ប្រទេសជប៉ុន បានចាប់ផ្តើមគម្រោងសាកល្បងមួយដែលដឹកនាំដោយក្រុមហ៊ុន Mitsubishi Electric ក្នុងការរុះរើម៉ាស៊ីនត្រជាក់ចាស់ៗ ដើម្បីទាញយកសារធាតុរ៉ែកម្រពីក្នុងម៉ាស៊ីន។ ដំណើរការនេះ រួមមាន ការរុះរើកុំប្រេស័រ និងទាញយកមេដែកដែលមានធាតុដូចជា នីអូឌីម្យូម ដែលអាចកែច្នៃឡើងវិញប្រើក្នុងផលិតផលថ្មី។ ក្រុមហ៊ុននេះអះអាងថា សម្ភារៈកែច្នៃនេះអាចផ្គត់ផ្គង់បានប្រមាណ ៣៥% នៃតម្រូវការរ៉ែកម្រសម្រាប់ផលិតម៉ាស៊ីនត្រជាក់ថ្មី។ ទោះជាយ៉ាងណាក្រុមអ្នកវិភាគឧស្សាហកម្មចិន បានចំអកថា ផែនការនេះគ្មានភាពប្រាកដនិយម និងគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយច្រើនជាងដំណោះស្រាយសេដ្ឋកិច្ចជាក់ស្តែង។
ក្រុមអ្នកវិភាគអះអាងថា ម៉ាស៊ីនត្រជាក់នីមួយៗផ្ទុករ៉ែកម្រតិចតួចណាស់ ខណៈការប្រមូល ការរុះរើ និងការចម្រាញ់ត្រូវចំណាយខ្ពស់ខ្លាំង ដែលអាចលើសពីតម្លៃ នៃការនាំចូលវត្ថុធាតុដើមផ្ទាល់ទៅទៀត។ ក្រុមអ្នកវិភាគបានបន្ថែមថា ការកែច្នៃឡើងវិញភាគច្រើនអាចទាញយកបានតែរ៉ែកម្រស្រាលប៉ុណ្ណោះ ខណៈរ៉ែកម្រធ្ងន់ ដែលមានតម្លៃខ្ពស់ និងមានសារៈសំខាន់សម្រាប់រថយន្តអគ្គិសនី និងប្រព័ន្ធយោធា ស្ទើរតែមិនមាននៅក្នុងសំណល់ម៉ាស៊ីនត្រជាក់។ បន្ថែមពីនេះមានតែម៉ាស៊ីនត្រជាក់ប្រភេទអ៊ិនវើទ័រ (Inverter) ប៉ុណ្ណោះដែលមានមេដែករ៉ែកម្រ ដូច្នេះសក្តានុពលផ្គត់ផ្គង់សរុបនៅតែមានកម្រិត ទោះបីជាជប៉ុន ពង្រីកគម្រោងនេះក៏ដោយ។
ក្រុមអ្នកវិភាគចិនបានសង្កត់ធ្ងន់ថា បញ្ហាពិតប្រាកដមិនមែនស្ថិតនៅលើធនធាននោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពចម្រាញ់ និងកែច្នៃដែលចិននៅតែគ្របដណ្តប់លើសលប់លើខ្សែច្រវាក់ផ្គត់ផ្គង់ទូទាំងពិភពលោក។ ពួកគេបានបន្ថែមថា ទោះបីជាជប៉ុនព្យាយាមពង្រីកការកែច្នៃ និងរុករកធនធានថ្មីៗយ៉ាងណាក៏ដោយ ក៏អាចគ្រាន់តែបន្ថយសម្ពាធផ្លូវចិត្ត និងបង្កើនសន្តិសុខធនធានលើក្រដាស ប៉ុណ្ណោះ ពោលគឺមិនមែនជាដំណោះស្រាយដ៏រឹងមាំ និងប្រាកដប្រជាក្នុងរយៈពេលវែងនោះឡើយ។ការជជែកវែកញែកនេះកើតឡើងចំពេលដែលប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្យលើការនាំចេញសម្ភារៈពាក់ព័ន្ធរ៉ែកម្រទៅកាន់ប្រទេសជប៉ុន៕
ដោយ: តែម សុខុម