សារព័ត៌មាន Straits Times និង Reuters បានរាយការណ៍នៅថ្ងៃទី២៩ ខែកក្កដា ដូចគ្នាថា កិច្ចព្រមព្រៀងទិញ-លក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសបាញ់លើស្មាផលិតដោយចិន ដែលមានតម្លៃចន្លោះពី៦០ ទៅ៧០លានដុល្លារនេះ ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដ៏ធំបំផុតមួយរបស់ទីក្រុងតេអេរ៉ង់ ក្នុងការត្រៀមរនាំងការពារដែនអាកាសចម្ងាយខ្លីចាប់តាំងពីការផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលបានចោទជាចន្លោះប្រហោងសុវត្ថិភាពលើសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការការពារទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ។ ប្រភពដដែលបានឱ្យដឹងថា កិច្ចសន្យានេះរួមមានការទិញប្រព័ន្ធការពារដែនអាកាសចល័ត MANPADS ម៉ូដែល QW-12 និង FN-16 ចំនួនចន្លោះពី៣០០ទៅ៤០០គ្រឿង។
ពាក់ព័ន្ធបញ្ហានេះក្រសួងការបរទេសអ៊ីរ៉ង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ខណៈដែលក្រសួងការបរទេសចិនបានច្រានចោល និងថ្លែងថា របាយការណ៍ទាំងនេះ គឺគ្មានមូលដ្ឋានពិតទាល់តែសោះដោយអះអាងថា ប្រទេសចិនតែងតែដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញសន្តិភាព និងបញ្ចប់ជម្លោះ។
ដោយឡែកប្រភពព័ត៌មានចំនួន៦ផ្សេងទៀតដែលដឹងច្បាស់ពីស្ថានការណ៍នៅតំបន់សមុទ្រក្រហមបានទម្លាយប្រាប់ Reuters ថា ប្រទេសចិនកំពុងរៀបចំកិច្ចចរចាដោយផ្ទាល់ជាមួយក្រុមសកម្មប្រយុទ្ធហ៊ូធី នៅប្រទេសយេម៉ែន ដើម្បីសុំអនុញ្ញាតឱ្យនាវាដឹកប្រេងរបស់ខ្លួនអាចធ្វើដំណើរឆ្លងកាត់តំបន់ភាគខាងត្បូង នៃសមុទ្រក្រហម ដោយមិនរងការវាយប្រហារ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ ដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអ៊ីរ៉ង់មួយនេះបានប្រកាសយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី២០ ខែកក្កដា ថា នឹងរារាំងគ្រប់ចរាចរណ៍នាវាតាមច្រកសមុទ្រ ប៉ាប អែល-ម៉ាន់ដេប (Bab el-Mandeb)។
យ៉ាងណាមិញទីក្រុងប៉េកាំងកំពុងប្រឹងប្រែងរក្សាលំហូរនាំចេញប្រេងពីស្ថានីយប្រេងនៅសមុទ្រក្រហមរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ជាពិសេសកំពង់ផែ យ៉ានប៊ូ (Yanbu) ដើម្បីបំពេញចន្លោះខ្វះខាត នៃការផ្គត់ផ្គង់ប្រេង ដែលបណ្តាលមកពីការបិទច្រកសមុទ្រហ័រម៉ូស (Hormuz) របស់អ៊ីរ៉ង់នៅឈូងសមុទ្រពែក្ស។
ក្រសួងដឹកជញ្ជូនរបស់ចិន និងការិយាល័យព័ត៌មានរបស់ក្រុមសកម្មប្រយុទ្ធហ៊ូធី រួមទាំងក្រសួងការបរទេសអ៊ីរ៉ង់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ។ ទោះជាយ៉ាងណាបើយោងតាមទិន្នន័យតាមដាននាវារបស់ LSEG និង MarineTraffic បានបង្ហាញថា ចាប់តាំងពីក្រុមហ៊ូធី បានប្រកាសពីការរឹតបន្តឹងមកយ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួន៤គ្រឿងបានផ្ទុកប្រេងឆៅចេញពីកំពង់ផែអារ៉ាប៊ីសាអូឌីត ឆ្ពោះទៅប្រទេសចិន ដោយបានឆ្លងកាត់ច្រក ប៉ាប អែល-ម៉ាន់ដេប ដោយសុវត្ថិភាព៕
អត្ថបទៈ សួន ឡង់ទី