អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ បានចេញរបាយការណ៍វាយតម្លៃថា កំណើនសេដ្ឋកិច្ចពិភពលោកបានថយចុះល្បឿនយ៉ាងខ្លាំងពីកម្រិត៣,៦% ក្នុងឆមាសទីពីរ នៃឆ្នាំ២០២៥ មកនៅត្រឹម២,៦% ប៉ុណ្ណោះ ក្នុងឆមាសទី១ឆ្នាំ២០២៦។ ស្ថាប័នសេដ្ឋកិច្ចសកលមួយនេះបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងសម្ពាធធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្តាលមកពីការកើនឡើងកម្តៅនៃជម្លោះនៅមជ្ឈិមបូព៌ា និងការរង្គោះរង្គើខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារថាមពលសកល។ ទោះជាយ៉ាងណា លំហូរការវិនិយោគយ៉ាងច្រើនក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបានដើរតួនាទីជាសសរទ្រទ្រង់ ជួយទប់ទល់ និងស្តារវិស័យពាណិជ្ជកម្មសកលមិនឱ្យដួលរលំ។
ការរាំងស្ទះនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នពីបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្របានដាក់សម្ពាធលើបញ្ហាអតិផរណា ដោយបានជំរុញឱ្យតម្លៃទំនិញប្រើប្រាស់ហក់ឡើងខ្ពស់នៅទូទាំងពិភពលោក។ ផ្ទុយទៅវិញ ប្រទេសចិនបានជួយសម្រាល និងរក្សាលំនឹងទីផ្សារថាមពលសកលបានមួយកម្រិត តាមរយៈការកាត់បន្ថយបរិមាណនាំចូល និងការកាត់បន្ថយការប្រើប្រាស់ប្រេងក្នុងស្រុកជាបណ្តោះអាសន្ន។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ប្រសិនបើគ្មានការចូលរួមចំណែកពីការកើនឡើងការវិនិយោគក្នុងបច្ចេកវិទ្យា AI ដែលជួយជំរុញតម្រូវការឧបករណ៍បច្ចេកវិទ្យាជឿនលឿននៅទូទាំងពិភពលោក ជាពិសេសនៅតំបន់អាស៊ីទេ នោះសេដ្ឋកិច្ចសកលអាចនឹងធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរជាងនេះឆ្ងាយណាស់។
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ បានព្យាករថា នៅឆ្នាំ២០២៦ សេដ្ឋកិច្ចសកលនឹងសម្រេចបានកំណើនក្នុងរង្វង់២,៩% មុនងើបឡើងវិញបន្តិចដល់៣% នៅឆ្នាំ២០២៧៕
ដោយៈ សរ សុជាតិ