សង្គ្រាមពាណិជ្ជកម្មរវាងចិន និងលោកខាងលិច កំពុងឈានចូលដំណាក់កាលថ្មី ខណៈប្រទេសចិន ចេញមុខការពារឧស្សាហកម្មរបស់ខ្លួនប្រឆាំងការចោទប្រកាន់ថា ខ្លួនកំពុងផលិតលើសតម្រូវការ និងបង្កបញ្ហាដល់ទីផ្សារពិភពលោក។ ក្រសួងពាណិជ្ជកម្មចិន បានចេញផ្សាយឯកសារគោលនយោបាយដ៏ទូលំទូលាយមួយដោយច្រានចោលការចោទប្រកាន់ដែលថា ការផលិតទ្រង់ទ្រាយធំសម្បើមរបស់ចិន គឺជាការប្រកួតប្រជែងមិនត្រឹមត្រូវ។ ភាគីចិនអះអាងថា ការរីកចម្រើនរបស់ខ្លួនកើតចេញពីបច្ចេកវិទ្យា ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានប្រសិទ្ធភាព និងតម្រូវការពិភពលោកជាក់ស្ដែង។ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក យ៉ាន តុង (Yan Dong) បានចោទថា ប្រទេសមួយចំនួនកំពុងបំប៉ោងបញ្ហា ដោយចោទថា ចិនផលិតច្រើនហួសហេតុ។
ការប្រឈមមុខដាក់គ្នានេះកើតមានឡើង ខណៈដែលភាពតានតឹងពាណិជ្ជកម្មរវាងចិន និងដៃគូពាណិជ្ជកម្មធំៗកាន់តែខ្លាំងឡើង។ សហរដ្ឋអាម៉េរិកកំពុងស៊ើបអង្កេតលើវិស័យផលិតកម្មចិនខណៈសហភាពអឺរ៉ុបកំពុងពិចារណាដាក់ចេញវិធានការថ្មីៗ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្មជាមួយចិន ដែលកំពុងកើនឡើង។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែលអះអាងថា ការគាំទ្រពីរដ្ឋាភិបាលចិន ការវិនិយោគយ៉ាងសម្បើមលើរោងចក្រធំៗ និងតម្រូវការក្នុងស្រុកខ្សោយបានធ្វើឱ្យចិន មានទំនិញតម្លៃទាបជោរជន់យ៉ាងច្រើន ដែលអាចជះផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនសហគ្រាសផលិតនៅប្រទេសផ្សេងៗ។ ប៉ុន្តែចិនបានបដិសេធយ៉ាងដាច់អហង្កា ដោយអះអាងថា ផលិតផលរបស់ខ្លួនមិនមែនជាការគំរាមកំហែងនោះទេ ប៉ុន្តែជាលទ្ធផលនៃនវានុវត្តន៍បច្ចេកវិទ្យា និងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មចិន។
ទោះជាយ៉ាងណា ប្រទេសចិនក៏កំពុងប្រឈមបញ្ហាផ្ទៃក្នុងផងដែរ ដូចជាការប្រកួតប្រជែងខ្លាំងក្នុងចំណោមក្រុមហ៊ុនការធ្លាក់ចុះតម្លៃទំនិញ និងតម្រូវការអ្នកប្រើប្រាស់ចុះខ្សោយ ដែលបានជំរុញឱ្យរដ្ឋាភិបាលចិនចាប់ផ្តើមវិធានការកាត់បន្ថយការផលិតលើសកម្រិត។ ក្រុមអ្នកវិភាគមើលឃើញថា ជម្លោះនេះអាចកាន់តែតានតឹងខ្លាំងឡើង ខណៈអាម៉េរិក និងអឺរ៉ុបកំពុងស្វះស្វែងចាត់វិធានការការពារឧស្សាហកម្មក្នុងស្រុក ខណៈចិនព្យាយាមរក្សាតំណែងជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតមួយរបស់ពិភពលោក។
សំណួរដ៏មុតស្រួចមួយសម្រាប់សេដ្ឋកិច្ចពិភពលោកនៅពេលនេះ គឺថា តើអំណាចឧស្សាហកម្មរបស់ចិន គឺជាការបង្ហាញពីការរីកចម្រើន និងនវានុវត្តន៍ ឬក៏ជាការប្រកួតប្រជែងដែលអាចគំរាមកំហែងដល់អ្នកផលិតនៅទូទាំងពិភពលោក?
ដោយ: តែម សុខុម