ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងតំណាងជាន់ខ្ពស់ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ជាច្រើនរូប។
កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីរៀបចំប្រព័ន្ធទូទាត់សេវាសាធារណៈក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់ ឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។
គោលបំណង និងអត្ថប្រយោជន៍ចម្បង នៃការសហការនេះ មានដូចខាងក្រោម៖
- ផ្តល់ភាពងាយស្រួល សម្រាប់ប្រតិបត្តិករទេសចរណ៍៖ អាជីវករ ប្រតិបត្តិករ និងសាធារណជនអាចបង់កម្រៃសេវាសាធារណៈ ឬអាជ្ញាបណ្ណផ្សេងៗ ដែលចេញដោយក្រសួងទេសចរណ៍ បានយ៉ាងឆាប់រហ័ស តាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) អេស៊ីលីដា អ៊ីនធឺណែត ទូទាត់តាមប្រព័ន្ធ X-Pay, Deeplink Mini App, KHQR, MPGS (International Payment Gateway) និងតាមបញ្ជរធនាគារ ឬនៅតាមបណ្តាសាខាការិយាល័យ ប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅទូទាំងប្រទេស។
- តម្លាភាព និងប្រសិទ្ធភាព៖ កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ បង្កើនតម្លាភាព និងកាត់បន្ថយពេលវេលាក្នុងការរង់ចាំ។
- ការគាំទ្រការធ្វើបដិវត្តកម្មឌីជីថល៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្ថាប័នរដ្ឋ ដើម្បីឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ច និងសង្គមឌីជីថល។
កិច្ចសហប្រតិបត្តិការនេះ ជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ ដោយបំពាក់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ និងអាជីវករឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។