វិស័យការពារជាតិ

ជប៉ុន កំពុងពន្លឿនការផ្ទេរនាវាពិឃាតឱ្យហ្វីលីពីន ស្របពេលជម្លោះនៅសមុទ្រចិនខាងត្បូងឡើងកម្តៅខ្លាំង


ស្របពេលជម្លោះដែនទឹកនៅសមុទ្រចិនខាងកើត និងខាងត្បូង កំពុងមានភាពរកាំរកូសខ្លាំង ទីក្រុងតូក្យូ បានសម្រេចពង្រឹងសម្ពន្ធភាពយោធាជាមួយទីក្រុងម៉ានីល កាន់តែស្អិតរមួត។ យោងតាមសារព័ត៌មាន CNA ជប៉ុន កំពុងត្រៀមរៀបចំជំរុញការផ្ទេរនាវាពិឃាត និងបរិក្ខារយោធាសំខាន់ៗទៅឱ្យហ្វីលីពីន ឱ្យបានមុនកាលកំណត់ ដើម្បីជួយបង្កើនសមត្ថភាពការពារជាតិរបស់ប្រទេសដែនកោះមួយនេះ។ តើការផ្ទេរអាវុធយុទ្ធសាស្ត្រនេះមានអត្ថន័យយ៉ាងណាចំពោះសន្តិសុខក្នុងតំបន់?
វិស័យការពារជាតិ
ដោយ

ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងម៉ានីល កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី(Shinjiro Koizumi) បានសន្យាថា ខ្លួននឹងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយហ្វីលីពីន ឱ្យដល់កម្រិតខ្ពស់បំផុត។ ចំណុចស្នូលនៃកិច្ចពិភាក្សានេះ គឺការជំរុញនីតិវិធីផ្ទេរនាវាពិឃាតប្រភេទ Abukuma ឱ្យបានឆាប់រហ័សមុនការកំណត់ ដែលបានព្រមព្រៀងគ្នាពីមុន។

អ្នកវិភាគបានលើកឡើងថា យុទ្ធសាស្ត្រការទូតយោធានេះ កើតឡើងចំពេលដ៏សំខាន់ ដែលកោះសេប៊ូ (Cebu) របស់ហ្វីលីពីន កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅសប្តាហ៍ នេះ។ ដំណើរទស្សនកិច្ចនេះ ក៏បានធ្វើឡើងស្របពេល ដែលកងកម្លាំងជប៉ុន ចំនួន១,៤០០នាក់កំពុងចូលរួមជាលើកដំបូងក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន និងត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងតូក្យូ បានកែសម្រួលច្បាប់នាំចេញអាវុធរបស់ខ្លួន។

លោក កូអ៊ីហ្ស៊ូមី បានបញ្ជាក់ថា ក្រៅពីនាវាពិឃាតប្រភេទ Abukumaជប៉ុន ក៏បានយល់ព្រមបន្តការពិភាក្សាលើការផ្ទេរយន្តហោះល្បាតប្រភេទTC-90 និងឧបករណ៍ការពារជាតិ ទំនើបៗផ្សេងទៀតទៅឱ្យហ្វីលីពីនផងដែរ។

ទោះបីជានាវាពិឃាតប្រភេទ Abukuma ត្រូវបានជប៉ុន ដាក់ឱ្យចូលនិវត្តន៍ពីកងនាវាខ្លួនក៏ដោយ ប៉ុន្តែហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទទួលបាននាវាទាំងនេះ។ រដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន លោកជីលប៊ឺតូ តេដូរ៉ូ (Gilberto Teodoro) បានលើកឡើងថា ហ្វីលីពីន ចង់ឱ្យការផ្ទេរនេះធ្វើឡើងក្នុងទម្រង់ជាការបរិច្ចាគ។

យ៉ាងណាមិញយោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ការផ្តល់ជូននេះអាចនឹងធ្វើឡើងក្រោមក្របខណ្ឌជំនួយឥតសំណង ឬក្នុងអត្រាបញ្ចុះតម្លៃពិសេសបំផុត ដែលស្របទៅតាមច្បាប់ការពារខ្លួន និងគោលនយោបាយសន្តិសុខថ្មីរបស់ជប៉ុន ក្នុងការជួយដល់ប្រទេសដៃគូក្នុងតំបន់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន ត្រូវបានគេមើលឃើញថា នឹងក្លាយជាអ្នកស្រោចស្រង់សន្តិភាពថ្មីក្នុងសង្គ្រាមអ៊ីរ៉ង់ ក្រោយការសម្របសម្រួលរបស់ប៉ាគីស្ថានទាល់ច្រក

ខណៈដែលកិច្ចប្រឹងប្រែងសម្របសម្រួលសន្តិភាពរបស់ប៉ាគីស្ថាន ក្នុងវិបត្តិសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ហាក់កំពុងជួបស្ថានភាពទាល់ច្រក…

លទ្ធផលសិក្សាមួយបង្ហាញថា កសិករថៃ ជាងពាក់កណ្ដាល គ្មានលទ្ធភាពដោះបំណុលរួច ទោះប្រឹងសងដល់ស្លាប់

វិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចថៃ កំពុងធ្លាក់ចូលក្នុងវិបត្តិបំណុលយ៉ាងធ្ងន់ធ្ងរ។ លទ្ធផលសិក្សាចុងក្រោយមួយបានទម្លាយឱ្យដឹងថាកសិករថៃ ជាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ