តែយ៉ាងណាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា បញ្ហានេះមិនបានចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់ទំនិញ ដែលមានឯកសារស្របច្បាប់ត្រឹមត្រូវនោះទេ ប៉ុន្តែប្រសិនបើបញ្ហានេះបន្តអូសបន្លាយពេលយូរវាអាចប៉ះពាល់ដល់លំហូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ស្ថាប័នជំនាញកំពុងខិតខំសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនវៀតណាម អាចប្រព្រឹត្តទៅបានតាមប្រក្រតីភាពឡើងវិញ។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស បានគូសបញ្ជាក់ថា ចាប់តាំងពីគយវៀតណាម បានបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យឯកសារទំនិញចេញចូលឆ្លងកាត់ប្រទេសខ្លួនមកបានធ្វើឱ្យទំនិញដឹកជញ្ជូនពីប្រទេសទី៣ ឆ្លងកាត់វៀតណាម ចូលមកកម្ពុជា មួយចំនួនកកស្ទះនៅព្រំដែនវៀតណាម។
បើតាមអ្នកជំនាញរូបនេះ ទំនិញដែលរងការកកស្ទះនោះ ភាគច្រើនជាប្រភេទទំនិញដែលធ្លាប់នាំចូលតាមច្រករបៀង ដែលមិនមានបែបបទច្បាស់លាស់កន្លងមក ខណៈទំនិញដែលមានឯកសារ និងបែបបទត្រឹមត្រូវតាមច្បាប់ គឺពុំមានបញ្ហាការកកស្ទះធ្ងន់ធ្ងរឡើយ។ តែទោះជាយ៉ាងណាអ្នកជំនាញរូបនេះបានវាយតម្លៃថា ប្រសិនបើបញ្ហានេះបន្តអូសបន្លាយពេលយូរ នោះវាអាចជះផលប៉ះពាល់ដល់លំហូរពាណិជ្ជកម្មអន្តរជាតិជារួមរបស់កម្ពុជា ជាក់ជាមិនខាន។
ជាមួយគ្នានេះ ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងថា បញ្ហាកកស្ទះទំនិញ ដោយសារការរឹតបន្តឹងរបស់គយវៀតណាម នៅតែបន្តមកទល់ពេលនេះ ខណៈប្រភេទទំនិញដែលមិនតម្រូវឱ្យឆ្លងកាត់ការពិនិត្យ ត្រូវបានគយវៀតណាម ដំឡើងថ្លៃសេវាបន្ថែមចាប់ពី៣០ដុល្លារក្នុង១ទូកុងតឺន័រឡើងទៅផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើបញ្ហានេះបន្តអូសបន្លាយ វាអាចធ្វើឱ្យតម្លៃដឹកជញ្ជូនមានការកើនឡើងដោយបច្ចុប្បន្នទំនិញមួយចំនួនត្រូវបានបង្វែរការដឹកជញ្ជូនពីតាមផ្លូវគោកចូលទៅផ្លូវទឹកវិញ ដើម្បីអាចចូលមកប្រទេសកម្ពុជា បាន។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ថា ទំនិញកម្ពុជា មួយចំនួន ពិតជាកំពុងជួបបញ្ហាកកស្ទះនៅតាមព្រំដែនវៀតណាម ពិតប្រាកដមែន ដោយសារការរឹតបន្តឹងការត្រួតពិនិត្យរបស់គយវៀតណាម។ ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្ម និងស្ថាប័នជំនាញកំពុងរកដំណោះស្រាយជួយសម្របសម្រួលដល់ពាណិជ្ជករ ជាពិសេសទំនិញដែលឆាប់ខូច ឬប៉ះពាល់ដល់កាលបរិច្ឆេទនៃការប្រើប្រាស់តែម្តង។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈតំណាងពាណិជ្ជកម្មកម្ពុជា ប្រចាំវៀតណាម បានធ្វើការយ៉ាងជិតស្និតជាមួយស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីតពិនិត្យ និងស្វែងយល់ពីបញ្ហាជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនវៀតណាម អាចប្រព្រឹត្តទៅបានតាមប្រក្រតីភាពឡើងវិញ។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី១ ខែមិថុនា មក គយវៀតណាម បានបង្កើនការរឹតបន្តឹងការត្រួតពិនិត្យទំនិញទាំងឡាយណា ដែលដឹកចេញ-ចូលពីប្រទេសទី៣ ឆ្លងកាត់វៀតណាម ក្រោមហេតុផលជាច្រើនពាក់ព័ន្ធនឹងការងារប្រមូលពន្ធ ការងារសន្តិសុខផ្ទៃក្នុង និងការអនុវត្តច្បាប់តឹងរ៉ឹងទាក់ទងនឹងការផ្លាស់ប្តូររបៀបរបបត្រួតពិនិត្យរបស់ស្ថាប័នគយ និងស្ថាប័នប្រចាំការនៅព្រំដែនវៀតណាម៕