សារព័ត៌មាន retailnews.asia បានរាយការណ៍ថា ការតវ៉ាប្រឆាំងរបស់ពលរដ្ឋថៃ ដែលបានពុះកញ្ជ្រោលឡើងជាយូរមកហើយនោះ ពេលនេះបានដៅចំៗលើក្រុមហ៊ុនបរទេស ដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្តែត្រូវបានការពារដោយខុសច្បាប់តាមរយៈបណ្តាញខ្មៅ។ កត្តានេះទាមទារឱ្យអាជ្ញាធរថៃត្រូវរឹតបន្តឹងច្បាប់ ប្រឆាំងនឹងការកាន់កាប់ភាគហ៊ុនដោយប្រើតំណាងក្លែងក្លាយ។ ក្រុមបាតុករបានលើកគ្នាមកប្រមូលផ្តុំនៅខាងក្រៅស្ថានតំណាងបេសកកម្មទូតបរទេសនានា រួមទាំងស្ថានទូតអ៊ីស្រាអែលផងដែរ ដោយបានលាតត្រដាងពីការរំលោភច្បាប់យ៉ាងចំហលើបទប្បញ្ញត្តិអាជីវកម្ម និងច្បាប់ពលកម្មបរទេស។ បើយោងតាមច្បាប់សាជីវកម្មថៃ ការកាន់កាប់ភាគហ៊ុនដោយជនបរទេសក្នុងវិស័យសេវាកម្ម ការលក់រាយ និងកសិកម្មត្រូវបានកំហិតយ៉ាងតឹងរ៉ឹង បើគ្មានការអនុគ្រោះពិសេសពីក្រុមប្រឹក្សាភិបាល ឬកិច្ចព្រមព្រៀងទ្វេភាគីទេនោះ។
ក្រុមសកម្មជនបានចោទប្រកាន់ថា ពាណិជ្ជករបរទេសកំពុងប្រើល្បិចជួលម្ចាស់ស្រុកឱ្យធ្វើជាម្ចាស់ភាគហ៊ុនកំបាំងមុខ ដើម្បីក្ដោបក្តាប់ការគ្រប់គ្រងប្រតិបត្តិការ ដំណើរការហាងទំនិញ និងគ្រប់គ្រងខ្សែច្រវាក់ដឹកជញ្ជូនដោយផ្ទាល់ ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ។ ក្រុមបាតុករបានទាមទារដាច់ខាតឱ្យរាល់អាជីវកម្មលក់រាយ អ្នកផ្គត់ផ្គង់ និងបណ្តាញហ្វ្រេនឆាយ បរទេសទាំងអស់ ដែលកំពុងប្រតិបត្តិការតាមរយៈការបណ្តាក់ទុនរួមគ្នាត្រូវតែបង្ហាញភ័ស្តុតាង នៃការចូលរួមដើមទុនពីជនជាតិថៃពិតប្រាកដ។ ប្រសិនបើពុំមានភ័ស្តុតាងច្បាស់លាស់ទេ អាជីវកម្មទាំងនោះត្រូវតែប្រឈមមុខនឹងការបញ្ឈប់សកម្មភាពភ្លាមៗ និងលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មតែម្តង។
ទន្ទឹមនឹងនេះក្រុមពាណិជ្ជករថៃក្នុងស្រុក ក៏កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើក្រសួងពាណិជ្ជកម្មថៃឱ្យចាត់វិធានការក្តៅ ដោយអះអាងថា ក្រុមហ៊ុនបរទេសលាក់មុខទាំងនោះបានចាក់ស្រោចទំនិញនាំចូលថោកៗ ដែលទទួលបានការឧបត្ថម្ភធនចូលមកវាយលុកទីផ្សារក្នុងស្រុក និងកំពុងដំណើរការខ្សែច្រវាក់ផ្គត់ផ្គង់ខុសច្បាប់យ៉ាងអនាធិបតេយ្យ។
ការតវ៉ាទាមទារឱ្យរឹតបន្តឹងច្បាប់លើជំនួញបរទេសលាក់មុខនេះបានកើតឡើងចំពេល ដែលសេដ្ឋកិច្ចថៃទាំងមូលកំពុងធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី២ ឆ្នាំ២០២៦ សម្រេចបានត្រឹមតែ១,៩%ប៉ុណ្ណោះ ដោយសារតែថ្លៃដើមថាមពលកើនឡើងខ្ពស់ រីឯចំណូលពីវិស័យទេសចរណ៍ ដែលជាសសរទ្រូងសេដ្ឋកិច្ចជាតិ ក៏កំពុងជួបប្រទះភាពដុនដាបយ៉ាងខ្លាំងផងដែរ៕
អត្ថបទៈ សួន ឡង់ទី