អ្នកនាំពាក្យរបស់អង្គការដែនសមុទ្រអន្តរជាតិបានគូសបញ្ជាក់ថា ជំហររបស់អង្គការដែនសមុទ្រអន្តរជាតិ គឺម៉ឺងម៉ាត់ និងមិនផ្លាស់ប្តូរឡើយ ពោលគឺប្រឆាំងដាច់ខាតទៅនឹងការយកថ្លៃសេវាសម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រអន្តរជាតិនានា។ ស្ថាប័នស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិមួយនេះបានសង្កត់ធ្ងន់ថា គ្មានច្បាប់ ឬសន្ធិសញ្ញាអន្តរជាតិណាមួយអាចអនុញ្ញាតឱ្យប្រទេសណាមួយចាប់បង្ខំគេឱ្យបង់ប្រាក់ ដើម្បីគ្រាន់តែបានឆ្លងកាត់ផ្លូវទឹកអន្តរជាតិឡើយ។ ប្រតិកម្មពីស្ថាប័នច្បាប់កំពូលរបស់ពិភពលោកនេះបានកើតឡើងភ្លាមៗបន្ទាប់ពីលោក ត្រាំ បានប្រកាសថា យោធាអាម៉េរិកនឹងធានាសុវត្ថិភាពសម្រាប់រាល់នាវា ដែលឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស ប៉ុន្តែជាថ្នូរមកវិញអាម៉េរិកទាមទារថ្លៃសេវា២០% នៃតម្លៃទំនិញសរុប។ អត្រានេះបើគិតជាមធ្យម គឺស្មើនឹងប្រមាណ៣០លានដុល្លារអាម៉េរិកសម្រាប់នាវាដឹកប្រេងខ្នាតយក្ស១គ្រឿង។ លើសពីនេះលោក ត្រាំ ក៏បានបញ្ជាឱ្យកងទ័ពជើងទឹកអាម៉េរិកបិទខ្ទប់កំពង់ផែ និងផ្លូវនាវារបស់អ៊ីរ៉ង់ឡើងវិញផងដែរ។
ជុំវិញភាពមិនច្បាស់លាស់នេះលោក ហ៊ើបចន ហ៊ែនសុន (Herbjorn Hansson) នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនប្រេងដ៏ធំមួយបានប្រាប់សារព័ត៌មាន CNBC ថា គំនិតយកថ្លៃការពារ២០% របស់លោក ត្រាំ គឺជារឿងមិនអាចទៅរួចឡើយក្នុងពិភពជំនួញជាក់ស្តែង។ លោកបន្ថែមថា អ៊ីរ៉ង់ និងអាម៉េរិកត្រូវតែស្វែងរកកិច្ចព្រមព្រៀងរួមគ្នាលើរបៀបរបបគ្រប់គ្រងច្រកសមុទ្រនេះ ព្រោះស្ថានភាពសឹកបច្ចុប្បន្នកំពុងធ្វើឱ្យអ៊ីរ៉ង់ក៏រងទុក្ខ អាម៉េរិកក៏រងការខូចខាត ហើយប្រទេសផ្សេងទៀតចំនួន១៩២នៅលើពិភពលោក ក៏ត្រូវរងគ្រោះអន្តរាយដោយសារតែវិបត្តិច្រកសមុទ្រមួយនេះដូចគ្នា។
ជាមួយគ្នានេះលោក ជេម ក្រាស្កា (James Kraska) អ្នកជំនាញផ្នែកច្បាប់សមុទ្រអន្តរជាតិដ៏ល្បីល្បាញនៅមហាវិទ្យាល័យសង្គ្រាមកងទ័ពជើងទឹកអាម៉េរិកបានលើកឡើងថា ការទារលុយថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz គឺខុសច្បាប់សមុទ្រអន្តរជាតិទាំងស្រុង។ ពិភពលោកទាំងមូលមានសិទ្ធិស្របច្បាប់ក្នុងការឆ្លងកាត់ទីនេះដោយសេរី និងដោយគ្មានការរារាំង ឬគាបសង្កត់ផ្នែកហិរញ្ញវត្ថុឡើយ។
គួរបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅច្រកសមុទ្រ ហ័រម៉ូស បានធ្លាក់ចុះដុនដាបដល់ចំណុចគ្រោះថ្នាក់បំផុត បន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់ បានបើកការវាយប្រហារលើនាវាពាណិជ្ជកម្មជាច្រើនគ្រឿងកាលពីសប្តាហ៍មុន។ មូលហេតុ គឺដោយសារតែទីក្រុងតេអេរ៉ង់ បង្ខំឱ្យនាវាទាំងអស់ត្រូវតែបើកកាត់តាមច្រករបៀងប៉ែកខាងជើង ដែលជាដែនទឹករបស់ខ្លួន ខណៈកងទ័ពជើងទឹកអាម៉េរិក បានសម្របសម្រួលឱ្យនាវានានាធ្វើដំណើរតាមច្រករបៀងប៉ែកខាងត្បូង ស្របតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសអូម៉ង់វិញ។
ការខ្វែងគំនិតគ្នានេះ បានរុញច្រានឱ្យកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បើកការបាញ់ប្រហារដោយគ្រាប់មីស៊ីលទៅលើនាវាពាណិជ្ជកម្មទាំងឡាយណា ដែលហ៊ានជិះវាងចេញពីគន្លងផ្លូវដែលខ្លួនបានកំណត់។ ជាការសងសឹក យោធាអាម៉េរិក ក៏បានបើកការវាយប្រហារតាមអាកាសយ៉ាងសន្ធោសន្ធៅទៅលើទីតាំងយោធាអ៊ីរ៉ង់ភ្លាមៗដែរ។ ប៉ុន្តែជាការឆ្លើយតបវិញ ទីក្រុងតេអេរ៉ង់បានបាញ់ស្រោចមីស៊ីលតបតទៅលើបណ្តាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដែលកំពុងធ្វើឱ្យស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ា កាន់តែក្តៅងំ និងប្រឈមនឹងការផ្ទុះទ្រង់ទ្រាយធំគ្រប់វិនាទី៕
អទ្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស