​វិស័យ​សេដ្ឋកិច្ច

IMF ជំរុញឱ្យធ្វើកំណែទម្រង់ស៊ីជម្រៅលើកម្មវិធីឥណទាន ក្រោយបំណុលពិភពលោកកើនលើស៣៦៥ទ្រីលានដុល្លារ


ពិភពលោកកំពុងជាប់ផុងក្នុងបំណុលកាន់តែច្រើន ខណៈថ្លៃដើម នៃការខ្ចីប្រាក់ក៏កំពុងកើនឡើង​ដូចគ្នាដែរ។ បំណុលសរុបរបស់ពិភពលោកបានកើនលើស៣៦៥ទ្រីលានដុល្លារ ដោយរដ្ឋាភិបាលជាច្រើនកំពុងប្រឈម​ការចំណាយការប្រាក់កាន់តែខ្ពស់ ឱនភាពថវិកាដ៏ធំ និងរងសម្ពាធឱ្យកាត់បន្ថយការចំណាយ​។ អ្នក​ជំនាញសេដ្ឋកិច្ចបានព្រមានថា បើគ្មាន​វិធានការទប់ស្កាត់ទេ ប្រទេសមួយចំនួនអាចនឹងត្រូវខ្ចីប្រាក់បន្ថែម ដើម្បីដោះស្រាយបំណុលដែលមានស្រាប់។
​វិស័យ​សេដ្ឋកិច្ច
ដោយ

ទន្ទឹមនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងកែសម្រួលរបៀបផ្តល់ឥណទាន ដោយផ្តោតលើកំណែទម្រង់តិចជាងមុន ប៉ុន្តែកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ច ដែលកើតឡើងញឹកញាប់ជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC និង Reuters កាលពីថ្ងៃទី២៤ ខែកញ្ញា។
វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បានឱ្យដឹងថា បំណុលរបស់ពិភពលោកទាំងមូលបានកើនឡើងប្រមាណ១០ទ្រីលានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២៦។ អាម៉េរិក ជប៉ុន បារាំង និងអង់គ្លេស ស្ថិតក្នុងចំណោមសេដ្ឋកិច្ចធំៗ ដែលកំពុងប្រឈមឱនភាពថវិកាខ្ពស់ និងការកើនឡើងនៃថ្លៃដើមការប្រាក់។ កាលពីឆ្នាំមុនបណ្ដាសេដ្ឋកិច្ចជឿនលឿនបានចំណាយដល់ទៅជាង៣,៣ទ្រីលានដុល្លារលើការប្រាក់សម្រាប់មូលបត្របំណុលរដ្ឋាភិបាលដែលជួញដូរជាអន្តរជាតិ ដែលច្រើនជាងការចំណាយរបស់ពិភពលោកលើបច្ចេកវិទ្យា AI ការពារជាតិ ឬថាមពលស្អាតទៅទៀត។
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បានជំរុញឱ្យរដ្ឋាភិបាលនានាកាត់បន្ថយបំណុល និងដាក់ការរឹតបន្តឹងសារពើពន្ធជាអាទិភាព។ ទន្ទឹមនេះ មូលនិធិ IMF បានណែនាំឱ្យកែទម្រង់កម្មវិធីឥណទានឱ្យមានលក្ខខណ្ឌច្បាស់លាស់ជាងមុន វាយតម្លៃហានិភ័យបានល្អជាងមុន និងកំណត់កំណែទម្រង់ឱ្យសមស្របតាមស្ថានភាពរបស់ប្រទេសនីមួយៗ។ IMF បានលើកឡើងថា ការកែតម្រូវថវិកាគួរតែមានភាពប្រាកដនិយម និងត្រូវរក្សាកំណើនសេដ្ឋកិច្ច ព្រមទាំងការចំណាយសង្គមដើម្បីការពារប្រជាជនងាយរងគ្រោះ។
ប៉ុន្តែអង្គការ Oxfam ព្រមានថា ការកាត់បន្ថយការចំណាយកាន់តែតឹងរ៉ឹងអាចបង្កើនការលំបាក និងជះផលប៉ះពាល់ដល់សេវាសាធារណៈក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ តែយ៉ាងណា IMF បានបញ្ជាក់ថា គោលដៅនៃកំណែទម្រង់នេះ គឺដើម្បីធ្វើឱ្យកម្មវិធីឥណទានកាន់តែមានប្រសិទ្ធភាព និងជួយប្រទេសនានាសម្រេចបានស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រោយរងផលប៉ះពាល់យ៉ាងដំណំពីឥទ្ធិពលស្កេមអនឡាញ តើវិស័យអចលនទ្រព្យកម្ពុជា អាចចាយពេលប៉ុន្មានឆ្នាំទើបអាចងើបឡើងវិញ?

វិស័យអចលនទ្រព្យអាចចាត់ទុកជាវិស័យមួយ ដែលបានរងសម្ពាធធ្ងន់ធ្ងរពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញរបស់អាជ្ញាធរកម្ពុជា។ ការចាកចេ…

សង្គ្រាមនៅមជ្ឈិមបូព៌ា បានទាញទម្លាក់កំណើនសេដ្ឋកិច្ចសកលពី៣,៦% មកនៅត្រឹម២,៦%

ការរីករាលដាលនៃជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា ដែលជាផលវិបាកកើតចេញពីសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបន្តវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ