៃការបន្តុះបង្អាប់ និងយកឋានៈបណ្ឌិត និងគ្រូបង្រៀនមកធ្វើជាវត្ថុកំប្លែងលេងសើច ដែលហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ