កិច្ចព្រមព្រៀងសន្តិភាព

ស្របពេលអាម៉េរិក-អ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព តើពន្លឺសន្ដិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងរះឡើង ឬក៏បន្ដងងឹតសូន្យសុង?


ខណៈដែលវិបត្តិសង្គ្រាមដ៏ក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ា បានឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ប៉ុន្តែងាកទៅមើលសង្គ្រាមដ៏រ៉ាំរ៉ៃរវាងរុស្ស៊ី និងអ៊ុយក្រែនវិញហាក់នៅតែបន្តស្ថិតក្នុងភាពងងឹតសូន្យសុង និងមិនទាន់ឃើញកោះត្រើយសន្តិភាពបាននៅឡើយទេ ក្រោយការវាយប្រហារគ្នាអស់រយៈពេលជាង៤ឆ្នាំកន្លងមកនេះ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) កំពុងដុតដៃដុតជើងប្រវេប្រវារកគ្រប់វិធីសាស្ត្រ ដើម្បីបើកច្រកចរចាសន្តិភាពជាមួយរុស្ស៊ី។
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបពិភាក្សាតាមទូរសព្ទដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីស្វែងរកកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបិទបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាង៤ឆ្នាំកន្លងមកនេះ មុនកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ចាប់ផ្តើមឡើងនៅសប្តាហ៍នេះ។ នៅក្នុងសារជូនពរលោក ត្រាំ ក្នុងឱកាសខួបកំណើតគម្រប់៨០ឆ្នាំ មេដឹកនាំអ៊ុយក្រែន បានរំលេចឡើងនូវចំណុចយុទ្ធសាស្ត្រសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចសហការរវាងលោក និងលោក ត្រាំ ក្នុងបេសកកម្មបញ្ចប់មហិច្ឆតាសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន។

លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា ការឈរនៅពីក្រោយខ្នងរបស់សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តអឺរ៉ុប ក្នុងការជួយជ្រោមជ្រែងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន គឺជារឿងគន្លឹះដ៏មានតម្លៃបំផុត។ លោក បានអះអាងថា នេះគឺជាអ្វីដែលប្រជាជាតិអ៊ុយក្រែនទាំងមូលចង់បាន ហើយវាក៏ជារឿងចាំបាច់ដែលអាម៉េរិក គួរតែបន្តគាំទ្រឱ្យអស់ពីទំហឹង ចំពោះបំណងប្រាថ្នាចង់បានសន្តិភាពមួយប្រកបដោយយុត្តិធម៌ និងសមរម្យ។

ដើម្បីបំបែកភាពទាល់ច្រក និងស្វែងរកសន្តិភាពជាមួយទីក្រុងម៉ូស្គូ លោក ហ្សេឡិនស្គី ថែមទាំងបានផ្ញើលិខិតចំហមួយច្បាប់ជូនទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីពេលថ្មីៗទៀតផង។ នៅក្នុងលិខិតនោះ មេដឹកនាំអ៊ុយក្រែន បានអំពាវនាវឱ្យមានជំនួបចរចាទល់មុខគ្នា ដើម្បីស្វែងរកបទឈប់បាញ់ភ្លាមៗ ដែលការអំពាវនាវនេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មេដឹកនាំអឺរ៉ុបផងដែរ។

ទោះជាយ៉ាងណាសំណើនេះ បានត្រឹមរងការខកចិត្ត ដោយលោក ពូទីន បានឆ្លើយតបយ៉ាងសោះអង្គើយថា លោកគ្មានតម្រូវការ ឬភាពចាំបាច់ណាមួយ ដែលត្រូវជួបជាមួយលោក ហ្សេឡិនស្គី នោះឡើយ។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ នៅតែបន្តរក្សាជំហររឹងត្អឹងដោយបង្ខំឱ្យអ៊ុយក្រែន កាត់ប្រគល់ទឹកដីបន្ថែមជាថ្នូរនឹងការបញ្ឈប់សង្គ្រាម ជាលក្ខខណ្ឌមួយ ដែលទីក្រុងគៀវ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ និងមិនអាចទទួលយកបានជាដាច់ខាត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការបន្តហូរទំនិញថៃ ខុសច្បាប់ ចូលមកទីផ្សារកម្ពុជា អ្នកជំនាញ ស្នើឱ្យវះកាត់មន្ត្រីនៅតាមព្រំដែន ដែលអសមត្ថភាព

ស្របពេលអាជ្ញាធរកំពុងដុតដៃដុតជើងចុះបង្ក្រាបការនាំចូល និងចែកចាយទំនិញខុសច្បាប់នាំចូលពីប្រទេសថៃ ជាពិសេសសាច់បង្កក និងផលិតផលក្លែងបន្លំគុណភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ